ស្ថានទូតកម្ពុជាប្រចាំអូស្រ្តាលីប្រាប់កុំឱ្យចាញ់បោកជនខិលខូចឃោសនាពីការជ្រើសរើសពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី

ភ្នំពេញ៖ដើម្បីទប់ស្កាត់ពីការចាញ់បោកជនខិលខូចនោះស្ថានទូតឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្រ្តាលីប្រាប់ពលរដ្ឋកម្ពុជាកុំឱ្យចាញ់បោកជនខិលខូចឃោសនាពីការជ្រើសរើសពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី ០១ខែកញ្ញានេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្រ្តាលី បាន បញ្ជាក់ប្រាប់ដល់ ប្អូនពលរដ្ឋខ្មែរថា ថ្មីៗនេះមានសារព័ត៌មាន បណ្តាញ សង្គម ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួនបានដើរបំផុសបំផុលផ្តល់ពត៌មានពុំច្បាស់លាស់ ឬបំភ្លៃការពិតក្នុង ចេតនាបោកប្រាស់ជ្រើសរើសពលករខ្មែរមកធ្វើការនៅប្រទេសអូស្ត្រាលី (Australia) ក្រោមគម្រោងទិដ្ឋាការ “កសិកម្ម” ថ្មី (Australian Agriculture Visa) របស់ប្រទេសអូស្ត្រាលី។
សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់បន្ថែមថា ដើម្បីជៀសវាងការចាញ់បោកជនខិលខូចឆ្លៀតឱកាស ស្ថានទូតសូមបំភ្លឺជូនជាបច្ចុប្បន្ន រដ្ឋាភិបាលអូស្ត្រាលី (ក្រសួងការបរទេស មហាផ្ទៃ និងក្រសួងកសិកម្មអូស្ត្រាលី) កំពុងពិភាក្សានៅឡើយលើ ការរៀបចំគម្រោងទិដ្ឋាការ “កសិកម្ម”ថ្មី ជាមួយនឹងការកំណត់លក្ខខ័ណ្ឌផ្សេងៗក្នុងការទទួលបានទិដ្ឋាការនេះ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្រ្តាលីបានឱ្យដឹងបន្ថែមថា សម្រាប់គម្រោងទិដ្ឋាការកសិកម្មថ្មីនេះ នឹងផ្ដល់ឱកាសដល់ពលរដ្ឋប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាចមកធ្វើការ នៅប្រទេសអូស្ត្រាលីលើវិស័យកម្ម រួមទាំងឧស្សាកម្មកែច្នៃសាច់ផងដែរ (Agriculture sector including_meat processing) ជាមួយនឹងការផ្តល់ឱកាសអាចស្នើសុំសិទ្ធរស់នៅអចិន្ត្រៃយ៍ ក្នុងករណីពលករនោះបំពេញបាន តាមលក្ខខ័ណ្ឌនិងមានតម្រូវការជាក់ស្ដែងពីរដ្ឋាភិបាលអូស្ត្រាលី។ តាមគម្រោង ទិដ្ឋាការថ្មីនេះនឹងពិភាក្សាចប់សព្វ គ្រប់នៅចុងខែកញ្ញា ឆ្នាំ ២០២១ ខាងមុខ។ ជាមួយគ្នានេះ រដ្ឋាភិបាលអូស្ត្រាលីនឹងធ្វើការពិភាក្សាចរចារទ្វេរភាគី ជាមួយប្រទេសដៃគូរមួយចំនួននៅក្នុងតំបន់លើគម្រោងទិដ្ឋាការថ្មី។
ស្ថានទូតសូមជម្រាបជូនបងប្អូនផងដែរថា ក្រោមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្វែង រកទីផ្សារការងារជូនពលករខ្មែរ កន្លងមកស្ថានទូតបានខិតខំស្វះស្វែងរកទីផ្សារការងារជូនបងប្អូនខ្មែរទាំងនៅ ប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសនូវែលហ្សេឡង់ តាមរយៈការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល ប្រទេសនិមួយៗជាបន្តបន្ទាប់។ ចំពោះគម្រោងទិដ្ឋាការកសិកម្មថ្មីនេះ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងកិច្ចសហការគាំទ្រពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជ ជីវៈកម្ពុជា ស្ថានទូតបានត្រៀមខ្លួនជាស្រេចក្នុងការបន្តជួបចរចារកទីផ្សារការងារជូនពលរដ្ឋខ្មែរជាមួយរដ្ឋាភិបាល អូស្ត្រាលី។

ស្ថានទូតបានបញ្ជាក់ជាថ្មីថា មកទល់ពេលនេះគម្រោងទិដ្ឋាការកសិកម្មនេះកំពុងស្ថិតក្នុងដំណាក់ កាលរៀបចំនៅឡើយ ហើយរដ្ឋាភិបាលអូស្ត្រាលីនៅពុំទាន់សម្រេចថា នឹងផ្តល់ទិដ្ឋាការប្រភេទនេះជូនកម្ពុជា ឬ ប្រទេសណាមួយនៅឡើយទេ។ ហេតុនេះ ស្ថានទូតស្នើបងប្អូនប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់ការផ្សព្វផ្សាយព័ត៌ មានពីការជ្រើសរើស និងការបញ្ជូនពលករខ្មែរមកធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស បុគ្គល ឬអង្គភាពណាមួយ។
សម្រាប់ព័ត៌មានផ្លូវការជុំវិញវឌ្ឍនភាពគម្រោងទិដ្ឋាការកសិកម្មថ្មីនេះ បងប្អូនអាចតាមដានលើគេហ៍ទំព័រផ្លូវការ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី (https:// www.embassyofcambodia.ogr.au) ឬក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា៕ដោយ៖ម៉ាដេប៉ូ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner