អត្តពលិកកីឡា និងអ្នកពាក់ព័ន្ធ ក្នុងវិស័យកីឡាជាង១០០០នាក់បានការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញ
ក្រុមមន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា និងអ្នកពាក់ព័ន្ធ ក្នុងវិស័យកីឡាសរុបចំនួន ១២២៩នាក់ ទទួលបានការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញពីក្រុមគ្រូពេទ្យ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
![](https://asset.ams.com.kh/central/media/photo_2021-08-23_15-38-15.jpg)
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បញ្ជាក់ឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដែលចាក់នៅព្រឹកថ្ងៃ ច័ន្ទនេះ មាន១ ២២៩នាក់ ក្នុងនោះមានថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីមកពីសហព័ន្ធកីឡាជាតិចំនួន៤២ និងមន្ត្រីបម្រើការងារនៅ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាអ្នកពាក់ព័ន្ធនឹងក្រុមជម្រើសជាតិកម្ពុជា រាប់ទាំងក្រុមចុងភៅផងដែរ។
![](https://asset.ams.com.kh/central/media/photo_2021-08-23_15-38-23.jpg)
យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ក្រុមកីឡាជម្រើសជាតិកម្ពុជាបានធ្វើឡើង ដើម្បីសុវត្ថិភាពខ្ពស់ ក្នុងការប្រមូលផ្តុំហ្វឹកហាត់ត្រៀមបង្កើនគុណផលកីឡាកម្រិតខ្ពស់។ បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជា កំពុងត្រៀមការហ្វឹកហាត់បិទខ្ទប់ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ និងការហ្វឹកហាត់តាមប្រភេទកីឡាផ្សេងៗទៀត នៅតាមទីតាំងសុវត្ថិភាពរបស់សហព័ន្ធ នៅក្នុងស្រុក ក៏ដូចជាត្រៀមខ្លួនចេញទៅហ្វឹកហាត់ នៅសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងអំឡុងខែកញ្ញា ឬខែតុលា ឆ្នាំ២០២១។
![](https://asset.ams.com.kh/central/media/photo_2021-08-23_15-38-27.jpg)
គោលដៅនៃការប្រមូលផ្តុំហ្វឹកហាត់ទ្រង់ទ្រាយធំ គ្រប់ប្រភេទកីឡាទាំងអស់របស់កម្ពុជា គឺដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ក៏ដូចជាត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕
![](https://asset.ams.com.kh/central/media/photo_2021-08-23_15-38-38-1024x682.jpg)