រយៈពេល ៣០ឆ្នាំនៃទំនាក់ទនងរវាងអាស៊ាន-ចិន តើបានផ្ដល់សមិទ្ធផលផ្លែផ្កាអ្វីខ្លះ ដល់ប្រទេសជាសមាជិក ក៏ដូចជាសកលលោកទាំងមូល?

កាលពីព្រឹកថ្ងៃច័ន្ទទី២២ខែវិច្ឆិកាឆ្នាំ២០២១មេដឹកនាំអាស៊ាន-ចិន បានបើកកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-ចិន។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ក៏ដូចជាមេដឹកនាំអាស៊ាន និងអគ្គលេខាធិការអាស៊ាន។ បើទោះបីជាបរិបទការរាតត្បាតដោយមេរោគកូវីដ១៩ក្ដីក៏កិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ ប្រព្រឹត្តទៅដោយរលូនប្រកបដោយសោមនស្សរីករាយនៃការជួបជុំរបស់មេដឹកនាំអាស៊ានក្នុងខួបលើកទី៣០នេះ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រធានរដ្ឋចិន និងមេដឹកនាំអាស៊ាន បានថ្លែងសុន្ទរកថាគន្លឹះអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ព្រមទាំងដាក់ចេញនូវទស្សនៈវិស័យថ្មីបន្តទៅពេលអនាគត ដើម្បីពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិនបន្តទៀត។
អស់រយៈពេលបីទសវត្សរ៍មកនេះ ប្រទេសជាសមាជិកអាស៊ានពិតជាមានភាពកក់ក្តៅក្នុងចិត្តណាស់ ពីព្រោះថ្នាក់ដឹកនាំចិនឲ្យតម្លៃទៅកិច្ចសហប្រតិបត្តិការអាស៊ាន ចិន ទទួលបានសមិទ្ធផល ព្រមទាំងបានផ្ដល់ប្រយោជន៍ដល់គ្នាទៅវិញទៅមក បាននាំមកនូវសន្តិភាព ស្ថិរភាព វិបុលភាព ព្រមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅក្នុងតំបន់និងលើសកលលោក។

អស់រយៈពេល៣០ឆ្នាំមកនេះតើអាស៊ាន-ចិនបានរួមគ្នាកសាងជោគវាសនារួមយ៉ាងដូចម្ដេចខ្លះ?
ជាការពិតណាស់ រយៈពេលបីទសវត្សរ៍មកនេះចិននិងអាស៊ានមានទំនាក់ទំនងកិច្ចសហប្រតិបតិ្តការល្អ កាន់តែប្រសើរឡើង ប្រកាន់ប្រព័ន្ធពហុភាគីនិយម ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមរួម ក្នុងតំបន់ និងសកលលោកដោយសន្តិវិធី សំដៅរក្សាបាននូវសន្តិភាព, ស្ថិរភាព និងប្រកបដោយផ្លែផ្កានៅក្នុងតំបន់។ អ្វីដែលពិសេស ប្រទេសចិនតែងតែយកចិត្តទុកដាក់ក្នុងការពូនជ្រំសេដ្ឋកិច្ចរបស់សមាជិកអាស៊ានតាមរយៈការផ្ដល់ជាកូតានាំចូលទំនិញទៅកាន់ទីផ្សាររបស់ចិន ក៏ដូចជាការបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងគ្នានិងគ្នា តាមរយៈយន្តការផ្ដល់ប្រយោជន៍ស្នូលសំរាប់ជាតិ និងដើម្បីប្រយោជន៍របស់ប្រជាជនជាដើម នេះបើនិយាយក្រៅពីផ្នែកការទូតដែលប្រទេសចិនយកចិត្តទុកដាក់ដល់បណ្ដាប្រទេសសមាជិកអាស៊ាននោះ។

ជាក់ស្តែងតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិនដែលនិងត្រូវចូលជាធរមាននៅដើមឆ្នាំ២០២២ខាងមុខ ទំនិញប្រមាណជា៣០០ មុខនាំទៅកាន់ទីផ្សារចិនដោយរួចពន្ធជាដើម នេះជាហេតុផលមួយដែលប្រទេសជាសមាជិកអាស៊ានប្រឹងប្រែងក្ក្នុងការបើកចំហផ្ដល់ឪកាសដល់គ្នាទៅវិញទៅមក។
ប្រទេសចិនជាប្រទេសធំមួយនៅលើលោកដោយមានប្រជាជនរាប់ពាន់លាននាក់ ពិតណាស់ថាចិនពុំអាចខ្វះបាននូវការផ្គត់ផ្គង់នាំចូលដែរ តែរឹតតែសំខាន់ជាងនេះគឺស្មារតីជួយគ្នាក្នុងនាមប្រទេសជាបងប្អូនអាស៊ានតែមួយ បើរីកធំធាត់ក៏ត្រូវតែធំធាត់រួមគ្នាដែរ ហើយចិននឹងច្បាស់ជាក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន និងសហភាពអឺរ៉ុបផងដែរ។

បើនិយាយពីប្រទេសចិនជាការពិតណាស់ដែលថា ថ្នាក់ដឹកនាំចិនបាននិងកំពុងបន្តខ្នះខ្នែងពន្យល់ប្រាប់អាស៊ានថា ចិនគ្មានបំណងអាក្រក់ចង់បៀតបៀនបណ្តាប្រទេសអាស៊ីអាគ្នេយ៍រឺក៏ប្រទេសលោកខាងលិចដែរ ចិនតែងតែរួមកំលាំងសាមគ្គីជាមួយពិភពលោកដោយការរួមរស់ដោយសនិ្តសហវិជ្ជមាន ព្រមទាំងប្រើអំណាចស្រទន់ និងអនុវត្តនយោបាយ«ឈ្នះ-ឈ្នះ» ក្នុងគោលដៅដើរតួនាទីវិជ្ជមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងចង់ធ្វើជាដៃគូគំរូមួយរបស់អាស៊ាន ក៏ដូចជាពិភពលោក ហើយក៏ពុំបានអនុវត្តន៍នយោបាយស្ដង់ដារពីដូចប្រទេសលោកខាងលិចដែរ។ នៅលើវិស័យសេដ្ឋកិច្ចវិញ ចិនតែងតែខ្នះខ្នែងអនុវត្តនយោបាយ«ឈ្នះ-ឈ្នះ»នៅចំពោះមុខអាស៊ានជានិច្ច។

ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិនខួបលើកទី៣០នៅថ្ងៃទី២២ ខែវិច្ចិកានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ បានថ្លែងថា ស្របពេលចិនបានក្លាយជាប្រទេសឈានមុខមួយ និងមានតួនាទីកាន់តែសំខាន់ ទាំងក្នុងតំបន់ និងសកលលោក សមាជិកអាស៊ានក៏បានបំពេញតួនាទីកាន់តែទូលំទូលាយដែរនោះ ទំនាក់ទំនងអាស៊ាន-ចិន នឹងក្លាយជាទំនាក់ទំនងមួយ ដែលកាន់តែសំខាន់ និងចាំបាច់ មានអត្ថន័យធំធេង និងប្រកបដោយផ្លែផ្កា សម្រាប់តំបន់ទាំងពីរ និងសម្រាប់សកលលោកដែរ ជាពិសេសនៅក្នុងបរិការណ៍នៃការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្តល់នូវអានុសាសន៍ចំនួន ៤ ទៅកាន់កាន់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន អានុសាសន៍ទាំង៤នោះ រួមមាន៖ ការរួមគ្នាស្តារឡើងវិញសេដ្ឋកិច្ចអាស៊ាន-ចិន ក្នុងបរិបទជំងឺកូវីដ១៩, ពង្រឹងការតភ្ជាប់រវាងអាស៊ាន-ចិន, លើកកម្ពស់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងការប្រកាន់យកនយោបាយពហុភាគីនិយម។

សព្វថ្ងៃ ចិនបាននិងកំពុងបន្តទិញយ៉ាងសន្ធឹកសន្ធាប់ផលិតផលរបស់អាស៊ាន ជាហេតុធ្វើឲ្យភូមិភាគអាស៊ីអាគ្នេយ៍ស្គាល់កំណើនសេដ្ឋកិច្ចខ្លាំង ដោយសហគមន៍ចិនកំពុងទាញអាស៊ានឲ្យខិតចូលជិតគ្នាទ្បើង។ ទោះបីជាទំនាក់ទំនងរវាងចិននិងអាស៊ានមានលក្ខណៈកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ក៏តាំងពីដើមដំបូងមក ថ្នាក់ដឹកអាស៊ានតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មួយច្បាស់លាស់ មិនអនុវត្តន៍នយោបាយស្ដង់ដែរពីរដាច់ខាត ។ បើគិតមកដល់បច្ចុប្បន្ននេះប្រទេសចិនបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៨០លើពិភពលោក ហើយបានលើកកម្ពស់ឥតឈប់ឈរនៃកម្លាំងឥទ្ធិពល កម្លាំងទាក់ទាញនិងកម្លាំងបំផុសរបស់ចិនលើឆាកអន្តរជាតិ ។

ជាការកត់សម្គាល់ ប្រទេសចិនតែងតែបានអនុវត្តតាមពាក្យសន្យារបស់ខ្លួនដែលបានធ្វើក្នុងគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន ដោយប្រទេសចិនបានបង្កើតទំនាក់ទំនងមេត្រីភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាងទាំងក្នុងតំបន់អាស៊ានក៏ដូចជាពិភពលលោក ហើយបន្តដោះស្រាយបញ្ហាដែលសល់ពីប្រវត្តិសាស្ត្រជាច្រើនប្រកបដោយភាពសមរម្យជាមួយប្រទេសទាំងនោះ ដោយមិនអោយមានសង្រ្គាមទាំងពាក្យសម្ដីរឺក៏សង្រ្គាមបង្ហូរឈាមដាក់គ្នាដែរ ដោយយកយន្តការដំណោះស្រាយការទូតជាធំ ។

ជាមួយគ្នានេះ ក្នុងកិច្ចការអន្តរជាតិ ចិនបានគោរពតាមគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមានជានិច្ច ដែលប្រឹងប្រែងនិងរួមចំណែកដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធី ជំរុញកិច្ចការអន្តរជាតិនិងគាំពារសន្តិភាពក្នុងតំបន់និងពិភពលោក ។ ប្រទេសចិនក៏បានក្លាយជាប៉ូលសំខាន់សំរាប់ពិភពលោក ព្រោះថាចិនជាប្រទេសសេដ្ឋកិច្ចធំទី២លើលោក ជាគំរូមួយសំរាប់ក្រសែភ្នែករបស់អាស៊ាននិងជាកម្លាំងចលករស្រូបទាញឥតខ្វះបានរបស់អាស៊ាននិងពិភពលោក ប្រការនេះហើយបានធ្វើឪ្យប្រទេសចិនបានកំពុងបញ្ចេញឥទ្ធិពលកាន់តែសំខាន់ក្នុងសហគមន៍អន្តរជាតិ ហើយបានក្លាយជាគំរូដ៏ល្អសំរាប់អាស៊ានក៏ដូចជាពិភពលោកផងដែរ។អត្ថបទ៖ សុភ័ក្រ្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner