អភិបាលខេត្តព្រៃវែង អញ្ជេីញចុះពិនិត្យស្ថានភាពជាក់ស្តែងលើការរៀបចំវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង និងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្រុកពារាំង ដើម្បីត្រៀមក្នុងការបើកឱ្យដំណើរការចូលរៀនឡើងវិញ

អត្ថបទដោយ៖
ធី ដា

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជេីញចុះពិនិត្យស្ថានភាពជាក់ស្តែង និងមើលលើការរៀបចំវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង និងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្រុកពារាំង ដើម្បីត្រៀមក្នុងការបើកអោយដំណើរការចូលរៀនឡើងវិញ នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា យោងតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អោយឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ខេត្ត ត្រូវត្រៀមរៀបចំបើកសាលារៀនឡើងវិញនៅតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងចំនួន តិចនៃជំងឺកូវីដ-១៩ ដែលត្រូវរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលារៀនទាំងអស់ក្នុងភូមិសាស្ត្រ ក្រុង-ស្រុក នីមួយៗ ជាពិសេស កាលពីកន្លងមក សាលារៀនមួយចំនួន ត្រូវបានយកធ្វើជាកន្លែងសម្រាប់ចត្តាឡីស័ក និងជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវរៀបចំអោយបានស្អាតឡើងវិញ។

ឯកឧត្តម អភិបាល ខេត្ត ស្នេីអោយលោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពិនិត្យ និងណែនាំតាមសាលានីមួយៗ ជាពិសេស នាយកសាលានីមួយៗ ត្រូវសហការជាមួយនឹងមន្ទីរពេទ្យបង្អែក ការិយាល័យអប់រំស្រុក និងអភិបាលស្រុកនិមួយៗ ដើម្បីពិនិត្យ និងវាយតម្លៃមើលលទ្ធភាពទីតាំងដែលមានហានិភ័យទាប ហានិភ័យមធ្យម និងហានិភ័យខ្ពស់មុននឹងស្នើសុំបើកសាលាឡើងវិញ។

សារជាថ្មីម្តងទៀត ឯកឧត្តម អភិបាល ខេត្ត បានជំរុញដល់លោក លោកស្រី អភិបាលក្រុង/ស្រុក និងមន្ទីរពាក់ព័ន្ធត្រូវបន្តអប់រំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តតាម វិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ ៣កុំ អោយបានគ្រប់ៗគ្នា ដើម្បីរួមគ្នា បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ឌែលតា (Delta) អោយមានប្រសិទ្ធភាពខ្ពស់ ក្នុងខណៈដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ត្រូវជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ អោយបានគ្រប់ៗគ្នាផងដែរ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner