ថ្ងៃដំបូង នៃការបើកសាលារៀន នៅរាជធានីភ្នំពេញឡើងវិញ

អត្ថបទដោយ៖
ធី ដា

ការរីករាលដាលនៃជំងឺកូវីដ-១៩ បានតម្រូវឲ្យមានការបិទសាលារៀនមួយរយៈនាពេលកន្លងមក។ រាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការសាលារៀនឡើងវិញជាង២០០កន្លែង ពីកម្រិតថ្នាក់អនុវិទ្យាល័យឡើងទៅនាថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១។ សាលារៀនទាំងនោះត្រូវបំពេញទៅតាមលក្ខខ័ណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ជាពិសេសសិស្សត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ផងដែរ។

សូមបញ្ជាក់ថា ក្នុងពេលបើកដំណើរការសាលារៀនឡើងវិញនេះ ក្រសួងអប់រំ ក៏បានណែនាំឲ្យសាលារៀននិមួយៗ ត្រូវរៀបចំបន្ទប់សុខភាពក្នុងគ្រឹះស្ថានសិក្សា ដោយបំពាក់នូវសម្ភារៈចាំបាច់សម្រាប់សង្គ្រោះបឋម និងឧបករណ៍វាស់ស្ទង់កម្តៅ ម៉ាស់ ទឹកអាល់កុល ឬអាល់កុលជែល សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងនោះ គ្រូ និងសិស្ស ត្រូវពាក់ម៉ាស់ ដែលអាចបង្ការការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ហើយត្រូវទុកដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ បន្ទាប់ពីប្រើប្រាស់រួច។ ត្រូវលាងសម្អាតដៃជាមួយទឹកស្អាត និងសាប៊ូ ឬទឹកអាល់កុល ឬអាល់កុលជែល ពេលចូលបរិវេណគ្រឹះស្ថានសិក្សា មុនចូលបន្ទប់រៀនតាមបណ្តុំ មុនពេលបរិភោគអាហារ បន្ទាប់ពីក្អក ឬកណ្តាស់ ក្រោយពេលចេញពីបង្គន់អនាម័យឲ្យបានញឹកញាប់។

ក្រសួងអប់រំ ក៏បានណែនាំឲ្យសាលារៀន ត្រូវរៀបចំឲ្យមានគម្លាតសុវត្ថិភាពនៅគ្រប់ទីតាំងរៀនតាមបណ្តុំ ក្នុងគ្រឹះស្ថានសិក្សា រួមទាំងទីតាំងតុ កៅអី ក្នុងបន្ទប់រៀន យ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា ដោយកំណត់រូបភាព ជាការរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង ១៥នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner