អស្ចារ្យ! មេដាយអូឡាំពិកទីក្រុងតូក្យូ កែច្នៃចេញពីទូរស័ព្ទ និងគ្រឿងអេឡិចតូ្រនិចចាស់ៗ (មានវីដេអូ)
Video: https://fb.watch/7gG27hdLpH/
ជប៉ុន៖ ប្រទេសបារាំងបានទទួលទង់ជាតិអូឡាំពិកក្នុងពិធីបិទ Tokyo Olympic Games 2020 នារាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ដើម្បីធ្វើម្ចាស់ផ្ទះបន្តសម្រាប់អូឡាំពិករដូវក្តៅលើកទី៣៣ ឆ្នាំ២០២៤ ខាងមុខនេះ បន្តពីប្រទេសជប៉ុន ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមេដាយទាំងអស់សម្រាប់ផ្ដល់ជូនកីឡាករដែលឈ្នះនៅក្នុងការប្រកួត Tokyo Games 2020 លើកនេះ គឺធ្វើឡើងពីសំណល់កែច្នៃអេឡិចត្រូនិកមានដូចជាស្មាតហ្វូន និងកុំព្យូទ័រយួរដៃជាដើម ។ ទម្រាំប្រមូលបានកាកសំណល់អេឡិចត្រូនិក ដើម្បីមកផលិតចេញជាមេដាយទាំងអស់ចំនួន៥ពាន់នោះ មានប្រជាជនជប៉ុនមកពីតំបន់ច្រើនជាង១ពាន់៦រយតំបន់ បានចំណាយពេលរបស់ពួកគេរយៈពេល២ឆ្នាំ ពោលគឺពីខែមេសា ឆ្នាំ២០១៧ ដល់ខែមិនា ឆ្នាំ២០១៩ ដើម្បីចូលរួមប្រមូលសំណល់ទាំងនោះ ។ ពួកគេបានដំឡើងជាទីតាំងផ្សេងៗគ្នា ដើម្បីឱ្យពលរដ្ឋអាចចូលរួមបរិច្ចាគគ្រឿងអេឡិចត្រូនិកចាស់ៗបានទាំងអស់គ្នា ។ បន្ទាប់ពីយុទ្ធនាការប្រមូលសំណល់អេឡិចត្រូនិកបានបញ្ចប់ទៅវិញ ពួកគេក៏អាចកែច្នៃសំណល់ទាំងនោះសម្រាប់មេដាយមាសបាន៣២គីឡូក្រាម មេដាយប្រាក់៣ពាន់៥រយគីឡូក្រាម និងមេដាយសំរិទ្ធ២ពាន់២រយគីឡូក្រាម ។
សូមជម្រាបថា នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រអូឡាំពិក ដែលមេដាយត្រូវបានផលិតឡើងដោយប្រើកាកសំណល់អេឡិចត្រូនិកកែច្នៃឡើងវិញ ហើយក៏ជាលើកដំបូងផងដែរ ដែលប្រជាពលរដ្ឋសាមញ្ញបានចូលរួមបរិច្ចាគសម្ភារៈរបស់ពួកគេ នេះបើតាមគេហទំព័រផ្លូវការរបស់ Tokyo Games ៕