ក្រសួងកសិកម្មអោយអ្នកនាំចេញបង្វែរពីនាំទៅថៃមកវៀតណាមវិញ ខណៈផ្លែមៀនប៉ៃលិនជាង៥ម៉ឺនតោនខ្វះទីផ្សារលក់មិនចេញ (មានវីដេអូ)
ប៉ៃលិន៖ ផ្លែមៀនប៉ៃលិនរបស់សហគមន៍កសិកម្មមៀនប៉ៃលិនចំនួន៥ម៉ឺនតោនកំពុងប្រឈមនឹងការខូចខាត ព្រោះមិនអាចនាំចេញបាន។ លោក តំ សុភ័ណ្ឌ រដ្ឋបាលសហគមន៍កសិកម្មមៀនប៉ៃលិនបានអោយដឹងថា ផ្ទៃដីដាំដុះមៀនប៉ៃលិនរបស់កសិករជាសមាជិកមានចំនួន២ពាន់៩រយហិកតានៅខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ចាប់ផ្តើមដល់រដូវកាលប្រមូលផលហើយ នៅខែសីហានេះ ដែលអាចនឹងប្រមូលផលបានជាង៥ម៉ឺនតោន។
លោកបន្តថា នៅពេលនេះបញ្ហារបស់សហគមន៍មៀនប៉ៃលិន គឺគ្មានទីផ្សារសម្រាប់នាំចេញបាន ដោយកន្លងទៅពឹងផ្អែកលើការនាំចេញទៅថៃ ហើយថៃនាំចេញបន្តទៅចិន។ ប៉ុន្តែពេលនេះមិនអាចនាំចេញទៅប្រទេសថៃបានឡើយ។ លោកបន្ថែមថា កន្លងទៅសហគមន៍កសិកម្មមៀនប៉ៃលិន ធ្លាប់បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្មអោយជួយដល់កសិករផងដែរ តែមិនទាន់មានដំណោះស្រាយឡើយ ហើយរដ្ឋមន្ត្រីកសិកម្មក៏ធ្លាប់បានអញ្ជើញទៅដល់សហគមន៍ដោយផ្ទាល់ផងដែរ។ ពាក់ព័ន្ធនឹងបញ្ហាលក់មៀនមិនចេញនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែសីហានេះ បានចេញប្រកាសព័ត៌មានមួយ ដោយជំរុញអ្នកនាំចេញបង្វែរទិសដៅពីប្រទេសថៃទៅប្រទេសវៀតណាមវិញ។
ក្រសួងកសិកម្មក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគួររួមគ្នាផលិតផលខ្មែរ ក្រោមរូបភាពខ្មែរជួយខ្មែរ ដោយជួយទិញផ្លែមៀនរបស់ប្រជាកសិករ ពិសេសសហគមន៍មៀនប៉ៃលិន។ ជុំវិញការបង្វែរនាំចេញទៅប្រទេសវៀតណាមនេះ លោក តំ សុភ័ណ្ឌ រដ្ឋបាលសហគមន៍កសិកម្មមៀនប៉ៃលិនបានអោយដឹងថា ទំនងជាមិនអាចទៅរួចទេ ព្រោះតែមិនទាន់ឃើញក្រុមហ៊ុនណាមួយទាក់ទងមកផ្ទាល់ ដើម្បីទិញផ្លែមៀនសម្រាប់នាំចេញនៅឡើយទេ ហើយពេលនេះផ្លែមៀនរបស់កសិករដល់ពេលប្រមូលផលទៀត៕