ឯកឧត្តម ព្រុំ សុខា លើកឡើងថា អាជីវកម្មសេដ្ឋកិច្ចក្នុងស្រុកគ្រប់ប្រភេទ រួមចំណែកកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ ក្នុងសម័យកូវីដ-១៩
ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងកោតសរសើរក្រុមហ៊ុនដុងណាយ និងក្រុមហ៊ុនដុងភូក្រចេះអភិវឌ្ឍន៍កៅស៊ូ ដែលបានពុះពាររក្សាប្រក្រតីភាពអាជីវកម្មរបស់ខ្លួន ទោះជាត្រូវប្រឈមជាមួយបញ្ហាតម្លៃទីផ្សារកៅស៊ូ និងផលប៉ះពាល់ពីកូវីដ-១៩ ក៏ដោយក្តី។ក្រុមហ៊ុនទាំង២ បានដំណើរការអាជីវកម្មរយៈពេល ១៣ឆ្នាំ មកហើយ ដោយវិនិយោគដាំដំណាំកៅស៊ូលើផ្ទៃដីប្រមាណជាង ១២.០០០ហិកតា ស្ថិតក្នុងភូមិអូរព្រះ និងភូមិអូរភ្លឹក ឃុំអូរកណ្តៀរសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ ដែលបានបង្កើតការងារជូនកម្មករ ១.៦៧០នាក់។ ការថ្លែងមតិខាងលើរបស់ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងពិធីសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតក្រុមហ៊ុនប្រមាណ ២០០នាក់ ដោយមានការចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងរាស្ត្រខេត្តក្រចេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត អស់លោក លោកស្រីក្រុមការងារថ្នាក់ជាតិ និងខេត្ត មន្ត្រីមូលដ្ឋានមួយចំនួនទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ក៏បានថ្លែងគូសបញ្ជាក់ថា ក្នុងពេលដែលនៅទូទាំងប្រទេសយើងកំពុងចូលរួមយ៉ាងសកម្មគាំទ្រចលនាជាតិ ក្រោមមគ្គុទ្ទេសក៏ដ៏រឹងមាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបន្តប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ពិសេសការដោះស្រាយរាល់ផលប៉ះពាល់ខាងសេដ្ឋកិច្ច-សង្គម ពីជម្ងឺដ៏កាចសាហាវនេះ ការរក្សា និងពង្រីកអាជីវកម្មសេដ្ឋកិច្ចក្នុងស្រុកគ្រប់ប្រភេទ គឺពិតជាការរួមចំណែកដ៏សំខាន់ក្នុងការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិក្នុងសម័យកូវីដ-១៩។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលមុនកម្មវិធីជួបសំណេះសំណាលខាងលើ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ និងសហការី រួមជាមួយមន្ត្រីដឹកនាំខេត្ត បានចុះទៅជួបសំណេះសំណាលលើកទឹកចិត្តដល់សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល គ្រូបង្រៀន និងមន្ត្រីផ្នែកអប់រំ ដែលបានរៀបចំដំណើរការឡើងវិញនូវសាលាបឋមសិក្សាអូរតាណឹង និងអនុវទ្យាល័យក្បាលដំរី ស្ថិតក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ៕