យោធាចិនធ្វើសមយុទ្ធវាយប្រហារឡើងគោកនៅលើឆ្នេរក្នុងខេត្តទល់មុខនឹងកោះតៃវ៉ាន់

ប៉េកាំង៖ យោធា​ចិន​បាន​និយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួន​បាន​ធ្វើ​សមយុទ្ធ​វាយប្រហារ​ឡើងគោក​នៅលើ​ឆ្នេរ​ក្នុង​ខេត្ត​ទល់មុខ​នឹង​កោះ​តៃវ៉ាន់ តែទោះជា​យ៉ាងណា ​យោធា​ចិន​មិន​​បាន​ភ្ជាប់​ការហ្វឹកហាត់​នេះ​ ទៅ​នឹង​ភាពតាន​តឹង​បច្ចុប្បន្ន​ជាមួយទីក្រុងតៃប៉ិ​ ទេ​។​

ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​ផ្តាច់ខ្លួន​មួយ​របស់​ខ្លួន ដោយ​រង់ចាំ​តែ​បង្រួបបង្រួម​ជាមួយប្រទេសចិន​ឡើងវិញ និង​អាច​ប្រើ​កម្លាំង​បើ​ចាំបាច់​។ ​ចំណែក​តៃវ៉ាន់​វិញនិយាយថា ​​ខ្លួន​នឹង​ការពារ​សេរីភាព ​និង​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន ហើយ​បន្ទោស​ចិន​ថា ​ជា​អ្នកបង្ក​ភាព​តឹនតឹង​។​ ​បើតាមកាសែត​កងទ័ព​ចិន​People’s Liberation Army Daily ​សមយុទ្ធខាងលើ​នេះ​ ត្រូវបាន​ធ្វើឡើង​អស់​ពេល​ប៉ុន្មាន​ថ្ងៃ​មកហើយ ​នៅ​ប៉ែក​ខាងត្បូង​នៃ​ខេត្ត​ហ៊្វុយ​​ជៀន (Fujian)​។ ​សមយុទ្ធនេះ​ពាក់ព័ន្ធ​នឹង​ទាហាន​វាយលុក អ្នក​លប​លួច​បាញ់ ​និង​អ្នកជំនាញ​ទូក​។ ​ទាហាន​ចូលរួមត្រូវបាន​បែងចែក​ជា​ច្រើន​ក្រុម ​ដើម្បី​ឡើង​ដណ្តើម​ឆ្នេរ​ និង​អនុវត្ត​ការងារ​ប្រយុទ្ធ​នៅ​ដំណាក់កាល​​ផ្សេងៗ​គ្នា​​។​

គួរបញ្ជាក់ផងដែរថា ការធ្វើសមយុទ្ធយោធារបស់ចិនខាងលើនេះបានកើតមានឡើងក្រោយកាលពី​ចុងស​ប្តា​ហ៍នេះ ប្រធានាធិបតី​ចិនលោក ស៊ី ជីន​ពីង បាន​ប្តេជ្ញា​​បង្រួបបង្រួម​​តៃវ៉ាន់​ជាមួយ​ចិន​ដីគោក តែ​នៅ​មួយ​ថ្ងៃ​បន្ទាប់​ប្រធានាធិបតី​តៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន ក៏បានអះអាងដែរថា តៃវ៉ាន់​នឹង​​មិន​ឱ​ន​ក្បាល​ចំពោះ​ចិន​ឡើយ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner