នាយករដ្ឋមន្រ្តីអូស្រ្តាលីថា គ្មានឱកាសជួបជាមួយប្រធានាធិបតីបារាំងនៅទីក្រុងញូយ៉កទេ (Video Inside)

កង់បេរ៉ា៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន នៅថ្ងៃអង្គារនេះថ្លែងថា លោកនឹងមិនជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង នៅឯអង្គការសហប្រជាជាតិនៅសប្តាហ៍នេះទេ បើទោះបីជាកំហឹងរបស់បារាំងចំពោះការលុបចោលកិច្ចសន្យាការពារជាតិទំហំ ៤០ ពាន់លានដុល្លារ អាចគំរាមកំហែងដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអូស្ត្រាលី-សហភាពអឺរ៉ុបក៏ដោយ។

អូស្រ្តាលី និងសហភាពអឺរ៉ុប គ្រោងរៀបចំកិច្ចចរចាជុំបន្ទាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃទី ១២ ខែតុលាខាងមុខនេះ។ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រ្តាលីលោក Dan Tehan បាននិយាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា លោករំពឹងថា កិច្ចពិភាក្សាទាំងនោះនឹងដំណើរការទៅតាមពេលវេលាកំណត់ បើទោះបីជាបារាំងខកចិត្តក៏ដោយ។ នៅពេលត្រូវបានសួរថាតើលោក ម៉ូរីសុន នឹងនិយាយជាមួយលោក ម៉ាក្រុង នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិដែរឬទេនោះ នាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូយ៉ក ថា មិនមានឱកាសសម្រាប់ជជែកអំពីបញ្ហានេះនៅពេលនេះទេ… ខ្ញុំជឿជាក់ថា ឱកាសនោះនឹងមកដល់។ សូមបញ្ជាក់ថា លោក ម៉ូរីសុន នឹងជួបជាមួយលោក បៃដិន និងមេដឹកនាំអឺរ៉ុបដទៃទៀតនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក មុននឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំក្រុមប្រទេស ក្វាដ (Quad) ក្នុងនោះរួមមានឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលីនៅចុងសប្តាហ៍នេះ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner