កម្មវិធី វត្តបដិបត្តិធុតង្គសមាធិ និងឈ្វេងយល់បុណ្យមាឃបូជា ត្រូវបានប្រារព្ធធ្វើឡើងនៅវត្តកោះប្រាក់ ដោយមានព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សានុសិស្សជិត ១,០០០អង្គ/នាក់ និមន្ត និងចូលរួម
កណ្ដាល៖ កម្មវិធីវត្តបដិបត្តិធុតង្គសមាធិ និងឈ្វេងយល់បុណ្យមាឃបូជា ត្រូវបានប្រារព្ធធ្វើឡើងនៅវត្ត កោះប្រាក់ ស្ថិតនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីលើកកំពស់ការយល់ ដឹង និងលើកទឹកចិត្តដល់ពុទ្ធបរិស័ទ ក្នុងការអនុវត្តបានត្រឹមត្រូវអំពីពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ។ ពិធីនេះ រៀបចំឡើងដោយក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក សហការជាមួយគណៈសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ កាលពីល្ងាចថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក អៀង សុធារ៉ា នាយកក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក, ព្រះវិជ័យញាណ យុង កុសល ព្រះរាជាគណៈនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការ វត្តកោះប្រាក់, ព្រះយសមុនី ជីម ទី ព្រះរាជាគណៈនៃព្រះរាជាណាចក្រកម្ពុជា, ព្រះ វិបស្សនាចារ្យ ទុំ វចនា រួមទាំងមាន ពុទ្ធបរិស័ទ ព្រះសង្ឃ សិស្សានុសិស្សជិត ១,០០០អង្គ/នាក់ ។
ព្រះវិជ័យញាណ យុង កុសល មានសង្ឃដីការថា មាឃបូជា ជាពិធីបុណ្យមួយដ៏សំខាន់ក្នុងពុទ្ធ សាសនា ដែល ប្រាព្ធនៅថ្ងៃ១៥ កើតខែមាឃ ជារៀងរាល់ឆ្នាំដោយនៅក្នុង ឆ្នាំនេះត្រូវនឹងថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០២០។ ក្នុងថ្ងៃនេះ កាលពីប្រមាណជា២,៦០៨ឆ្នាំមុន ព្រះសម្មាសម្ពុទ្ធជាបរមគ្រូ បានប្រារព្ធ ធ្វើមហាសន្និបាត ដើម្បីប្រកាសពីពាក្យប្រៀន ប្រដៅរបស់ព្រះអង្គចំនួន១១ប្រការ ដល់សមាជិកមហា សន្និបាតចំនួន ១,២៥០រូប ដោយពាក្យប្រៀនប្រដៅទាំង ១១ ប្រការនេះ បានក្លាយទៅជាគោលពុទ្ធ សាសនា ទុកបន្តរហូតមកដល់សព្វថ្ងៃនេះ។ ថ្ងៃនោះផងដែរ ជាថ្ងៃដែលព្រះបរម គ្រូបានប្រកាសថា ព្រះអង្គនឹងចូលព្រះបរិមហានិព្វាន នៅពេល៣ខែទៅខាងមុខនេះ ។
ព្រះវិជ័យញាណ យុង កុសល មានសង្ឃដីការបន្តថា កម្មវិធីល្វែងយល់អំពីបុណ្យមាឃបូជានា ឆ្នាំនេះ ប្រារព្ធ ឡើងជាឆ្នាំទី២ បន្ទាប់ពីបានទទួលនូវការគាំទ្រពីសំណាក់អ្នកចូលរួមក្នុងកម្មវិធីឈ្វេង យល់មាឃបូជា វិសាខបូជា និង អាសាឡូបូជា កាលពី ព.ស ២៥៦២ ឆ្នាំ២០១៩ ហើយសុំឲ្យក្រុមហ៊ុន ផ្កាឈូក និងមូលនិធិផ្កាឈូក គណៈសង្ឃ នៃ ព្រះរាជាណាចក្រកម្ពុជា និងពុទ្ធិកសាកលវិទ្យាល័យព្រះ សីហនុរាជ រៀបចំឲ្យបានរៀងរាល់ឆ្នាំទៀតផងដែរ ។
លោក អៀង សុធារ៉ា បានឱ្យដឹងដែរថា ការរៀបចំកម្មវិធីនេះ បដិបត្តិធុតង្គសមាធិ និងឈ្វេង យល់បុណ្យមាឃ បូជានេះ មានគោលបំណងលើកកំពស់ការយល់ដឹង និងលើកទឹកចិត្តដល់ពុទ្ធបរិស័ទ ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវនូវ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា តាមរយៈពិធីបុណ្យមាឃបូជា និងពិធីបុណ្យដទៃទៀតដូចជា បុណ្យវិសាខបូជា និងបុណ្យអាសាឡូបូជាជាដើម ហើយបុណ្យមាឃបូជា ជាពិធីបុណ្យមួយដ៏សំខាន់ក្នុងពុទ្ធសាសនា ប្រាព្ធនៅថ្ងៃ១៥កើត ខែមាឃ ជារៀងរាល់ឆ្នាំ ។ កម្មវិធីឈ្វេងយល់នេះ នឹងប្រារព្ធមុនថ្ងៃមាឃបូជា នៅតាមខេត្តក្រុងចំនួន ១២កន្លែងផ្សេង ទៀត ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម ព្រៃវែង កំពង់ធំ សៀមរាប បាត់ដំបង និងកំពង់ឆ្នាំងថែមទៀត ដើម្បី ឲ្យពុទ្ធបរិស័ទមានការយល់ដឹងជាបឋម មុនអញ្ជើញទៅតាមវត្តនានា ដែលជាទីពេញ ចិត្តរបស់ពុទ្ធបរិស័ទ ដើម្បីប្រាព្ធ ពិធីបុណ្យមាឃបូជា តាមបែបប្រពៃណី ។
លោក អៀង សុធារ៉ា បន្តថា ក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក នឹងនៅតែប្តេជ្ញាបន្តធ្វើកម្មវិធីឈ្វេងយល់នេះ នៅឆ្នាំជាបន្តបន្ទាប់ទៀត ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានយល់ដឹងច្បាស់ ពីសារៈសំខាន់នៃថ្ងៃសំខាន់ទាំង៣ និងមានជំនឿ ជឿជាក់ថា កម្មវិធីនេះនឹងលើកស្ទួយការបដិបត្តិតាមឱវាទ ព្រះពុទ្ធសាសនាបានកាន់តែប្រសើរឡើង ដើម្បីចិរភាពនៃ សេចក្តីសុខសប្បាយ ជាសន្តិភាព និងវឌ្ឍន ភាពក្នុងសង្គមខ្មែរតទៅ។
សូមជម្រាបថា មានព្រះសង្ឃប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បានចូលរួមក្នុងកម្មវិធីឈ្វែងយល់ ទាំង៣ កាលពីឆ្នាំ ២០១៩ មានប្រមាណ៦ពាន់នាក់ នៅក្នុងខេត្តកណ្តាល រាជធានីភ្នំពេញ ព្រៃវែង បាត់ដំបង សៀមរាប និងកំពង់ធំ។ ក្នុង ឆ្នាំនេះក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក ក៏បានបោះពុម្ព សៀវភៅ «ឈ្វេងយល់មាឃបូជា ទិវាកំណើតពុទ្ធសាសនា ក្នុងឋានៈជាអង្គការចាត់តាំង» ដែលនិពន្ធ រៀបរៀងឡើងដោយលោកធម្មបណ្ឌិត ហេង មណីចិន្តា សម្រាប់ចែកប្រគេន និងជូនពុទ្ធបរិសទ័ សិស្សានុសិស្ស ដើម្បីអានបង្កើននូវការយល់ដឹងបន្ថែមទៀតផងដែរ ៕