អភិបាលខណ្ឌឫស្សីកែវ យកអំណោយសម្ដេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខសមាជិកសពអ្នកជំងឺកូវីដ១៩
ភ្នំពេញ៖ សមាជិកសពអ្នកជំងឺកូវីដ-១៩ ចំនួន៧គ្រួសារ រស់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចូលរួមរំលែកទុក្ខ និងសម្រួលដល់ជីវភាពមួយចំនួន ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ។
លោក ឯក ឃុនដឿន ថ្លែងថា សុំឱ្យប្រជាពលរដ្ឋ បន្តធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច តាមរយៈការពាក់ម៉ាស រក្សាគម្លាត និងការលាងដៃនិងសាប៊ូឱ្យបានញឹកញាប់ និងការយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរៀនរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ-១៩ បើទោះជា ទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ សូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដែលជាការផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត និងប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន។
សមាជិកសពអ្នកជំងឺកូវីដ-១៩ ទាំង៧គ្រួសារ ថ្លែងអំណរគុណ និងសូមជូនពរផងដែរ ចំពោះសម្ដេចតេជោ ហ៊ុន សែន តាមរយៈលោក ឯក ឃុនដឿន និងមន្ត្រីក្រោមឱវាទ បន្ទាប់ពីទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចូលរួមរំលែកទុក្ខ និងសម្រួលដល់ជីវភាពមួយចំនួន រួមមានក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម , មី១កេស , ត្រីខ ១យួរ , ទឹកស៊ីអ៊ីវ ១យួរ និង ថវិកា ២,០០០,០០០រៀល ៕