អូស្ត្រាលីការពារការលុបចោលការបញ្ជាទិញនាវាមុជទឹកបារាំង ខណៈម៉ាក្រុង និងបៃដិនគ្រោងពិភាក្សាលើបញ្ហានេះ

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៩ កញ្ញា​ប្រទេស​អូស្ត្រាលី​បាន​ធ្វើ​ការ​ការពារ​ការ​សម្រេច​ចិត្ត​លុប​ចោល​ការ​បញ្ជា​ទិញ​នាវា​មុជ​ទឹក​ក្នុង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ពី​ប្រទេស​បារាំង​ ហើយ​ជ្រើស​រើស​ជម្រើស​ពី​អាមេរិក​និង​អង់គ្លេស​វិញ ដោយ​និយាយ​ថា​ខ្លួន​បាន​ផ្ដល់​ដំណឹង​ជូន​ក្រុង​ប៉ារីស​ជា​មុន​រួច​ទៅ​ហើយ​។

កាល​ពី​សប្ដាហ៍​សហរដ្ឋអាមេរិក​ ចក្រភព​អង់គ្លេស​ និង​អូស្ត្រាលី​បាន​ប្រកាស​ភាព​ជា​ដៃគូ​សន្តិសុខ​ត្រីភាគី​ថ្មី​មួយ​ ដែល​នឹង​អនុញ្ញាត​ឱ្យ​អូស្ត្រាលី​សាងសង់​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ផ្អែក​លើ​បច្ចេកវិទ្យា​សម្ងាត់​របស់​អាមេរិក​ និង​អង់គ្លេស​។ ការ​ប្រកាស​នេះ​គឺ​ស្រប​ពេល​ជា​មួយ​នឹង​ការ​ប្រកាស​របស់​អូស្ត្រាលី​លុប​ចោល​ការ​បញ្ជា​ទិញ​នាវា​មុជ​ទឹក​ពី​ប្រទេស​បារាំង​ ក្នុង​តម្លៃ​ប្រមាណ​ជាង​ ៤០ ពាន់​លាន​ដុល្លារ​។

ការ​សម្រេច​ចិត្ត​របស់​អូស្ត្រាលី​បាន​ធ្វើ​ឱ្យ​ប្រទេស​បារាំង​ខឹង​សម្បារ​ ហើយ​បង្ក​ឱ្យ​មាន​វិបត្តិ​ដ៏​ធំ​មួយ ដែល​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទំនាក់​ទំនង​សម្ព័ន្ធមិត្ត​ទាំង​នេះ​។ ក្រុង​ប៉ារីស​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​កង់បេរ៉ា​ឱ្យ​ត្រឡប់​មក​ប្រទេស​បារាំង​វិញ​។ ប្រទេស​ចិន​ ក៏​បាន​បង្ហាញ​កំហឹង​ចំពោះ​ចែក​រំលែក​បច្ចេកវិទ្យា​រវាង​ប្រទេស​ទាំង​បី​ផង​ដែរ​។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ស្កត ម៉ូរីសុន​បាន​និយាយ​ថា​៖ «ខ្ញុំ​មិន​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​ដាក់​ផល​ប្រយោជន៍​ជាតិ​អូស្ត្រាលី​ជា​ចម្បង​ទេ​»​។

លោក​ម៉ូរីសុន​និយាយ​ថា​លោក​យល់​ពី​ការ​ខក​ចិត្ត​របស់​បារាំង​ចំពោះ​ការ​លុប​ចោល​ការ​បញ្ជា​ទិញ​នេះ​ប៉ុន្តែ​បាន​បញ្ជាក់​ជា​ថ្មី​ថា​អូស្ត្រាលី​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​និច្ច​ដើម្បី​ផល​ប្រយោជន៍​ល្អ​បំផុត​។ លោក​បន្ត​ទៀត​ថា​៖ «នេះ​គឺ​ជា​បញ្ហា​ដែល​ខ្ញុំ​បាន​លើក​ឡើង​ដោយ​ផ្ទាល់​កាល​ពី​ប៉ុន្មាន​ខែ​មុន​ហើយ​យើង​បាន​បន្ត​ពិភាក្សា​បញ្ហា​ទាំង​នោះ​រួម​ទាំង​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​និង​អ្នក​ផ្សេង​ទៀត​»។

យ៉ាង​ណា​មិញ​រដ្ឋាភិបាល​បារាំង​បាន​និយាយ​ថា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង ​នឹង​ធ្វើ​ការ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ទៅ​កាន់​សមភាគី​អាមេរិក​លោក​ចូ បៃដិន​ដើម្បី​ទាមទារ​ការ​បំភ្លឺ​អំពី​ការ​សម្រេច​ចិត្ត​របស់​អូស្ត្រាលី​។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បារាំង​ក៏​និយាយ​ថា​បន្ទាប់​មក​ការ​ពិភាក្សា​នឹង​ត្រូវ​ធ្វើ​ឡើង​លើ​លក្ខខណ្ឌ​កិច្ចសន្យា​បញ្ជា​ទិញ​ជា​ពិសេស​សំណង​សម្រាប់​ភាគី​បារាំង​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner