ប្រតិភូសមាគមសភាពាណិជ្ជកម្មចិន ថានឹងជួយជំរុញអ្នកវិនិយោគ និងអ្នកទេសចរ ចូលមកខេត្តព្រះសីហនុ ឲ្យបានច្រើនថែមទៀត
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដឹកនាំប្រតិភូសមាគមសភាពាណិជ្ជកម្មចិន បានជួបពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ តាមរយៈជំនួបនេះនឹងជម្រុញអ្នកវិនិយោគ និងអ្នកទេសចរមកខេត្តព្រះសីហនុអោយបានច្រើនបន្ថែមទៀត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្រោយរដ្ឋាភិបាលកម្ពុជា បិតបញ្ចប់ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញនៅឆ្នាំ ២០២០នេះ ធ្វើឱ្យបងប្អូនអ្នកវិនិយោគចិន មានផលប៉ះពាល់មួយចំនួន។ផ្ទះជួល ការវិនិយោគផ្នែកសំណង់ ទេសចរណ៍ និងការងារកម្មករនិយោជិតជាច្រើននាក់កំពុងជួបញ្ហាប្រឈមផងដែរ។
ស្របពេលដែលទីក្រុងកំពុងសាងសង់ផ្លូវថ្នល់ ប្រព័ន្ធលូ។ ផលរំខានមួយចំនួនដូចជាបណ្តាញទឹកស្អាត អគ្គីសនី សំណល់រឹងរាវ ដីហុយជាដើម។ ប៉ុន្តែក្រុមការងារបច្ចេកទេសបានតភ្ជាប់ជូនអតិថិជនប្រើប្រាស់វិញដែរ។
ពាក់ពន្ធ័នឹងតម្រូវការកំលាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថានឹងណែនាំឱ្យមន្ទីរការងារប្រកាសផ្សព្វផ្សាយដើម្បីឱ្យពួកគាត់មករកការងារនៅទីនោះ។
ទន្ទឹមនេះ រដ្ឋបាលខេត្តក៏បានរៀបចំការជួបជុំជាមួយអ្នកវិនិយោគដើម្បីជជែកគ្នាដោះស្រាយបញ្ហាប្រឈមនានាផងដែរ។
ទោះជាពេលនេះខេត្តមានបញ្ហាប្រឈមខ្លះតែ លោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កោតសរសើរខេត្តព្រះសីហនុ ថាមានការអភិវឌ្ឍរីកចម្រើនលឿន។ លោក Chen Jiangan បានគូសបញ្ជាក់ថាសមាគមសភាពាណិជ្ជកម្មកម្ពុជាចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាមានតួនាទីជាស្ពានចម្លងក្នុងការផ្តល់ការងារជូនដល់យុវជនកម្ពុជា។
លោក Chen Jiangan និយាយថាបច្ចុប្បន្នក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចពិសេសកំពុងត្រូវការកម្លាំងពលកម្មជាច្រើនបន្ថែមទៀត។
ក្រុមហ៊ុនស្នើរសុំឱ្យរដ្ឋបាលខេត្ត ជួយផ្សព្វផ្សាយជ្រើសរើសកម្មករ មកធ្វើការនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបិទការភ្នាល់ online ធ្វើឲ្យកាស៊ីណូonlineត្រូវបានបិទទ្វារ និងប៉ះពាល់ការងារយុវជនជាច្រើននាក់ផងដែរ ក៏ប៉ុន្តែមានរោងចក្រ សហគ្រាសចិននៅខេត្តព្រះសីហនុ ជាង ២០០ កន្លែង បានផ្ដល់ការងារជូនពលរដ្ឋជិត ៥ម៉ឺននាក់។
ដោយឡែកនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាស ១៧៥កន្លែង ផ្ដល់ការងារជូនយុវជនជិត ៣ម៉ឺននាក់ ។ឆ្នាំ២០២០នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្ដល់ការងារដល់យុវជនជិត ៤ម៉ឺននាក់៕ធ.ដ