ក្រសួងពាណិជ្ជកម្ម រៀបចំសន្និសីទសារព័ត៌មាន ស្តីពីការត្រៀមរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”

ភ្នំពេញ៖​ ក្នុងឱកាសដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ក្រសួងពាណិជ្ជកម្ម សហការជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា មូលនិធិ អាស៊ី-អឺរ៉ុប (ASEF) និងដៃគូដទៃទៀត នឹងរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ក្រោមមូលបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្ម ខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងយ៉ាងដូច្នេះ នៅក្នុង សន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ព្រមទាំងមានការចូលរួមអមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង មន្ត្រីនៃក្រសួងពាណិជ្ជកម្ម និងអ្នសារព័ត៌មានជាច្រើនអង្គភាព។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ច អាស៊ី-អឺរ៉ុប លើកទី១ នឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូអនឡាញ។ វេទិកានេះ ក៏នឹងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ អ្នករៀបចំគោលនយោបាយ បញ្ញាវ័ន្ត អ្នកជំនាញការ ប្រធានក្រុមហ៊ុនធំៗ ក្រុមធុរជន និងវិស័យឯកជន ពីបណ្តាប្រទេសជាសមាជិក អាស៊ី-អឺរ៉ុប មួយចំនួនដូចជា ប្រទេសអាស៊ាន ទាំង១០ ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្រា្តលី នូវែលសេឡង់ ហុងគ្រី បារាំង អង់គ្លេស រុស្ស៊ី បែលហ្ស៊ិក អេស្តូនី ជាដើម។

ឯកឧត្តមបានបន្តថា វេទិកានេះ ត្រូវរៀបចំឡើង ដើម្បីពិភាក្សាពីសក្តានុពលពាណិជ្ជកម្ម ក្នុងបរិបទនៃការឈានទៅបដិវត្តន៍ឧស្សាហកម្ម ៤.0 ផលប៉ះពាល់ដែលបណ្តាលមកពី ការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ លើវិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ នៃទ្វីប អាស៊ី និងទ្វីបអឺរ៉ុប ព្រមទាំងពិភាក្សាស៊ីជម្រៅ លើប្រធានបទពាក់ព័ន្ធសំខាន់ៗ និងរួមគំនិតគ្នាដោះស្រាយ បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ព្រមទាំងចែករំលែកបទពិសោធន៍ ចំណេះដឹង និងការអនុវត្តថ្មីៗ ល្អៗ ដល់គ្នាទៅវិញទៅមក សម្រាប់ការរីកចម្រើនរួមគ្នា សំដៅជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍទូទាំងប្រទេស នៃទ្វីបទាំងពីរ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា តាមរយៈនៃការរៀបចំវេទិកានេះ នឹងជួយលើកកម្ពស់ កិត្យានុភាព និងលើកមុខមាត់ប្រទេសកម្ពុជា លើឆាកអន្តរជាតិថែមមួយកម្រិតទៀត និងបង្ហាញជូនបណ្តាអ្នកចូលរួមមកពី អាស៊ី និងអឺរ៉ុប បានយល់ និងស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេស បានស្វែងយល់ពីសក្តានុពល វិស័យពាណិជ្ជកម្ម និងកាលានុវត្តភាព វិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញក្រុមវិនិយោគិន និងធុរជន មកពីអាស៊ី និងអឺរ៉ុប ពិនិត្យលទ្ធភាពមកបណ្តាក់ទុកវិនិយោគ នៅកម្ពុជា ព្រោះកម្ពុជាមានច្បាប់វិនិយោគថ្មី មានលក្ខណៈទាក់ទាញខ្លាំង តម្លៃពលកម្មទាប ប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធរូបវ័ន្តសមស្រប និងមានទីផ្សារសម្រាប់នាំចេញច្រើន (ទាំងក្រោមលក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី ជាមួយប្រទេសចិន និងកូរ៉េ)៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner