មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ និងមណ្ឌលកុមារកំព្រាព្រៃជុំ ទទួលបានអំណោយមនុស្សធម៌ ពី កាកបាទក្រហមកម្ពុជា

កំពង់ស្ពឺ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍ទី ១៨ ខែកញ្ញា ឆ្នាំ២០២១ បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន មជ្ឈមណ្ឌលកុមារកំព្រាចំនួន២កន្លែង នៅខេត្តកំពង់ស្ពឺ រួមមាន៖
១-មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ (លើកទី៣) ដែលមានកុមារកំព្រា ៤៧នាក់ និងបុគ្គលិក ១១នាក់ ស្ថិតនៅភូមិ ចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន។
២-មណ្ឌលកុមារកំព្រាព្រៃជុំ (លើកទី១) ដែលមានកុមារកំព្រាចំនួន ៦៥នាក់ និងបុគ្គលិក ១២នាក់ ស្ថិតនៅវត្តព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលកាលពីឆ្នាំ២០០៤ សម្តេចធ្លាប់បានអញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ រួមទាំងបានចម្អិនម្ហូបដោយផ្ទាល់ដៃជូនចៅៗក្មួយៗកុមារដែលរស់នៅក្នុងមជ្ឈមណ្ឌលនេះ។ ដោយមើលឃើញពីការលំបាក និងដោយក្តីនឹករលឹក អាណិត ស្រឡាញ់ ចំពោះ ក្មួយៗ និងចៅៗកុមារទាំងអស់ ដែលមកស្នាក់នៅមជ្ឈមណ្ឌលកុមារកំព្រានេះហេីយ ទើបសម្តេច បានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណាយមកជូនដើម្បីជួយសម្រួលការលំបាកនៅក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ហើយក៏សូមជូនពរចៅៗមានសុខភាពល្អ ជៀសឆ្ងាយពីកូវីដ-១៩ ជាពិសេសថ្លែងនូវការកោតសរសើរចំពោះ ស្ថាបនិក គ្រូ-បុគ្គលិក ម៉ែដោះ របស់មជ្ឈមណ្ឌល ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កុមារកំព្រា កុមាររស់នៅក្នុងគ្រួសារក្រីក្រគ្មានលទ្ធភាពចិញ្ចឹម ឱ្យមានឱកាសទទួលបានសិទ្ធិពេញលេញក្នុងការរស់រានមានជីវិត សិទ្ធិទទួលបានការសិក្សាអប់រំ សិទ្ធិការពារ និងសិទ្ធិក្នុងការចូលរួមក្នុងការងារសង្គម។

ជាមួយគ្នានោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំនូវការផ្តាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្មួយៗ ចៅៗកុមារ នូវសារមួយចំនួនដូចខាងក្រោម ៖
១. សូម ក្មួយៗ ចៅៗទាំងអស់ ត្រូវរក្សាអនាម័យ ពាក់ម៉ាស់ លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ ហើយចៅៗក្មួយៗ ដែលមានអាយុចាប់ ៦ ដល់១២ឆ្នាំ ដែលមិនទាន់បានចាក់វ៉ាក់សាំង សូមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាៗ ដើម្បីបានចូលរៀនឡើងវិញ។
២. ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីយកចំណេះដឹង មានការងារល្អ មានសមត្ថភាព មានការយល់ដឹងនៅក្នុងប្រទេសមួយដែលមានសុខសន្តិភាព មានភាពជឿនលឿន ធ្វើឱ្យជីវភាពគ្រួសាររបស់យើងបានប្រសើរ។
៣.សូមក្មួយៗចៅៗត្រូវចេះស្រឡាញ់រួបរួមគ្នាទៅវិញទៅមក ឱ្យដូចបងប្អូន ដូចគ្រួសារតែមួយ នៅក្នុងមណ្ឌល ដើម្បីក្លាយជាកូនល្អ សិស្សល្អ យុវជនល្អ ពលរដ្ឋល្អ នៅក្នុងសង្គមជាតិ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ពីក្រុមបងតូចបងធំ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ រួមមាន ៖ អង្ករ ១តោន, មី កេស៥០កេស, ត្រីខ ៥កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, អំបិល ១០០គីឡូក្រាម, ប្រេងឆា ២កេស, ទឹកបរិសុទ្ធ ២០កេស, ភេសជ្ជៈ ៥០កេស, ម៉ាស់ចំនួន ២កេស, និងថវិកា ៥.០០០.០០០រៀល។ ដោយឡែកមណ្ឌលកុមារកំព្រាព្រៃជុំ ទទួលបាន ៖ អង្ករ ១តោន, មី កេស៥០កេស, ត្រីខ ៥កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, អំបិល ១០០គីឡូក្រាម, ប្រេងឆា ២កេស, ទឹកបរិសុទ្ធ ២០កេស, ភេសជ្ជៈ ៥០កេស, ម៉ាស់ចំនួន ២កេស និងថវិកា ២.០០០.០០០រៀល៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner