ក្រសួងបរិស្ថានថ្លែងថាតួលេខសត្វត្មាតនៅកម្ពុជាកាន់តែកើនឡើង (Video Inside)
មន្ត្រីក្រសួងបរិស្ថានបានថ្លែងថាស្ថានភាពសត្វត្មាតកម្ពុជាមានសញ្ញាណវិជ្ជមាន ខណ:ការជំរឿនសត្វត្មាតទូទាំងប្រទេសលើកទី៤ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ។
យោងតាម លទ្ធផលជំរឿន សត្វត្មាតថ្នាក់ជាតិ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ សត្វត្មាតក្នុងប្រទេសកម្ពុជាមានចំនួនសរុបចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ក្បាល, ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ក្បាល។
រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងថាលទ្ធផលនៃការតាមដាន និងកត់ត្រាស្ថានភាពប្រជាសាស្ត្រសត្វត្មាត ដែលបានធ្វើឡើងក្នុងថ្ងៃផ្សេងគ្នាក្នុងចន្លោះខែកក្កដានិងខែសីហា ឆ្នាំ២០២១ បានបង្ហាញថា សត្វត្មាតទាំងបីប្រភេទដែលមាននៅប្រទេសកម្ពុជាគឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ មានវត្តមានសរុបចំនួន ១៤០ក្បាល នៅក្នុងអាហារដ្ឋានត្មាតសំខាន់ៗចំនួន ០៤កន្លែងនៅតំបន់ការពារធម្មជាតិ កម្ពុជា គឺ៖ អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង, អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃ ឆែបក្នុងខេត្តព្រះវិហារ, អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ និងអាហារដ្ឋានត្មាតដែនជម្រក សត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី។
មន្ត្រីក្រសួងបរិស្ថាន បានបន្តថាជាមួយនឹងលទ្ធផលចុងក្រោយនេះ គេក៏បានរកឃើញដែរថា អាហារដ្ឋានត្មាត នៅដែនជម្រកសត្វព្រៃសំបូរ ក៏មានការកើនឡើងនូវចំនួនសត្វត្មាតគួរឱ្យកត់សម្គាល់ផងដែរ។ សូមបញ្ជាក់ថា កម្ពុជាជារៀងរាល់ឆ្នាំ តែងប្រារព្ធទិវាសត្វត្មាតអន្តរជាតិនាដើមខែកញ្ញាដើម្បីពង្រឹងការការពារសត្វត្មាត ប្រភេទ សត្វជិតផុតពូជខ្លាំងនៅ កម្ពុជា ក៏ដូចជានៅលើពិភពលោក។