ឯកឧត្តម ខាន់ ខុន អញ្ជើញនាំយកអំណោយចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ១០០គ្រួសាររស់នៅស្រុកអូរជុំ

រតនគិរី ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការនិងសាសនា និងជានាយកអង្គការ Hand Of Hope និងលោកជំទាវ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០០គ្រួសាររស់នៅស្រុកអូរជុំ។

ពិធីចែកអំណោយនេះប្រារព្ធធ្វើឡើង នៅបរិវេណសាលាស្រុកអូរជុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម គិត ទ្រី អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី អភិបាលស្រុក មេភូមិ មេឃុំ និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។

ឯកឧត្តម គិត ទ្រី អភិបាលរង នៃអភិបាលខេត្តរតនគិរី មានប្រសាសន៍ ថ្លែងអំណរគុណដល់ ឯកឧត្តម ខាន់ ខុន ដែលបានខិតខំស្វែងរកថវិកា និងមូលនិធិដើម្បីចុះមកជួយប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដោយសារវិបត្តិកូវីដ-១៩ នៅក្នុងខេត្តរតនគិរី។

ឯកឧត្តម ខាន់ ខុន មានប្រសាសន៍សំណេះសំណាលដោយបានសន្យាបន្តខិតខំស្វែងរកជំនួយជាថវិកា និងមូលនិធិផ្សេងៗទៀត ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាក បន្ថែមទៀតនាឱកាសក្រោយៗ។

សូមបញ្ជាក់ថាអំណោយដែលបាននាំមកជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកសុទ្ធ ១យួរ, ភួយ១, មុង១, ស្ករស១គីឡូក្រាម, អំបិល១គីឡូក្រាម និងអាហារបំប៉នមួយចំនួនផងដែរ ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner