ជនសង្ស័យម្នាក់ ចូលលួចធុងដាក់លុយដល់ក្នុងផ្ទះ ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន
ភំ្នពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីធ្វើសកម្មភាពករណី (លួចធុងដាក់លុយ) ត្រង់ចំណុចផ្លូវបេតុង ក្រុមទី៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យម្នាក់ឃាត់ខ្លួនមានឈ្មោះ ទេព បូរ៉ា ហៅ ចិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) អវិជ្ជមានកូវីត១៩។ ចំណែកជនរងគ្រោះឈ្មោះ បួយ ស៊ីមផាន ហៅ នៅ ភេទស្រី អាយុ៧៣ឆ្នាំ ទីលំនៅផ្ទះកើតហេតុ មុខរបរលក់ដូរ រួមនិងវត្ថុតាង រួចយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ។
ដោយឡែកសម្ភារៈដកហូតមាន៖
– ប្រាក់រៀលចំនួន១.៣៤០.០០០៛ (មួយលានសាមសឹមបួនម៉ឺនរៀល) ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានឲ្យដឹងទៀតថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងតែលក់ដូរ ក៏ស្រាប់តែជនសង្ស័យបន្លំចូលទៅលួចយកធុងដាក់លុយដែលនៅខាងក្នុងផ្ទះតែម្តង ហើយក៏មានការផ្អើលឆោឡោ ខណៈពេលដែលកំលាំងយើងឈរជើងនៅជិតគោលដៅនោះធ្វើការឃាត់ខ្លួនរួមនិងវត្ថុតាង រួចយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ។
បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលេីទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី
