សម្ដេចតេជោ៖ រាជរដ្ឋាភិបាលកម្ពុជា ដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ និងដៃម្ខាងទៀតអនុវត្តនូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចក្នុងគ្រប់វិស័យ ក្នុងរយៈពេលជាង ១ឆ្នាំមកនេះ

ថ្លែងសុន្ទរកថា ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា» នៅរាជធានីភ្នំពេញ តាមរយៈការថតវីដេអូចាក់ផ្សាយ, នៅព្រឹកថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល ដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្រ្ត ៣សំខាន់គឺ ទប់-ស្កាត់, ព្យាបាល និងចាក់វ៉ាក់សាំង និងដៃម្ខាងទៀតអនុវត្តនូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ ។

សម្ដេចបានបន្តថា សម្រាប់កម្ពុជា, ទោះបីត្រូវបានចាត់ទុកថា ជាប្រទេសដែលធនធាននៅមានកម្រិត ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់ កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបន្ថែមថា ក្នុងគោលបំណងពន្លឿនការបើកដំណើរការឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងទប់ទល់នឹងការវាយលុកដោយមេរោគកូវីដ-១៩ ប្រភេទថ្មីៗ, រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានសម្រេចដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ ដែលមានអាយុពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញ ជូនដល់មន្រ្តីផ្តល់ សេវាសាធារណៈជួរមុខ ។

សម្សេចបានបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងខាងលើនេះ, កម្ពុជា ក្លាយជាប្រទេសមួយ ក្នុងចំណោម បណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ដែលសម្រេចបាននូវយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងកម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ ។

សម្ដេចថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២១នេះ ធៀបនឹងផែនការ, ការចាក់វ៉ាក់សាំងចំនួន ២ដូស ជូនប្រជាជន ដែលមានអាយុ ១៨ ឆ្នាំឡើងសម្រេច បានចំនួន ៨៦% និងដូសទី១ សម្រាប់កុមារ និងយុវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សម្រេចបាន ៨១% ។ កម្ពុជា នឹងអាច សម្រេចបាននូវគោលដៅនៃការបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេស និងមានឱកាសបើកដំណើរការ ពេញលេញជាបណ្តើរៗ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច នាពេលឆាប់ៗខាងមុខ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ដោយយល់ច្បាស់ពីកាលានុវត្តភាពនេះ, ជាមួយនឹងស្មារតីបុរេសកម្ម, រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងឥតរាថយ ក្នុងគោលដៅកែសម្រួលបរិយាកាសធុរកិច្ច, វិនិយោគ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការដាក់ចេញ និងអនុវត្តនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner