សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អាវរងារជូនដល់កងទ័ពជួរមុខ ប្រចាំព្រំដែនកម្ពុជា-ថៃ
ខេត្តឧត្តរមានជ័យ ៖ នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពកងពលតូចថ្មើជើងលេខ៤១ ចំណុះយោធភូមិភាគទី៤ ទទួលបានអាវរងារពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់ពាក់ ដើម្បីកាត់បន្ថយ និងទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំង គ្រាដែលរដូវរងារកំពុងឈានចូលមកដល់ និងក្នុងពេលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
អាវរងារជាង ១ពាន់អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ជូនតាមរយៈ មេបញ្ជាការកងពលតូចថ្មើជើងលេខ៤១ លោកឧត្តមសេនីយ៍ទោ នាង ឃីម នៅថ្ងៃទី១៥ វិច្ឆិកាម្សិលមិញ ។
លោកឧត្តមសេនីយ៍មេបញ្ជាការការកងពល បានចាត់លោកឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចថ្មើរជើងលេខ៤១ នាំយកអាវរងារ ១ពាន់ ៤៣២អាវ មកចែកជូនកងទ័ពប្រចាំព្រំដែនកម្ពុជា-ថៃ ដែលនាយនិងពលទាហានទាំងអស់ មកពីគ្រប់បណ្តាអង្គភាពចំណុះ កងពលតូចថ្មើរជើងលេខ៤១ នៃខេត្តឧត្តរមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ផៃ សុផាត បានបញ្ជាក់ថា ជានិច្ចកាលនៅក្នុងរដូវរងារ សម្តេចទាំងពីរ តែងបានជួយឧបត្ថម្ភអាវរងារ និងនៅក្នុងរដូវវស្សា ជួយឧបត្ថម្ភអាវភ្លៀង ជាពិសេស សម្តេចបានជួយឧបត្ថម្ភថវិកា និងសភារៈផ្សេងៗជាច្រើនទៀត ហើយអំណោយទាំងនេះ សុទ្ធតែត្រូវបានបញ្ជូនដល់ដៃ កងកម្លាំងគ្រប់កងឯកភាពភ្លាមៗ ផងដែរ ៕ដោយ ៖ ឡុង សំបូរ