មនុស្សជាង១២ម៉ឺននាក់ត្រូវបានជម្លៀសចេញពីខេត្ត Shanxi ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់វាយប្រហារប្រទេសចិន
ប៉េកាំង៖ អាជ្ញាធរចិនក្នុងតំបន់បាននិយាយថា មនុស្សជាង ១២ ម៉ឺននាក់ត្រូវបានជម្លៀសចេញទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ន បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបង្កឱ្យមានទឹកជំនន់នៅខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។
ជាមួយគ្នានេះ មនុស្សជិត ២ លាននាក់បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្ត សានស៊ី ដោយភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីសប្តាហ៍មុន បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋដួលរលំ និងបង្កឲ្យមានការរអិលបាក់ដីនៅទូទាំងស្រុក និងទីក្រុងជាង ៧០ នៅក្នុងខេត្តនេះ។ ក្រុមមន្ត្រីនិយាយថា ភ្លៀងធ្លាក់ខ្លាំងកំពុងរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ មនុស្សជាង ១២ម៉ឺននាក់ត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់ទីទួលសុវត្ថិភាព ហើយផ្ទះចំនួន១ម៉ឺន៧ពាន់ខ្នងបានដួលរលំនៅទូទាំងខេត្តសានស៊ី។
ដោយឡែកមន្រ្តីប៉ូលិស ៤ នាក់បានស្លាប់ ដោយសារការរអិលបាក់ដី បើទោះបីជាព័ត៌មានអំពីជនរងគ្រោះផ្សេងទៀតមិនត្រូវបានបញ្ចេញក៏ដោយ។ បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ទឹកជំនន់នៅខេត្តសានស៊ី អាចនឹងអាក្រក់ជាងគ្រោះទឹកជំនន់នៅ ហឺណាន (Henan) កាលពីដើមឆ្នាំនេះទៅទៀត៕ ប្រភព៖ CGTN


