ទីបំផុត! អាម៉េរិក-ចិនចុះកិច្ចព្រមព្រៀងបន្ថយកម្តៅសង្គ្រាមពាណិជ្ជកម្ម

តាមការគ្រោងទុក អាមេរិកនិងចិនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលដំបូង ដើម្បីបន្ធូរបន្ថយភាពតានតឹងខាងជម្លោះពាណិជ្ជកម្ម កាលពីថ្ងៃពុធ ទី១៥ មករា ២០២០ ម្សិលមិញ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោកឧបនាយករដ្ឋមន្ត្រីចិន Liu He ធ្វើឡើងនៅសេតវិមាន សហរដ្ឋអាមេរិក។ ការចុះហត្ថលេខាដើម្បីបន្ថយកម្តៅ នៃសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ត្រូវបានពិភពលោកចាត់ទុកជាភាពវិជ្ជមានដ៏ធំបំផុតមួយ ខណៈដែលសង្គ្រាមនេះត្រូវបាន អូសបន្លាយរហូតដល់ទៅជិត ២ឆ្នាំ។

តាមរយៈ«កិច្ចព្រមព្រៀងបឋម ឬកិច្ចព្រមព្រៀងដំណាក់កាលទីមួយ» នេះចិនបានយល់ព្រមនាំចូលទំនិញតម្លៃ ២០០ពាន់លានដុល្លារពីអាមេរិក ក្នុងរយៈពេល ០២ឆ្នាំ។ រីឯអាមេរិកបានលុបចោលការដំឡើងពន្ធថ្មីទៀត ដែលត្រូវអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ហើយសន្យាកាត់បន្ថយពាក់កណ្តាល នូវការដំឡើងពន្ធ ១៥ភាគរយ លើទំនិញចិនតម្លៃ ១២០ពាន់លានដុល្លារ ដែលត្រូវបានដាក់កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។ ចំណែកចិនក៏បានផ្អាកគម្រោងដំឡើងពន្ធថ្មីរបស់ខ្លួនដែរ។

លោក ដូណាល់ ត្រាំ បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិកនិងចិន ដំណាក់កាលទី២ អាចនឹងត្រូវធ្វើឡើង ក្រោយពេលការបោះឆ្នោតនៅអាមេរិក នាខែវិច្ឆិកា ២០២០នាពេលខាងមុខនេះ។
យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងដំណាក់កាលទី១នេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាការផ្តល់ផលប្រយោជន៍ ដល់លោក ដូណាល់ ត្រាំ ដែលកំពុងប្រឈមនឹងការចោទប្រកាន់ ដើម្បីដកតំណែងប្រធានាធិបតី និងការតស៊ូដ៏ស្វិតស្វាញរបស់លោក សម្រាប់ការបោះឆ្នោតអាណត្តិថ្មី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner