សម្តេចក្រឡាហោម ស ខេង បកស្រាយចម្ងល់របស់ប្រជាពលរដ្ឋអំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានន័យដូចម្តេច?

ភ្នំពេញៈ សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី0២ ខែតុលា នេះបានសរសេរ នៅលើបណ្តាញសង្គមទំព័រហ្វេសប៊ុកថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលជាកំណែទម្រង់ផ្នែកអភិបាលកិច្ច ពាក់ព័ន្ធយ៉ាងជិតដិតបំផុតទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម ស ខេង បានបន្តថាថ្ងៃនេះសម្តេចឆ្លៀតពេលដើម្បីបកស្រាយនូវចម្ងល់របស់ប្រជាពលរដ្ឋមួយចំនួន អំពីថាតើ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានន័យដូចម្តេច?។

ពាក្យថា “ វិមជ្ឈការ ” ត្រូវបានគេឱ្យនិយមន័យជាទូទៅថា គឺជាការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានពីរដ្ឋបាលថ្នាក់កណ្ដាលទៅឱ្យរដ្ឋបាលថ្នាក់មូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីគ្រប់គ្រងចាត់ចែង និងប្រើប្រាស់ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងបែបផែននេះរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានក្រុមប្រឹក្សាជាប់ឆ្នោតជាតំណាងត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុងការអនុវត្តនូវសិទ្ធិអំណាច មុខងារ និងធនធានទាំងនោះ ។

សម្តេចក្រឡាហោមបន្តទៀតថា ដោយឡែកពាក្យថា “ វិសហមជ្ឈការ“សំដៅដល់កិច្ចដំណើរការដែលរដ្ឋបាលថ្នាក់ កណ្ដាលផ្ទេរមុខងារ និងធនធានទៅឱ្យអង្គភាពក្រោមបង្គាប់ ឬទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រភេទណាមួយក្នុងបែប ផែនជាការធ្វើប្រតិភូកម្មនូវសិទ្ធិអំណាច ឬក្នុងបែបផែនជាកិច្ចសន្យា ដើម្បីអនុវត្តមុខងារ និងធនធានទាំងនោះក្នុងនាម ក្រសួង ស្ថាប័នដែលនៅតែមាន តួនាទីទទួលខុសត្រូវលើការអនុវត្តមុខងារ និងធនធានទាំងនោះ។ ក្នុងន័យនេះ អង្គភាព ឬរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានគណនេយ្យភាពចំពោះក្រសួង ស្ថាប័ន លើការងារដែលបានប្រតិភូកម្មឱ្យ ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថាជារួមវិមជ្ឈការកំពុងក្លាយជាមាគ៌ាដ៏ពេញនិយមនៃការអនុវត្ត​គោលនយោបាយ សាធារណៈ នៅតាមបណ្តាប្រទេសភាគច្រើននៅលើសកលលោកទាំងក្នុងក្របខ័ណ្ឌជារដ្ឋសហព័ន្ធ និងរដ្ឋទោលផង ដែរ ។ ទោះបីយ៉ាងនេះក្តី វាពុំមែនជាប្រព័ន្ធដ៏ល្អឥតខ្ចោះដែលគ្មានគុណវិបត្តិនោះឡើយក្នុងករណី ដែល ប្រព័ន្ធនេះត្រូវបានអនុវត្តដោយមិនផ្អែកជាសំខាន់ទៅលើបរិបទជាក់ស្តែងនៃស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ ។

សម្តេចបានបញ្ជាក់ថា សម្រាប់កម្ពុជាកិច្ចដំណើរការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោម ត្រូវបានចាប់ផ្តើម និងបន្តអនុវត្តស្របពេលជាមួយគ្នាទាំងក្នុងបែបផែនវិមជ្ឈការ និងវិសហមជ្ឈការក្នុងគោលបំណងធានាទាំងនិរន្តភាពនិងការលើកកម្ពស់ប្រសិទ្ធភាពនិងគុណភាពនៃការផ្តល់សេវាសាធារណៈចាំបាច់នានាជូនដល់ប្រជាពលរដ្ឋក្នុងការអនុវត្តកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបផែនទាំងពីរនេះក្នុងរយៈពេលកន្លងមក យើងបានសម្រេចនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធ ទៅនឹងការបង្កើតនូវរចនាសម្ព័ន្ធ ប្រព័ន្ធនិងនីតិវិធីបំពេញការងារ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែកតាមគោលការណ៏នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងការផ្ទេរមុខងារ និងធនធានពាក់ព័ន្ធនានាជាច្រើនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ទោះបីយ៉ាងនេះក្តីយើងក៏នៅមានបញ្ហាប្រឈម មួយចំនួនដែលត្រូវបន្តដោះស្រាយទៅមុខទៀតស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការបន្តកិច្ចដំណើរ ការកំណែទម្រង់ដ៏មានសារៈសំខាន់នេះឱ្យបានស៊ីជម្រៅបន្ថែមទៀត ។

ជាមួយគ្នានេះ សម្តេចបានបន្តថា សម្តេចរីករាយនឹងទទួលយកនូវការផ្តល់មតិយោបល់នានាព្រមទាំងបន្តផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជូនបងប្អូនជនរួមជាតិជាបន្តបន្ទាប់ទៀត ដើម្បីបន្តរួមគា្នសម្រេចឱ្យបាននូវគោលបំណង និងគោលដៅចុងក្រោយនៃកំណែទម្រង់នេះ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner