រឿងរ៉ាវលាក់បាំងដ៏វែងអន្លាយៈ នរណាក្បត់នរណា? ដៃគូលាក់កាំបិតក្រោយខ្នង!

ភ្នំពេញៈ លោក មុត ចន្ថា បានសរសេរនៅបណ្តាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញ ថា ទាំងគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) និងទាំងគណបក្សសិទ្ធិមនុស្សបានច្របាច់បញ្ចូលគ្នាទាំងរចនាសម្ព័ន្ធ និងទាំងកម្លាំងស្នូលនៅកម្រិតជាតិ និងមូលដ្ឋាន ដើម្បីបង្កើតទៅជា «គណបក្សសង្រ្គោះជាតិ» នៅខែកក្កដា ឆ្នាំ២០១២។ សូម្បីតែអតីតសមាជិកព្រឹទ្ធសភាក៏បានក្លាយជាសមាជិកគាំទ្រស្ថិតក្នុងក្រុមការងាររបស់គណបក្សសង្រ្គោះជាតិ នៅតាមបណ្តារាជធានី-ខេត្តទាំង២៥។

លោក ចន្ថា ដែលគេស្គាល់យ៉ាងច្បាស់ថា ជាបុគ្គលជំនិតនឹងលោក កឹម សុខា បានបន្តថា ផ្អែកតាមកិច្ចព្រមព្រៀងស្តីពីការបង្កើតចលនាសង្រ្គោះជាតិ និងក្រោយមកបានបង្កើតជាគណបក្សសង្រ្គោះជាតិ គឺគណបក្សសមរង្ស៊ី និង គណបក្សសិទ្ធិមនុស្ស គ្រាន់តែជាគណបក្សចាំសម្បុក ឬចាំផ្ទះ ក្នុងគោលបំណងរក្សាតំណែងជាប់ឆ្នោតរបស់គណបក្សទាំងពីរ គឺសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ និងរាជធានី-ខេត្ត ឱ្យនៅមានសុពលប៉ុណ្ណោះ។ ផ្អែកតាមច្បាប់បោះឆ្នោត បើសិនគណបក្សណាមួយត្រូវបានរំលាយ ឬបុគ្គលជាប់ឆ្នោតបាត់បង់សមាជិកភាពគណបក្ស នឹងត្រូវបាត់បង់តំណែងជាប់ឆ្នោតជាស្វ័យប្រវត្តិ។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសិទ្ធិមនុស្សបានជូនដំណឹងទៅក្រសួងមហាផ្ទៃ ដោយសម្រេចរំលាយគណបក្សនេះ តាមលិខិត ចុះ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដែល ត្រូវបានចុះហត្ថលេខាដោយ លោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស។ ក្នុងលិខិតនេះបានបញ្ជាក់ថា គណៈកម្មាធិការរអចិន្ត្រៃយ៍ បានសម្រេចរំលាយគណបក្សសិទ្ធិមនុស្ស បានចាប់ពីថ្ងៃនេះតទៅ។ លោក សឺន ស៊ូប៊ែរ្តិ៍ បានបញ្ជាក់ថា ការសម្រេចរំលាយគណបក្សសិទ្ធិមនុស្ស គឺពុំមែនមានការបង្ខិតបង្ខំ ដោយអ្នកនយោបាយណាមួយនោះទេ ប៉ុន្តែគណៈកម្មាធិការនៃគណបក្សសិទ្ធិមនុស្សបានឯកភាពរំសាយជាយូរណាស់មកហើយ ក៏ប៉ុន្តែ ដោយសារ មានការជាប់គាំងមួយរយៈពេល ព្រោះមានសមាជិកក្រុមប្រឹក្សាឃុំមួយចំនួន កូតាពីគណបក្សសិទ្ធិមនុស្សនៅពុំទាន់ផុតអាណត្តិជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ លោកបន្ថែមទៀតថាគណបក្សសិទ្ធិមនុស្ស រួមគ្នា ជាមួយបក្សសមរង្ស៊ី ប៉ុន្តែនៅតែមានជួរសមាជិកបក្សឃុំសង្កាត់ ដូច្នេះហើយដល់ពេលគេចូលទៅក្នុងសង្គ្រោះជាតិ ហើយគណបក្សសិទ្ធិមនុស្សនឹងឈប់មានតួនាទី។

លោក មុត ចន្ថា បានបន្តថា ទោះបីមានសំណើផ្លូវការពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសិទ្ធិមនុស្សក៏ដោយ ក៏ក្រសួងមហាផ្ទៃមិនទទួលឱ្យរំលាយគណបក្សនេះ ដោយលើកហេតុផលថាសំណើនេះ មិនត្រឹមត្រូវតាមលក្ខន្តិកៈគណបក្ស លុះត្រាតែរៀបចំសមាជគណបក្ស ដើម្បីបោះឆ្នោតអនុមតិជាផ្លូវការ។ ស្របពេលជាមួយគ្នា គណបក្សសិទ្ធិមនុស្សបានស្នើសុំពន្យារពេលជាច្រើនសារ ក្នុងការបញ្ជូនឯកសារទៅក្រសួងមហាផ្ទៃ តាមតម្រូវការនៃវិសោធនកម្មនៃច្បាប់ស្តីពីគណបក្សនយោបាយ។ លោកបានបញ្ជាក់ថា “យើងបានកត់សម្គាល់ឃើញថា គោលជំហររបស់គណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស គឺខុសគ្នាទាំងស្រុង ដោយគណបក្សសិទ្ធិមនុស្សបានបង្ហាញជំហរផ្លូវការ ស្នើសុំរំលាយគណបក្សនេះ និងលុបចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ ប៉ុន្តែគណបក្សភ្លើងទៀន បានព្យាយាមធ្វើឱ្យគណបក្សនេះដំណើរការឡើងវិញ តាមរយៈការប៉ុនប៉ងរៀបចំសមាជវិសាមញ្ញម្តងជាពីរដងរួចមកហើយ គឺលើកទីមួយគ្រោងធ្វើនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ និងលើកទីពីរគ្រោងធ្វើនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី២៦ ខែតុលានេះ បានបញ្ជាក់ថា សមាជវិសាមញ្ញគណបក្ស ថ្ងៃទី២៧ ខែវិច្ឆិកា «ដើម្បីធ្វើវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិកៈគណបក្ស រៀបចំជ្រើសតាំងសមាសភាពថ្នាក់ដឹកនាំគណបក្សអាណត្តិថ្មី និងកំណត់យុទ្ធសាស្រ្តនយោបាយរបស់គណបក្ស»។ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលមានសញ្ជាតិពីរ (ខ្មែរ-អាមេរិក)ធ្លាប់បានលើកឡើង កាលពីខែសីហាថា ៖ «ក្រោយពេលសមាជ យើងនឹងពិភាក្សាផ្តោតទៅលើគោលនយោបាយ ក្នុងការចូលរួមបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ ខាងមុខនេះ។ លោក ទាវ វណ្ណុល ធ្លាប់បានអះអាងថា សមាជិកព្រឹទ្ធសភានៃគណបក្ស ភ្លើងទៀនចំនួន១០នាក់ផ្សេងទៀត មិនត្រូវបានជាប់បម្រាមសិទ្ធិធ្វើនយោបាយនោះទេ ដោយសារកាលនោះ ពួកគេស្ថិតនៅជាសមាជិកព្រឹទ្ធសភា ហើយស្ថិតនៅក្រោម គណបក្សភ្លើងទៀន ដែលជាឈ្មោះថ្មីរបស់គណបក្សសមរង្ស៊ី។ ប៉ុន្តែលោក ទាវ វណ្ណុល ភ្លេចគិតថា សមាជិកព្រេទ្ធសភាទាំង១០រូបនេះ ត្រូវបានតែងតាំងជាសមាជិកក្រុមគាំទ្រគណបក្សសង្រ្គោះជាតិ នៅតាមរាជធានី-ខេត្ត និងមានឈ្មោះក្នុងបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតព្រឹទ្ធសភារបស់គណបក្សសង្រ្គោះជាតិ ដែលគណបក្សបានដាក់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងនោះមានឈ្មោះរបស់លោក ទាវ វណ្ណុល ផងដែរ។

យោងតាមច្បាប់ ស្តីពីគណបក្សនយោបាយមនុស្សម្នាក់មិនអាចមានសមាជិកភាពក្នុងគណបក្សនយោបាយពីរក្នុងពេលតែមួយបានទេ ដូច្នេះសមាជិកភាពក្នុងគណបក្សនយោបាយចុងក្រោយត្រូវមានសុពលភាព។ ក្នុងន័យនេះ អតីតសមាជិកព្រឹទ្ធសភានៃគណបក្សភ្លើងទៀនទាំង១០រូប បានបោះបង់សមាជិកភាពរបស់ពួកគេនៅក្នុងគណបក្សភ្លើងទៀននៅពេលឈ្មោះរបស់ពួកគេស្ថិតក្នុងបញ្ជីឈ្មោះបេក្ខជនសមាជិកព្រឹទ្ធសភារបស់គណបក្សសង្រ្គោះជាតិមកម៉្លេះ”។ ការរៀបចំសមាជសាមញ្ញ និងការប៉ុនប៉ងរៀបចំសមាជវិសាមញ្ញម្តងជាពីរដងរបស់គណបក្សភ្លើងទៀន គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា គណបក្សភ្លើងទៀនបានសម្រេចដើរចេញពីសម្ព័ន្ធភាពនយោបាយក្នុងអតីតគណបក្សសង្រ្គោះជាតិ ដែលលោក សម រង្ស៊ី ទន្ទេញជាប់មាត់ថាសម្ព័ន្ធភាពគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៊ី) និងគណបក្សសិទ្ធិមនុស្ស នៅតែរឹងមាំ ហើយគាត់ថែមទាំងបង្កើតដោយអត្តនោម័តិនូវពាក្យស្លោកៈ «សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ»។ នេះជាកលល្បិចរបស់ទុយ៌សដៃគូលួចចាក់ពីក្រោយខ្នង!។

លោក មុត ចន្ថា បានបញ្ជាក់ទៅចំណុចខាងលើដោយអះអាងមិនញញើតថា ទោះបីលោក ទាវ វណ្ណុល បដិសេធថា គណបក្សភ្លើងទៀន គ្មានទំនាក់ទំនងជាមួយលោក សម រង្ស៊ី និងអ្នកនយោបាយជាន់ខ្ពស់ផ្សេងទៀត ដូចជាលោក អេង ឆៃអ៊ាង អតីតអគ្គលេខាធិការនៃគណបក្សសមរង្ស៊ី ក៏ពិបាកគួរឱ្យគេជឿណាស់។ គណបក្សភ្លើងទៀនមិនអាចបញ្ឆេះឱ្យដើរឡើងវិញពេញកម្លាំងបាននោះទេ បើសិនជាប្រកាសផ្តាច់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី ឬគ្មានមេគំនិតនៅពីក្រោយចាំជម្រុញរចនាសម្ព័ន្ធនៅមូលដ្ឋាន។ ប្រភពដដែលបានបន្តទៀតថា អ្វីដែលគេរឹតតែពិបាកជឿនោះ គឺគណបក្សភ្លើងទៀន ជាមរតនយោបាយរបស់លោក សម រង្ស៊ី ដែលគាត់បានកសាងឡើងតាំងតែពីខែវិច្ឆិកា ឆ្នាំ១៩៩៥ ដូច្នេះគាត់ប្រាកដជាមិនអនុញ្ញាតឱ្យក្រុមនយោបាយនៃគណបក្សភ្លើងទៀនបច្ចុប្បន្នយកទៅបំផ្លាញចោលដោយងាយនោះទេ។
បើសិនជាគាត់មិននៅពីក្រោយគណបក្សភ្លើងទៀន។ ដូច្នេះមេដឹកនាំបច្ចុប្បន្ននេះមិនមានសារ និងសេចក្តីថ្លែងការណ៍នយោបាយ ឬគេហៅថាទ្រព្យធនគណបក្សទៅលក់ឱ្យអ្នកគាំទ្រ ឬប្រជាពលរដ្ឋគាំទ្រណាស់។ បើសិនគណបក្សនេះសម្រេចចូលរួមបោះឆ្នោតខាងមុខដោយគ្មានការគាំទ្រពីលោក សម រង្ស៊ី និងមនុស្សជិតស្និទ្ធរបស់គាត់ ដូចជា លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ រុញឱ្យរចនាសម្ព័ន្ធគណបក្សភ្លើងទៀនដែលស្ថិតក្នុងក្របខ័ណ្ឌគណបក្សសង្រ្គោះជាតិ ចូលរួមគាំទ្រ និងបញ្ឆេះឱ្យគណបក្សនេះដំណើរការទេ គណបក្សភ្លើងទៀន ប្រាកដជាបរាជ័យក្នុងការបោះឆ្នោត។ បើសិនជាដឹងជាមុនពីបរាជ័យ នោះលោក សម រង្ស៊ី និងមនុស្សជំនិតប្រាកដជាមិនបណ្តោយឱ្យខូចឈ្មោះឡើយ។ ដូច្នេះ បើសិនគណបក្សភ្លើងទៀន សម្រេចចូលរួមការបោះឆ្នោតខាងមុខ គឺប្រាកដណាស់លោក សម រង្ស៊ី នៅពីក្រោយ និងមានលោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ ដែលបុគ្គលទាំងពីរនាក់នេះគ្រប់គ្រងកម្លាំងនិងរចនាសម្ព័ន្ធនៃអតីតគណបក្សសមរង្ស៊ី នៅក្នុងគណបក្សសង្រ្គោះជាតិ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner