ព្រះមហាក្សត្រកម្ពុជាស្នើអង្គការយូណេស្កូដាក់បញ្ចូល «គុនល្បុក្កតោក្បាច់គុនបុរាណខ្មែរ» និង«រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

ភ្នំពេញៈព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំអង្គការយូណេស្កូដាក់បញ្ចូល «គុនល្បុក្កតោក្បាច់គុនបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» របស់កម្ពុជាទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។ នេះបើយោងតាមទំព័រហ្វេសប៊ុក Royal du Cambodge នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រភពដដែលបានបញ្ជាក់ថា “ក្នុងឱកាសស្តេចគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យជម្រាបជូនអំពីគោលបំណងរបស់កម្ពុជាដែលកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «គុនល្បុក្កតោក្បាច់គុនបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង«រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» របស់កម្ពុជាក្នុងប្រភេទបេតិកភណ្ឌពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ វប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ក្នុងព្រះរាជសវនការដ៏ឧត្តុង្គឧត្តម ជាមួយលោកជំទាវ AUDREY AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

គួរបញ្ជាក់ថា នាវេលាព្រឹកថ្ងៃទី១០ ខែវិចិ្ឆកា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្តេចសព្វព្រះរាជហឫទ័យយាង តាមព្រះរាជទីនាំងយន្តហោះពិសេស ទៅកាន់ទីក្រុងប៉ារីសសាធារណរដ្ឋបារាំងដើម្បីចូលរួមក្នុងមហាសន្និបាត លើកទី៤១ និងខួបទី៧៥ របស់អង្គការយូណេស្កូ ចាប់ពីថ្ងៃទី១០ ដល់ទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១តបតាមសេចក្តី ក្រាបបង្គំសូមយាងរបស់ លោកជំទាវ Audrey Azoulay អគ្គនាយិកា នៃអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌របស់អង្គការសហប្រជាជាតិ(UNESCO)៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner