ខេត្តកំពតចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ

កំពត ៖ នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត រួមនិងថ្នាក់ដឹកនាំខេត្តនិងជំនាញពាក់ព័ន្ធក៏បានអញ្ជើញចុះពិនិត្យសកម្មភាព និងបើកយុទ្ធនាការថ្ងៃដំបូងឲ្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ជូនដល់កុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដោយប្រើវ៉ាក់សាំង “ស៊ីណូវ៉ាក់” ។

ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចបានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាល់ជំងឺកូវីដ១៩បានទាន់ពេលវេលា ។

សម្តេចបានដាក់ចេញគោលនយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាការងារសំខាន់បំផុត ដើម្បីឈានទៅបើកសកម្មភាពប្រទេសឲ្យធម្មតាឡើងវិញ។ ឯកឧត្តមបានបន្តថា ប្រមុខរាជរដ្ឋាភិបាលបានផ្តល់វ៉ាក់សាំងជាជំហ៊ានបន្តបន្ទាប់ដល់ពលរដ្ឋគ្រប់រូប ដំបូងជូនដល់មនុស្សធំ(១៨ឆ្នាំឡើង), បន្ទាប់មកកុមារអាយុពី ១២ដល់ ក្រោម១៨ឆ្នាំ ហើយលើកទី៣នេះ សម្តេចផ្តល់ជូនដល់កុមារអាយុពី៦ឆ្នាំដល់ក្រោម ១២ឆ្នាំ ចំនួនប្រមាណ១លាន ៨សែននាក់ទូទាំងប្រទេស ក្នុងនោះខេត្តកំពតមានចំនួនប្រមាណជាង ៧ម៉ឺននាក់ ហើយបើតាមការបញ្ជាក់របស់មន្ត្រីជំនាញ ថាប្រើវ៉ាក់សាំងស៊ីណូវ៉ាក់ ។

មាតាបិតាជូនកូនមកចាក់វ៉ាក់សាំង បានសម្តែងសេចក្តីត្រេកអរ និងបានថ្លៃអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់វ៉ាក់សាំងដល់កូនរបស់គាត់ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋជាឪពុក ម្ដាយអាណាព្យាបាលរបស់កុមារ ត្រូវជំរុញនាំកូនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយត្រូវបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំកុំធ្វេសប្រហែសឲ្យសោះ ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នេះចូលក្នុងសហគមន៍បន្តទៀត។

តាមរបាយការណ៍ជំនាញគិតត្រឹមថ្ងៃទី ១៧ ខែកញ្ញា២០២១នេះ រដ្ឋបាលខេត្តកំពតបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនដល់ពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើង និងអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួនសរុបប្រមាណជាង ៤០ម៉ឺននាក់ នៃប្រជាជនគោលដៅ ជាង ៦២ម៉ឺននាក់ ៕
Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner