ការជួសជុលប្រាសាទបាយក្អែក ក្នុងខេត្តសៀមរាប គ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា (Video Inside)
ការជួសជុលប្រាសាទបាយក្អែកក្នុងខេត្តសៀមរាប គ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ។ ប្រាសាទ បាយក្អែកដែលស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត មុននេះបានដួលរលំទាំងស្រុង ដោយសារអាយុកាល, អាកាសធាតុ, សង្គ្រាមនិងកត្តាមនុស្ស។ប្រាសាទបុរាណខ្មែរនេះ ត្រូវបាននិងកំពុងធ្វើការជួសជុល និងរៀប ចំ លើក កម្ពស់សោភ័ណភាពប្រាសាទ, ទេសភាពវប្បធម៌សំដៅរក្សាតុល្យភាពរវាងការងារអភិរក្ស និងការងារ អភិវឌ្ឍន៍ ប្រកបដោយចីរភាព។
បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ លោក ស្រ៊ុន តិច បានថ្លែងថា ប្រាសាទបាយក្អែកត្រូវបានជួសជុលចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១ និងរហូតមកទល់ពេលនេះ ដំណើរការជួសជុលដែលទើបបានរយៈពេលប្រមាណ៥ ខែរួមមកហើយ បានសម្រេចជាង ៦០ភាគរយហើយ។ ការជួសជុលប្រាសាទបុរាណនេះ គ្រោងនឹងបញ្ចប់នៅ២ ខែខាងមុខនេះ។
មន្ត្រីអភិរក្សប្រាសាទអង្គរបានថ្លែងទៀតថាដំណើរការជួសជុលពង្រឹងសំណង់ប្រាសាទបុរាណនេះត្រូវក្រុមការ ងារបច្ចេកទេសបានប្រកាន់យកគោលការណ៍អភិរក្ស, គោរពតាមអនុសាសន៍របស់អ្នកជំនាញអាយស៊ីស៊ី-អង្គរ និងគោរពតាមធម្មនុញ្ញអង្គរ ក្នុងគោលដៅរក្សារូបរាង ឬទម្រង់ស្ថាបត្យកម្មដើមរបស់ប្រាសាទ។ ការងារជួស ជុលនេះ ក្រុមការងារបានព្យាយាមប្រើប្រាស់ថ្មចាស់ៗឡើងវិញ ហើយជំនួសថ្មថ្មីក្នុងកម្រិតប្រមាណពី ១០ទៅ ១៥ ភាគរយផងដែរ។