ស្រាទំពាំងបាយជូរផលិតច្រកក្នុងដបទឹកសុទ្ធ គឺជាស្រាជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ស្ត្រីវ័យក្មេងទាំង៣ (Video Inside)
ស្រាទំពាំងបាយជូរដែលផលិតក្នុងស្រុកដាក់ក្នុងដបជ័រទឹកសុទ្ធ ត្រូវគេជឿឃើញថាបានជាប់ពាក់ព័ន្ធនឹងករណី ធ្វើឲ្យស្ត្រីវ័យក្មេងចំនួន៣រូបបាត់បង់ជីវិត។ គួរបញ្ជាក់ថាកាលពីថ្ងៃ២កញ្ញាម្សិលមិញ ស្ត្រីអាយុរវាងពី១៩ទៅ២១ ឆ្នាំ៣នាក់ បានស្លាប់ជាបន្តបន្ទាប់ក្រោយមានសេចក្តីរាយការណ៍ជុំវិញការទទួលទានស្រាក្រឡុក។
ស្ត្រីម្នាក់ បានស្លាប់ពេលធ្វើដំណើរទៅដល់ស្រុកកំណើតក្នុងខេត្តកណ្តាល និង២នាក់ទៀតបានស្លាប់ក្នុងបន្ទប់ជួលក្នុង សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។ គ្រូពេទ្យពិនិត្យសាកសពក្នុងរាជធានី បានបញ្ជាក់ថាស្ត្រី ២នាក់ដែលស្លាប់ក្នុងបន្ទប់នោះ ពិតជាដោយសារករណីពុលស្រា។
ស្រាទំពាំងបាយជូរដែលគេជឿថាជាស្រា ផលិតគ្មានគុណភាពចំនួន១១ដបដែលច្រកក្នុងដបទឹកសុទ្ធ គឺជាស្រានៃដើមចមធ្វើឲ្យស្ត្រីវ័យក្មេងទាំង៣បាន បាត់បង់ជីវិត ក្នុងពេលផឹកលាយជាមួយនឹងទឹកក្រូចកូកាកូឡា។ មិនមានសេចក្តីរាយការណ៍ថាតើស្រាទំពាំង បាយជួរដែលផលិតច្រកក្នុងដបទឹកសុទ្ធនោះ ជាផលិតផលរបស់ក្រុមហ៊ុនណា និងនាំចូលមកពីស្រុកឬខេត្តណា មួយក្នុងប្រទេសកម្ពុជានេះឡើយ។
ស្ត្រីវ័យក្មេងទាំង៣ដែលបានបាត់បង់ជីវិតរួមមានឈ្មោះប្រួន កណ្ណិកា អាយុ ១៩ឆ្នាំ, ថុលស្រីវី អាយុ ១៩ឆ្នាំនិងម្នាក់ទៀតឈ្មោះយឹមធារ៉ា។ សុវត្ថិភាពចំណីអាហារ គឺជាបញ្ហាដែលមានសារៈ សំខាន់បំផុតទាក់ទងនឹងអាយុជីវិតជាពិសេស ក្នុងស្ថានភាពបច្ចុប្បន្ន ដែលពិភពលោកកំពុងរងនឹងការផ្ទុះឡើង ដោយជម្ងឺរាតត្បាតបង្កឡើង ដោយសារចំណីអាហារមិនស្អាតនិងការគ្មានអនាម័យ។ កម្ពុជាមាន ច្បាប់សម្រាប់ ដាក់ទោសចំពោះ អ្នកដែល ក្លែងគុណភាពទំនិញដែលនឹងអាចជាប់ទោសរវាងពី៥ទៅ១០ឆ្នាំ។