កូនឈើប្រណិតចំនួន៤៥០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី និងមន្រ្តីរាជការ បានដាំដុះនៅបរិវេណសួនឧទ្យានសែនមនោរម្យ ដើម្បីអបអរសាទរ បុណ្យរុក្ខទិវា ៩កក្កដា ២០២១

អាជ្ញាធរខេត្តមណ្ឌលគិរី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី និងសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសែនមនោរម្យជាច្រើននាក់ បានយកកូនឈើប្រណិតចំនួន ៤៥០ដើម ដាំនៅទីតាំងសួនឧទ្យានសែនមនោរម្យ អតីតព្រលានយន្តហោះចាស់ ដើម្បីកែលម្អសោភ័ណ្ឌភាពនៅបរិវេណវិមានឯករាជ្យ ឲ្យកាន់តែមានភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនា ក្នុងខេត្តមណ្ឌលគិរី កាន់តែច្រើនឡើង។

ពិធីនេះមានការអញ្ជើញ ពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ដែលប្រព្រឹត្តទៅបរិវេណសួនឧទ្យានសែនមនោរម្យ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

  ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងថា ការប្រារព្វពិធីរុក្ខទិវា ៩កក្កដា តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីឲ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស សំដៅធានានូវការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវៈចំរុះ និងមរតកវប្បធម៏។ ឯកឧត្តម បញ្ជាក់ថា ការដាំកូនឈើប្រណិតនៅបរិវេណសួនឧទ្យានសែនមនោរម្យ គឺដោយសារទីតាំងសួននេះ មានផ្ទៃដីធំទូលាយ បានសាងសង់វិមានឯករាជ្យរួចរាល់ នឹងមានរៀបចំធ្វើរូបសេះ រូបផ្លែឃ្លោក រូបនាគ ។ល។ និងរៀបចំលំអរសួនឧទ្យាននេះ ដោយដាំស្មៅ ដាំដើមឈើចម្រុះ និងរុក្ខជាតិសំខាន់ៗ ដែលបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរបស់ខេត្ត ឲ្យសមស្របនឹងអាកាសធាតុ លើសពីនេះទៀត ក៏បង្ហាញពីវប្បធម៌ជនជាតិដើមភាគតិច និងអត្តសញ្ញាណជាតិផងដែរ។ ឯកឧត្តម បានណែនាំដល់មន្ទីរអង្គភាព និងសប្បុរសជនទាំងអស់ ត្រូវចូលរួមគាំទ្រ ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលនានា ដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្ត ឲ្យកាន់តែមានភាពអភិវឌ្ឍន៍រីកចម្រើន។ ម្យ៉ាងទៀត ក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ និងសមិទ្ធផលនានា កុំឲ្យបាត់បង់ ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩។

  ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង  បានឲ្យដឹងថា ពិធីបុណ្យរុក្ខទិវានេះ ត្រូវបានប្រារព្ធធ្វើឡើងនាពេលនេះ មន្ទីរកសិកម្ម បានជ្រើសរើសយកកូនឈើចំនួន ០២ប្រភេទ សរុបចំនួន ៤៥០ដើម ក្នុងនោះមានកូនឈើធ្នង់ចំនួន ២២០ដើម និងកូនឈើនាងនួនចំនួន ២៣០ដើម។ លោក បញ្ជាក់ថា ដើម្បីថែរក្សា ការពារ និងអភិវឌ្ឍន៍ព្រៃឈើ ដែលជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃរបស់ជាតិ ជាពិសេស ប្រែក្លាយតំបន់នេះ ឲ្យមានគំរបបៃតងស្រស់បំព្រង មានសោភ័ណ្ឌភាពបរិស្ថានតំបន់នៅបរិវេណសួនឧទ្យានសែនមនោរម្យ ជាម្លប់បៃតងផ្តល់នូវខ្យល់អាកាសបរិសុទ្ធ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងនៅកន្លែងនេះផងដែរ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner