ប្រមុខការទូតចិន៖ សហគមន៍អន្តរជាតិគួរតែគាំទ្រដល់អាហ្វហ្គានីស្ថាន ជំនួសអោយការដាក់បន្ថែមសម្ពាធ
ចិន៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បញ្ជាក់ថា សហគមន៍អន្តរជាតិគួរតែណែនាំ និងគាំទ្រអាហ្វហ្គានីស្ថាន នៅពេលដែលប្រទេសនេះផ្លាស់ប្តូរទៅបង្កើតរដ្ឋាភិបាលថ្មី ជំនួសឱ្យការដាក់សម្ពាធបន្ថែមលើអាហ្វហ្គានីស្ថាន។
ការអះអាងបែបនេះរបស់លោក វ៉ាង ត្រូវបានធ្វើឡើងនៅក្នុងសន្ទនាគ្នាតាមទូរស័ព្ទមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab ។ ក្រសួងការបរទេសចិនបានដកស្រង់សម្តីរបស់លោក វ៉ាង យី អោយដឹងថា សហគមន៍អន្តរជាតិគួរតែលើកទឹកចិត្ត និងណែនាំក្នុងទិសដៅវិជ្ជមាន ជំនួសឱ្យការដាក់សម្ពាធបន្ថែម ដែលនឹងជួយដល់ស្ថិរភាពក្នុងស្ថានភាពនេះ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅក្នុងការនិយាយទូរស័ព្ទជាមួយលោក Raab លោក វ៉ាង ក៏បាននិយាយផងដែរថា សហគមន៍អន្តរជាតិមិនគួរប្រើអាហ្វហ្គានីស្ថានជាសមរភូមិភូមិសាស្ត្រនយោបាយទេ ប៉ុន្តែគួរតែគោរពឯករាជ្យភាព និងឆន្ទៈរបស់ប្រជាជនខ្លួន។
សូមបញ្ជាក់ថា ប្រទេសចិនមិនបានទទួលស្គាល់ក្រុមតាលីបង់ជាអ្នកគ្រប់គ្រងថ្មីទេ ប៉ុន្តែលោក វ៉ាង កាលពីខែមុន បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍លោក មូលឡា បារ៉ាដា ប្រធានការិយាល័យនយោបាយរបស់ក្រុមតាលីបង់នៅទីក្រុងធានជីន ហើយនិយាយថា ក្រុមតាលីបង់ត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់នៅក្នុងដំណើរការសន្តិភាព និងការកសាងឡើងវិញរបស់អាហ្វហ្គានីស្ថាន៕ ប្រភព៖ CNA

