AVIVoice Ep 32: តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជា

អត្ថបទដោយ៖
AMS

អាស៊ានទើបតែទទួលស្វាគមន៍ការមកដល់របស់ចក្រភពអង់គ្លេស ក្នុងនាមជាដៃគូសន្ទនាទី១១ របស់ខ្លួន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាជិកអាស៊ាន និងចក្រភពអង់គ្លេស។ ការទទួលស្វាគមន៍នូវតួនាទីថ្មីរបស់ចក្រភពអង់គ្លេសនៅក្នុងតំបន់អាស៊ាននេះ គឺជាសញ្ញាណវិជ្ជមានមួយដែលអាស៊ានអាចនឹងទទួលបានផលប្រយោជន៍ជាច្រើនលើគ្រប់វិស័យពីដៃគូសន្ទនាមួយនេះ ជាពិសេសវិស័យសេដ្ឋកិច្ច វប្បធម៌ ក៏ដូចជានយោបាយក្នុងតំបន់ ផងដែរ។ លើសពីនេះ ក្នុងនាមជាសមាជិកអាស៊ានមួយរូបកម្ពុជាក៏កំពុងតែត្រៀមខ្លួនជាពិសេស ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយនឹងចក្រភពអង់គ្លេស ហើយក៏បាននឹងកំពុងត្រៀមខ្លួនឲ្យមានកិច្ចចរចារលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់បន្ថែមទៅលើភាពជាដៃគូសន្ទនាថ្មីរវាងអាស៊ាន និងចក្រភពអង់គ្លេស ក៏ដូចជាផលប្រយោជន៍ចម្បងសម្រាប់អាស៊ាន និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសទៅលើវិស័យសេដ្ឋកិច្ច នាពេលអនាគត ផងដែរ។



សំណួរទី១៖ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនាទី១១។ តើអាស៊ានបានមើលឃើញនូវគុណសម្បត្តិ ក៏ដូចជាផលប្រយោជន៍អ្វីខ្លះពីចក្រភពអង់គ្លេស ទើបសម្រេចទទួលចក្រភពអង់គ្លេសចូលជាដៃគូសន្ទនាថ្មីរបស់ខ្លួន?

ថ្មីៗនេះចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាទី១១ របស់អាស៊ាន ដែលយើងឃើញហើយថាការចូលជាដៃគូសន្ទនាថ្មីរបស់ចក្រភពអង់គ្លេសនេះ វាគឺជាសញ្ញាមួយបង្ហាញពីដំណើរវិជ្ជមាននៃទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេសផ្ទាល់តែម្ដង។ ដោយឡែក បើយើងនិយាយអំពីគុណសម្បត្តិដែលអាស៊ានអាចទទួលបានពីភាពជាដៃគូថ្មីនេះគឺ យើងឃើញថាច្បាស់ណាស់អាស៊ាននឹងទទួលបានផលប្រយោជន៍ផ្នែកនយោបាយ ព្រោះថាចក្រភពអង់គ្លេសគឺជាមហាអំណាចមួយរូបនៅលើឆាកអន្តរជាតិ ហើយអង់គ្លេសក៏ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ ដូចនេះ ពាក់ព័ន្ធជាមួយនឹងវិស័យនយោបាយ អាស៊ានអាចចាប់យកផលប្រយោជន៍ផ្សេងៗពីចក្រភពអង់គ្លេស។ មួយវិញទៀត ផលប្រយោជន៍សេដ្ឋកិច្ច គឺជាអ្វីចម្បងដែលភាគីទាំងពីរព្យាយាមជំរុញ។ យើងឃើញថាអង់គ្លេសគឺជាមហាអំណាចសេដ្ឋកិច្ចមួយរូប ហើយអាស៊ានក៏ជាទីផ្សារធំមួយ មិនថាសម្រាប់ចក្រភពអង់គ្លេសទេ ក៏ដូចជាសម្រាប់ប្រទេសផ្សេងៗនៅលើសកលលោក ជាពិសេសគឺមហាអំណាចតែម្ដង។ ការជំរុញភាពជាដៃគូសន្ទនានេះ អាចនឹងជំរុញសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀតរវាងអាស៊ាន ក៏ដូចជាចក្រភពអង់គ្លេស។ 

សូមបញ្ជាក់ថា ចក្រភពអង់គ្លេសចាំបាច់ត្រូវតែជំរុញសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងដៃគូផ្សេងៗ ដោយហេតុថាចក្រភពអង់គ្លេសបានលែងលះគ្នាដាច់ស្រេចជាមួយនឹងសហភាពអឺរ៉ុប កាលពីដើមឆ្នាំ២០២០ រួចមកហើយ។ ដូច្នេះការជំរុញសកម្មភាពសេដ្ឋកិច្ចឡើងវិញគឺជាកត្តាចាំបាច់សម្រាប់ចក្រភពអង់គ្លេស។ គុណសម្បត្តិ ឬក៏ផលប្រយោជន៍មួយទៀតដែលខ្ញុំមើលឃើញដែរនោះគឺ ទាក់ទងមួយនឹងផ្នែកវប្បធម៌។ ចក្រភពអង់គ្លេស គឺជាប្រទេសមួយដែលមានវប្បធម៌ចំណាស់មួយនៅលើពិភពលោក។ ម្យ៉ាងប្រទេសនៅក្នុងតំបន់អាស៊ាន ក៏ជាប្រទេសដែលមានវប្បធម៌ចំណាស់ផងដែរ ហើយម្យ៉ាងស្របទៅតាមលក្ខខ័ណ្ឌ ក៏ដូចជាគោលនយោបាយរបស់អាស៊ាន ក្នុងការជំរុញនូវវប្បធម៌របស់អាស៊ាន និងគោលនយោបាយការបរទេសវប្បធម៌ ផងដែរនោះ ការចូលជាភាពជាដៃគូសន្ទនារវាងភាគីទាំងពីរនេះនឹងជំរុញបន្ថែមទៀតទៅលើវិស័យវប្បធម៌របស់អាស៊ាន ក៏ដូចជាចក្រភពអង់គ្លេសផ្ទាល់តែម្ដង។

សំណួរទី២៖ បើតាមគំនិតរបស់លោក នៅថ្ងៃអនាគត តើអាស៊ាន និងចក្រភពអង់គ្លេសអាចនឹងដំឡើងទំនាក់ទំនងរបស់ខ្លួនទៅជាភាពជាដៃគូយុទ្ធសាស្រ្ត ដូចដែលអាស៊ាន និងសហភាពអ៊ឺរ៉ុបបានធ្វើដែរឬទេ?

ខ្ញុំយល់ថា វាអាស្រ័យទៅលើការប្ដេជ្ញារបស់ភាគីទាំងពីរ ហើយម្យ៉ាងទៀតវាអាស្រ័យទៅលើឆន្ទៈនយោបាយរបស់បណ្តាថ្នាក់ដឹកនាំរបស់អាស៊ាន ក៏ដូចជាថ្នាក់ដឹកនាំរបស់ចក្រភពអង់គ្លេស ផងដែរ។ ប៉ុន្តែខ្ញុំឃើញថា ភាពជាដៃគូសន្ទនាទី១១ របស់ចក្រភពអង់គ្លេសចូលទៅក្នុងអាស៊ាននេះ វាជាសញ្ញាមួយល្អដែលទៅថ្ងៃអនាគត។ ហើយវាអាចដែរ ដែលទំនាក់ទំនងនេះអាចនឹងប្រែក្លាយទំនាក់ទំនងនេះទៅជាទំនាក់ទំនង ឬក៏ភាពជាដៃគូយុទ្ធសាស្ត្រ ផងដែរ។ នៅពេលដែលទំនាក់ទំនងរបស់ភាគីទាំងពីរជំរុញរហូតទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រនោះការគាំទ្រផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច ក៏ដូចជានៅលើវិស័យនានានឹងជំរុញកាន់តែស៊ីជម្រៅថែមទៀត។

សំណួរទី៣៖ តើការផ្ដល់ភាពជាដៃគូសន្ទនាដល់ចក្រភពអង់គ្លេសអាចជាយន្តការមួយរបស់អាស៊ាន ក្នុងការសម្របសម្រួល និងកាត់បន្ថយភាពតានតឹងរបស់អាស៊ានឲ្យមានតុល្យភាព នៅក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិននៅក្នុងតំបន់ដែរឬទេ?

តំបន់អាស៊ីអាគ្នេយ៍ ឬក៏អាស៊ាន បច្ចុប្បន្ននេះកំពុងតែប្រឈមនឹងការឡើងកំដៅនៃភូមិសាស្ត្រនយោបាយ ជាពិសេសគឺរវាងការប្រកួតប្រជែកគ្នារបស់សហរដ្ឋអាមេរិក និងចិនតែម្ដង។ ប៉ុន្តែបើយើងមើល អំពីការចាប់យកភាពជាដៃគូសន្ទនាជាមួយនឹងចក្រភពអង់គ្លេសនេះវិញ យើងអាចនិយាយបានការចាប់យកចក្រភពអង់គ្លេសចូលមកជាដៃគូសន្ទនាទី១១ របស់អាស៊ាននេះវាអាចនឹងជំរុញឲ្យមានភាពធូរស្រាល ផងដែរ ទៅលើភាពតានតឹងរវាងសហភាពអឺរ៉ុប និងប្រទេសចិន ឬមួយក៏រវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសចិន។ ដោយហេតុថាចក្រភពអង់គ្លេសអាចដើរតួនាទីជាអ្នកសម្របសម្រួលមួយរូប ដើម្បីជំរុញឲ្យមានការធូរស្រាលនៃភាពតានតឹងនេះ។ ម្យ៉ាងខ្ញុំសូមបញ្ជាក់បន្តិចដែរថា ចក្រភពអង់គ្លេសអាចនឹងដើរតួនាទីសំខាន់មួយដែរ ជាពិសេសនៅក្នុងបរិបទនៃយុទ្ធសាស្ដ្រឥណ្ឌូ-ប៉ាស៊ីហ្វិក ពីព្រោះថាសហភាពអឺរ៉ុបក៏ដូចជាសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីជាដើម បានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករៀងៗខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍។ ម្យ៉ាង អាស៊ានផ្ទាល់ក៏មានយន្តការឥណ្ឌូ-ប៉ាស៊ីហ្វិកមួយផ្ទាល់របស់ខ្លួនដែរ។ ដូច្នេះ ភាពជាដៃគូសន្ទនានេះ អាចនឹងជំរុញបន្ថែមទៀតនូវការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាជំរុញឲ្យតំបន់នេះក្លាយទៅជាតំបន់មួយដែលមានការរីកចម្រើនលើគ្រប់វិស័យផងដែរ។

សំណួរទី៤៖ កាលពីដើមសប្ដាហ៍មុន ចក្រភពអង់គ្លេសបានផ្ដល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជាចំនួនជាង ៤១៥,០០០ដូស ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ តើការផ្ដល់ជំនួយមនុស្សធម៌ពីរាជរដ្ឋាភិបាលអង់គ្លេសនេះ អាចជាសញ្ញាមួយក្នុងការចងចំណងមិត្តភាព និងបង្កើនភាពស្និទ្ធស្នាលជាមួយកម្ពុជាដែលជាសមាជិកនៃអាស៊ានដែលឬទេ? ហើយនាពេលអនាគត អាចទេដែលអង់គ្លេសនៅតែបន្តជួយជាជំនួយបន្ថែម ឬព្រមទទួលយកនូវការបញ្ជាទិញនូវវ៉ាក់សាំងកូវីដ-១៩ របស់កម្ពុជា ប្រសិនបើមាន?

ខ្ញុំមើលឃើញថា នេះជាសញ្ញាមួយល្អ ជាពិសេសគឺ នៅលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសផ្ទាល់តែម្ដង។ ការផ្តល់វ៉ាក់សាំងនេះ មិនត្រឹមតែចូលរួមចំណែកជំរុញការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ របស់កម្ពុជានោះទេ ក៏ប៉ុន្តែវាជាសញ្ញាមួយបង្ហាញអំពីការចូលរួមចំណែករបស់អង់គ្លេសទៅក្នុងទំនួលខុសត្រូវសុខភាពសាធារណៈសកល ផងដែរ។ នេះជាសញ្ញាមួយល្អដែលកម្ពុជាគួរតែជំរុញបន្ថែម ជាពិសេសទៅលើទំនាក់ទំនងទ្វេភាគីផ្ទាល់ជាមួយនឹងចក្រភពអង់គ្លេសតែម្ដង។ ខ្ញុំអាចមើលឃើញទៀតថា ទំនាក់ទំនងនេះនឹងបន្តកាន់តែល្អទៅមុខទៀត ពីព្រោះថាកម្ពុជាតែងតែព្យាយាមជំរុញនូវនយោបាយការបរទេសដែលបង្កើតមិត្តបន្ថែមទៀតជាមួយនឹងបណ្ដាប្រទេសផ្សេងៗ។ នេះគឺជាឱកាសមួយដែរ ដែលកម្ពុជាគួរតែជំរុញបន្ថែម ដើម្បីទទួលបាននូវផលប្រយោជន៍ផ្សេងៗពីចក្រភពអង់គ្លេស ដែលរួមមានការផ្តល់ជាជំនួយអភិវឌ្ឍន៍ ក៏ដូចជាការផ្តល់ជាជំនួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះផ្ទាល់តែម្ដង។

សំណួរទី៥៖ កាលពីចុងឆ្នាំ២០២០ នៅក្នុងជំនួបគណៈកម្មការចម្រុះកម្ពុជា-អង់គ្លេស កម្ពុជា និងចក្រភពអង់គ្លេសកំពុងសិក្សាលើលទ្ធភាពនៃការបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ បើប្រៀបទៅនឹងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងកូរ៉េ តើទីផ្សារសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស អាចផ្តល់នូវកាលានុវត្តភាពអ្វីខ្លះដល់កម្ពុជា? ហើយការរឹតបន្តឹងចំណងសេដ្ឋកិច្ចជាមួយអង់គ្លេសនេះ អាចនឹងជំនួសនូវការដកចេញខ្លះនូវប្រព័ន្ធអនុគ្រោះពន្ធ EBA  របស់សហភាពអឺរ៉ុបដែរឬទេ?

បើយើងនិយាយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវិញ ឬក៏យើងនិយាយឲ្យចំតែម្តង គឺជាមួយនឹងចក្រភពអង់គ្លេស ដែលយើងបានធ្លាប់ពិភាក្សាគ្នាអំពីការផ្ដួចផ្ដើមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះរួចហើយ។ យើងអាចនិយាយបានថា ចក្រភពអង់គ្លេសពិតណាស់ គឺជាទីផ្សារមួយដ៏ធំសម្រាប់កម្ពុជា ជាពិសេសគឺទៅលើផលិតផលកសិកម្មតែម្ដង។ គំនិតក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសនេះ វាពិតជាផ្តល់ផលប្រយោជន៍ច្រើនណាស់សម្រាប់កម្ពុជាក្នុងការជំរុញបន្ថែមទៀតទៅលើការនាំចេញផលិតផលកសិកម្មរបស់ខ្លួន។ ជាឧទាហរណ៍៖ យើងឃើញហើយថានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានចុះជាមួយនឹងចិនកាលពីពេលថ្មីៗនេះដែរ គឺកម្ពុជាបានទទួលនូវផលប្រយោជន៍សេដ្ឋកិច្ចជាច្រើន ជាពិសេសគឺតាមរយៈការជំរុញនូវផលិតផលកសិកម្មរបស់ខ្លួនមានដូចជាចេក និងស្វាយជាដើម ទៅកាន់ទីផ្សារប្រទេសចិន។ សកម្មភាពនេះវានឹងជំរុញបន្ថែមទៀតទៅដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលវានឹងចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ដូចនេះ គំនិតផ្ដួចផ្ដើមក្នុងការបង្កើតពាណិជ្ជកម្មសេរីជាមួយនឹងចក្រភពអង់គ្លេសនេះ វាពិតជាផ្ដល់ផលប្រយោជន៍ច្រើនណាស់ជាពិសេសគឺផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា ដែលស្របទៅតាមគោលនយោបាយការបរទេសរបស់កម្ពុជាក្នុងការជំរុញបន្ថែមទៀត ជាពិសេសគឺទៅលើយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលកម្ពុជាទើបតែដាក់ចេញថ្មីៗនេះផងដែរ។ យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ នឹងជាឧបករណ៍មួយដ៏មានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ យើងអាចនិយាយបានថាការបង្កើតពាណិជ្ជកម្មសេរីទ្វេភាគីនេះវានឹងជំរុញបន្ថែមនូវការវិនិយោគផងដែរ។ យើងឃើញថា ចក្រភពអង់គ្លេសជាប្រទេសមួយដែលការរីកចម្រើនខ្ពស់លើគ្រប់វិស័យ ហើយការវិនិយោគ បើសិនជាយើងជំរុញបាននៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសេរីនោះ ក្រុមហ៊ុនធំៗ ក៏ដូចជាវិស័យសំខាន់ៗមួយចំនួនរបស់កម្ពុជានឹងមានការរីកចម្រើន ជាពិសេសគឺនៅលើវិស័យអប់រំតែម្ដង ពីព្រោះថាចក្រភពអង់គ្លេស ជាប្រទេសមួយដែលមានការរីកចម្រើនខ្លាំងលើវិស័យអប់រំ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងជំរុញបន្ថែមទាំងផ្នែកពាណិជ្ជកម្ម សេវាកម្ម ក៏ដូចជាកសិកម្មរបស់កម្ពុជា។

ទាក់ទងជាមួយនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA ខ្ញុំមើលឃើញថា ការរឹតបន្តឹងចំណងសេដ្ឋកិច្ចជាមួយចក្រភពអង់គ្លេសនេះដែរ នឹងជំរុញ ឬក៏ស្ដារឡើងវិញខ្លះនៃការបាត់បង់របស់កម្ពុជានៅក្នុងការដកចេញនៃប្រព័ន្ធអនុគ្រោះពន្ធ ២០% នៃ EBA របស់សហភាពអឺរ៉ុប ដោយហេតុថា អង់គ្លេសចូលរួមចំណែកច្រើនលើសលប់ (លើស៥០%) នៅក្នុងក្របខ័ណ្ឌ EBA របស់សហភាពអឺរ៉ុប ជាពិសេសគឺមកកាន់កម្ពុជាតែម្ដង។

***********

វាគ្មិន៖ លោក លឹម ម៉េងហួរ អនុប្រធានមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

អ្នករៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner