រដ្ឋបាលខេត្តបាត់ដំបង បានជម្រុញឲ្យគ្រប់សមាសភាព គណៈបញ្ជាការឯកភាពស្រុក-ក្រុង កងកម្លាំងនិងស្ថាប័នមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាលុបបំបាត់ឲ្យអស់ ជនអនាថា ជនវិកលចរិត និងក្មេងញៀនថ្នាំ តាមដងផ្លូវ នៅក្នុងមូលដ្ឋាន

ក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ថ្មីៗកន្កងទៅនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការណែនាំដោយបានក្រើនរំលឹក ជម្រុញឲ្យគ្រប់សមាសភាព ដែលពាក់ព័ន្ធក្នុងគណៈបញ្ជាការឯកភាពខេត្ត ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រុងនីមួយៗនិងមន្ទីរជំនាញផ្ទាល់ ត្រូវមានវិធានការម៉ឺងម៉ាត់ ក្នុងការលុបបំបាត់ឲ្យអស់ ជនអនាថា ជនមានសតិមិនល្អជនវិកលចរិត ក្មេងទំនើង និងក្មេងញៀនថ្មាំដែលកំពុងតែធ្វើសកម្មភាពដើរពាសវាលពាសកាលតាមដងផ្លូវសាធារណៈ និងតាមទីប្រជុំជនក្នុងក្រុង-ស្រុកកន្លងមក ត្រូវប្រមូលពួកគេទាំងនោះ យកទៅដាក់ក្នុងមណ្ឌលឬកន្លែងព្យាបាលណាមួយឲ្យបានត្រឹមត្រូវ ក្នុងនោះគឺ មន្ទីរសង្គមកិច្ចខេត្តត្រូវតែធ្វើកិច្ចការនេះឲ្យបានជាក់លាក់ និងសហការឲ្យបានល្អជាមួយនិងអាជ្ញាធរក្រុង-ស្រុក ហើយក៏មិនត្រូវមើលរំលង ពីភាពអសកម្មទាំងនេះបានឡើយ។

កន្កងមក ឯកឧត្តមអភិបាលខេត្តបាត់ដំបងធ្លាប់បានសួរនាំពីចំនួន”ជនទាំងនោះ”ថែមទាំងបានធ្វើការណែនាំឲ្យមន្ទីរសង្គមកិច្ចចុះស្រង់ស្ថិតិជនទាំងនោះមកឲ្យខេត្តរួចមកហើយ។ តែជាលទ្ធផល គឺទទួលបានពីចំនួនស្ថិតិពីរដ្ឋបាលក្រុងបាត់ដំបងទៅវិញ…។

ទាក់ទិននិងភាពអសកម្មនិងការបង្ករំខានដល់សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងសង្គម ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងក៏បានថ្លែងបន្ថែមទៀតថា៖ ក្រៅពីជនអនាថាខាងលើនេះ ក្នុងនេះគ្រប់អាជ្ញាធរស្រុក-ក្រុង ក៏ត្រូវពិនិត្យឡើងវិញ ក្នុងការរៀបចំនូវសណ្តាប់ធ្នាប់សាធារណៈ ការកែលម្អសោភ័ណភាពក្នុងទីប្រជុំជន និងយកចិត្តទុកដាក់ ទាំងអនាម័យ និងបរិស្ថាន ជាពិសេស ការត្រួតពិនិត្យពីការដាក់តាំងការលក់ដូរនៅបរិវេណដងផ្លូវជុំវិញផ្សារក្នុងក្រុង-ស្រុក ការដាក់តាំងទូលក់ទូរស័ព្ទចេញពីផ្ទះរំលោភយកចិញ្ចើមផ្លូវសាធារណៈការលក់ចំណីអាហារនៅតាមសួនច្បារមាត់ស្ទឹង…ជាដើម។ល។

កន្លងទៅនេះលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ធ្លាប់បានឲ្យដឹងថា៖ កាលពី ៣ខែកន្លងទៅ ដោយមានការណែនាំ ពីឯកឧត្តម ងួន រតនៈ អតីតអភិបាលខេត្ដបាត់ដំបង បានឱ្យអាជ្ញាធរក្រុងរៀបចំប្រមូលជនអនាថា និងជនបញ្ហាសតិ (វិកលចរិក) ដែលក្នុងជំហានដំបូង យកត្រឹមតែជនដែលមានគ្នាម្នាក់ឯង ជាមនុស្សធំ(ប្រុស-ស្រី) បានយកទៅផ្ញើនៅ មណ្ឌលកែប្រែនៃក្ដីសង្ឃឹម ស្រុកបវេលបានចំនួន១៨នាក់(ស្រី៤នាក់)។

លោកអភិបាលក្រុងក៏បានបន្ថែមថា៖ ក្រោយពីឯកឧត្តម សុខ លូ អភិបាលខេត្ដបាត់ដំបងថ្មី បានចូលកាន់តំណែង ក្នុងនោះឯកឧត្តមអភិបាលខេត្តបានបើកកិច្ចប្រជុំ ដាក់ចេញនូវវិធានការឱ្យរដ្ឋបាលក្រុង អធិការនគរបាលក្រុង សហការគ្នាជាមួយប្រធានមន្ទីរសង្គមកិច្ច ដើម្បីរិះរកវិធីសាស្រ្ដដោះស្រាយធ្វើយ៉ាងណា យកជនអនាថា និងជនបញ្ហាសតិ (វិកលចរិក) ដើម្បីប្រមូលយកទៅដាក់កន្លែងណាមួយសមស្រប សំរាប់ឲ្យពួកគាត់ទាំងនោះរស់នៅដើម្បីធ្វើការព្យាបាលឬយកទៅបន្សាបគ្រឿងញៀន ដើម្បីធ្វើការរៀបចំនូវទីសាធារណៈឱ្យបានល្អប្រសើរឡើងវិញ ចៀសវាងការបង្ករំខានពីពួកគេទាំងនោះ ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់ខេត្តនិងរំខានដល់ភ្ញៀវទេសចរណ៍ចេញចូលក្នុងខេត្ត។

លោកអភិបាលក្រុងបន្តថា «ក្រោយពីមានបទបញ្ជាពីឯកឧត្តមអភិបាលខេត្ដបាត់ដំបង អាជ្ញាធរក្រុង បានសហការជាមួយអធិការដ្ឋាននគរបាល និងសង្កាត់ទាំង១០ក្នុងក្រុង ដោយបានចុះស្រង់ជនទាំងនោះ ក្នុងនោះមាន៖ជនអនាថា និងជនមានបញ្ហាសតិ (វិកលចរិក) បានចំនួន ១៣៨នាក់ និងកំពុងតែរកកន្លែងដាក់ពួកគាត់ នៅកន្លែងសមរម្យ ព្រោះកន្លងមកធ្លាប់យកពួកគាត់ទៅដាក់នៅតាមវត្ដដែរ តែពួកគាត់តែងតែបំផ្លាញរបស់ទ្រព្យនិងបង្ករំខានផ្សេងៗ។ហើយបញ្ហានេះអាជ្ញាធរក្រុងក៏ធ្លាប់បានរាយការណ៍ ជូនឯកឧត្តមអភិបាលខេត្ដ
ហើយផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដដែលនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្ត បានថ្លែងដោយសង្កត់ធ្ងន់ថា៖ បញ្ហាខាងលើនេះ ត្រូវតែមានវិធានការលុបបំបាត់ឲ្យអស់ដោយមិនត្រូវឲ្យកើតមាន ពាសវាលពាសកាលនៅតាមដងផ្លូវ តាមទីប្រជុំជនសាធារណៈក្នុងទីក្រុង និងតាមទីប្រជុំជននានា បានតទៅទៀតឡើយ និងដើម្បីឲ្យសម្រេចនូវកិច្ចការទាំងនេះបាន គឺតម្រូវឲ្យគ្រប៎សមាសភាពថ្នាក់ដឹកនាំនៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ក្រុង-ស្រុក និងស្ថាប័នមន្ទីរជំនាញ និងអង្គភាពកងកម្លាំងពាក់ព័ន្ធត្រូវរួមគ្នាប្តេជ្ញាក្នុងការលុបបំបាត់នូវភាពអសកម្មទាំងនេះឲ្យបានដាច់ខេត្ត ដើម្បីឲ្យស័ក្តិសម និងឆ្លើយតបបាន និងកេរ្តិ៍ឈ្មោះ របស់ខេត្តបាត់ដំបងដែលជាខេត្តវ័យចំណាស់ជាងគេ និងអរីយធម៌វប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់ដ៏សម្បូរបែប ជាខេត្តស៊ីវិល័យក្នុងក្រសែភ្នែកភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលចង់មកស្នាក់នៅ និង ដើរលេងកំសាន្តនៅក្នុងខេត្ត…សម្រាប់ថ្ងៃអនាគត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner