អ៊ីរ៉ង់ស្វាគមន៍វិធានការស្ថាបនា ដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
អ៊ីរ៉ង់៖ អ្នកនាំពាក្យរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ គឺលោក អាប់បាស់ ម៊ូសាវី នៅថ្ងៃទី១៤ ខែមករានេះបានលើកឡើងថា ប្រទេសរបស់លោកស្វាគមន៍វិធានការស្ថាបនានានា ដែលមានបំណងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។
លោក អាប់បាស់ ម៊ូសាវី បាននិយាយយ៉ាងដូច្នេះថា ដូចកាលពីអតីតកាល អ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេច ដើម្បីទទួលបាននូវវិធានការដែលមានគោលបំណងល្អនិង ស្ថាបនា ដើម្បីជួយដល់កិច្ចព្រមព្រៀងអន្តរជាតិដ៏សំខាន់នេះ ហើយវាគាំទ្ររាល់គំនិតផ្តួចផ្តើមណាមួយនៅក្នុងបញ្ហានេះ ។
ការកត់សម្គាល់បែបនេះរបស់លោក ម៊ូសាវី ត្រូវបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរី ចនសុន អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺហ្គែល និងប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយនាពេលថ្មីៗនេះ បានបង្ហាញនូវការប្តេជ្ញាបន្តប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ។
ប៉ុន្តែមេដឹកនាំប្រទេសទាំងបីបានធ្វើការក្រើនរំឭកថា ការគាំទ្ររបស់ពួកគេគឺតម្រូវឲ្យអ៊ីរ៉ង់បោះបង់ចោលបំណងដើរថយក្រោយងាកចេញពីដែនកំណត់របស់កិច្ចព្រមព្រៀង ស្តីពីការស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូម ៕ធ.ដ