លោក Fumio Kishida ក្លាយជានាយករដ្ឋមន្រ្តីជប៉ុនទី១០០ជាផ្លូវការហើយ ក្រោយមានការគាំទ្រពីសភាទាំងពីរ
តូក្យូ៖ ទីបំផុតលោក ហ៊្វូមីអូ គីហ្ស៊ីដា បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនទី១០០ ជាផ្លូវការហើយនៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីទទួលបានជ័យជំនះក្នុងការបោះឆ្នោតនៅសភាទាំងពីររបស់ប្រទេសជប៉ុន និងក្រោយពេលដែលលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ បានសម្រេចចិត្តលាលែងចេញពីតំណែងនេះ កាលពីខែកញ្ញា។
លោក ហ៊្វូមីអូ គីហ្ស៊ីដា ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេសនៅក្នុងជួររដ្ឋាភិបាលរបស់លោក អាបេ នឹងត្រូវស្បថចូលកាន់តំណែងក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុនទី ១០០។ ដោយសារតែគណបក្សចំរុះរបស់ LDP មានសំឡេងភាគច្រើនស្រាប់នៅក្នុងសភាទាំងពីរជាន់ថ្នាក់របស់ប្រទេសជប៉ុន ហេតុដូច្នេះការបោះឆ្នោតគាំទ្រលោក ហ៊្វូមីអូ គីហ្ស៊ីដា ឲ្យឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជាផ្លូវការនោះ ត្រូវបានគេមើលឃើញតាំងពីដើមរួចមកហើយថា នឹងប្រព្រឹត្តទៅដោយរលូន។
លោក គីហ្ស៊ីដា ដែលបច្ចុប្បន្នមានវ័យ ៦៤ឆ្នាំ នឹងត្រូវស្បថឡើងកាន់តំណែងជាផ្លូវការ នៅក្នុងព្រះបរមរាជវាំងជប៉ុននៅល្ងាចថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ហើយក៏នឹងធ្វើសន្និសីទសារព័ត៌មាន បន្ទាប់ពីពេលនោះផងដែរ។ មុននឹងចូលទៅស្បថឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថ្មីនៅព្រះបរមរាជវាំង លោក គីហ្ស៊ីដា នៅរសៀលថ្ងៃចន្ទនេះ នឹងត្រូវប្រកាសឈ្មោះសមាជិកសំខាន់ៗ ក្នុងជួរគណៈរដ្ឋមន្ត្រីថ្មីរបស់លោកជាមុនសិន៕ ប្រភព៖ ស៊ីនហួរ


