សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើដំណើរចេញ-ចូលប្រទេសកម្ពុជា មិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ទៅលើអ្នកដែលបានចាក់វ៉ាក់សាំង ២ដូសរួច

ភ្នំពេញ៖ តាមរយៈសារជាសំឡេងពិសេសនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ការធ្វើដំណើរចេញ-ចូលប្រទេសកម្ពុជា មិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ទៅលើភ្ញៀវមកពីក្រៅប្រទេស ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ដែលបានចាក់វ៉ាក់សាំង ២ដូសរួចរាល់ ។ សម្ដេច ថា ជនបរទេស បងប្អូនខ្មែរដែលមកពីក្រៅប្រទេសក្តី ដែលបានចាក់វ៉ាក់សាំងរួចហើយនោះ មិនតម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR ទៀតទេ គ្រាន់តែត្រូវធ្វើតេស្តរហ័សតែប៉ុណ្ណោះ។

តាមរយៈសារជាសំឡេងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា មិនចាំបាច់រង់ចាំនៅតាមផ្ទះ នៅតាមទីកន្លែងដែលត្រូវរង់ចាំ នូវលទ្ធផលបញ្ជាក់ពីម៉ាស៊ីនធំ PCR បងប្អូនត្រូវតែធ្វើតេស្តនៅឯព្រលានយន្តហោះ តាមច្រកផ្លូវគោក និងផ្លូវទឹក ហើយរង់ចាំត្រឹមតែ ១៥នាទីឬ ២០នាទីតែប៉ុណ្ណោះ បន្ទាប់ពីនោះបងប្អូនមានលទ្ធភាព ដើម្បីចេញដំណើរទៅកាន់ទីកន្លែងណាក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយគ្មានការកំណត់។

សម្ដេចតេជោ បានបន្តថា នេះជាការអនុវត្តដោយគ្មានការរើសអើង ទាំងបងប្អូនខ្មែរមកពីក្រៅប្រទេស ទាំងបងប្អូននៅក្នុងប្រទេសដែលចេញទៅក្រៅប្រទេស ហើយត្រឡប់មកវិញ ទាំងអ្នកទេសចរបរទេស អ្នកធុរកិច្ចបរទេស គឺអនុវត្តដូចគ្នា។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង គឺតម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីនធំ PCR និងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃដដែល។ សម្ដេច ថា ការអនុវត្តនេះ ក៏ត្រូវអនុវត្តទាំងក្របខណ្ឌផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈសារជាសំឡេង ទៀតថា ចំពោះផ្លូវទឹក អ្នកដែលចូលមកដល់ អ្នកទាំងនោះបានចាក់វ៉ាក់សាំងពីរដូសរួច ហើយ យើងត្រូវធ្វើតេស្តរហ័ស ក្នុងករណីមិនមានវិជ្ជមានកូវី១៩ គឺអនុញ្ញាតឲ្យធ្វើដំណើរទូទាំងព្រះរាជាណាចក្រកម្ពុជា យើងអនុវត្តទាំងជាមួយថៃ ជាមួយឡាវ និងជាមួយវៀតណាម ដែលជាប្រទេសជិតខាងរបស់យើង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអនុវត្តចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ៕ ដោយ៖ វណ្ណលុក

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner