អ្នកប្រកបមុខរបរដឹកក្អមឆ្នាំងចង្ក្រានលក់ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមសកម្មភាពវិញហើយ បន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំ ដោយសារកូវីដ-១៩

កំពង់ឆ្នាំង ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ ប្រជាពលរដ្ឋនៅទូទាំងប្រទេសក៏ដូចជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង បានចេញដើរហើររកទទួលទានជាធម្មតាឡើងវិញ ខណៈមិនបានប្រកបមុខរបររកទទួលទានអស់រយៈពេល ២ឆ្នាំកន្លងមក ដោយសារតែការឆ្លង រីករាលដាល នៃជំងឺកូវីដ-១៩ ។

ដោយឡែកពលរដ្ឋក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលពួកគាត់មានមុខរបរដឹកក្អមឆ្នាំងចង្ក្រាន និងឧបករណ៍ប្រើប្រាស់ធ្វើអំពីដី ធ្លាប់ដើរលក់នៅតាមបណ្ដាខេត្តនានា ក៏បានចាប់ផ្ដើមចេញលក់ដូរជាថ្មីម្ដងទៀតប្រកបដោយទឹកចិត្តរីករាយ និងបានប្រកាន់ខ្ជាប់នូវវិធានអនាម័យរបស់ក្រសួងសុខាភិបាល ពិសេសគឺអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង ៣ការពារ ។

ជាក់ស្ដែងនៅព្រឹក ថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្បួនរឺម៉កម៉ូតូ និងរថយន្តកែច្នៃ ដែលមានផ្ទុកក្អមឆ្នាំង និងសម្ភារៈប្រើប្រាស់ ធ្វើអំពីដីជាច្រើនគ្រឿង បានចាប់ផ្ដើមចេញដំណើរទៅកាន់បណ្ដាខេត្តផ្សេងៗដើម្បីលក់ដូរ ដូចដែលពួកគាត់ធ្លាប់បានប្រកបមុខរបរនេះកាលពីពេលមុន។

យុវជនម្នាក់ឈ្មោះ ជា ថុនា មានទីលំនៅក្នុងភូមិខ្លី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលកំពុងតែផ្ទុកក្អមឆ្នាំង និងសម្ភារៈប្រើប្រាស់ធ្វើអំពីដី ចងលើរឺម៉កម៉ូតូ បានប្រាប់ឲ្យដឹងថា រូបគេបានប្រកបមុខរបរដឹកក្អមឆ្នាំង និងសម្ភារៈប្រើប្រាស់ធ្វើអំពីដី លក់មានរយៈពេល ៥ឆ្នាំមកហើយ បន្ទាប់ពីឪពុករបស់គេបានស្លាប់ទៅ រូបគេក៏បានចាប់យកមុខរបរនេះតពីឪពុករហូតមកដល់សព្វថ្ងៃ ។ កាលពីរូបគេនៅតូចៗ បានដើរលក់ក្អមឆ្នាំងជាមួយឪពុក កាលណោះមិនទាន់មានរថយន្ត គោយន្ត ឬ រឺម៉កម៉ូតូ ដឹកនោះទេ គឺបររទេះគោដឹកក្អមឆ្នាំងដើរលក់នៅតាមបណ្ដាខេត្តឆ្ងាយៗ មួយជើងៗទាំងទៅទាំងមក គឺចំណាយពេលរាប់ខែឯណោះទើបត្រឡប់មកដល់ផ្ទះវិញ ។

យុវជនរូបនេះ បានបន្តឲ្យដឹងទៀតថា ប្រជាពលរដ្ឋអ្នកមានមុខរបរលក់ក្អមឆ្នាំងពីសម័យដើម ជាទូទៅគេប្រើតែរទេះគោដឹកក្អមឆ្នាំងលក់គ្រប់ៗគ្នា ហើយត្រូវបររទេះដើរលក់តាមបណ្ដាខេត្តឆ្ងាយៗ មានដូចជាខេត្តព្រះវិហារ កំពង់ធំ កំពង់ចាម ស្ទឹងត្រែង។ល។

ការបររទេសដើរលក់ឆ្ងាយៗបែបនេះសត្វគោត្រូវតែមានស្បែកជើងពាក់ជានិច្ច ព្រោះត្រូវធ្វើដំណើរតាមផ្លូវក្រាលកៅស៊ូ បើមិនមានស្បែកជើងពាក់ទេ គោនិងដើរមិនរួចឡើយ។ អ្នកខ្លះនៅពេលលក់ក្អមឆ្នាំងអស់ ហើយត្រូវត្រឡប់មកផ្ទះវិញ ពួកគេបានលក់គោចោលទាំងអស់ ព្រោះគោមានសភាទ្រុឌទ្រោមដោយការអូសទាញផ្លូវឆ្ងាយ ហេតុនេះត្រូវដឹកឬសណ្តោងតែរទេះទទេ ត្រឡប់មកផ្ទះវិញក៏មាន ពេលរកទិញគោបានទើបចេញដំណើរដើរលក់បន្តទៀត ក្នុងមួយឆ្នាំចេញលក់បានពីមួយជើងទៅពីរជើងតែប៉ុណ្ណោះ ហើយកាលណោះមានតែរទេះកង់ឈើទេ តែបច្ចុប្បន្ននេះមិនមានដឹកតាមរទេះគោដូចកាលពីសម័យមុនទៀតទេ គឺបានវិវត្តមកដឹកតាមរថយន្ត រថយន្តកែច្នៃ រឺម៉កម៉ូតូ ឬគោយន្តអស់ហើយ ។

យុវជនខាងលើ បានបញ្ជាក់បន្ថែមថា ការដឹកលក់តាម មធ្យោបាយខាងលើនេះ គឺចំណេញពេលវេលាអ្នកដែលមានរថយន្តគេអាចដឹកលក់តាមបណ្ដាខេត្តឆ្ងាយៗ ចំណាយពេលត្រឹមតែ១០ទៅ១៥ថ្ងៃ គឺលក់អស់និងបានត្រឡប់មកដល់ផ្ទះវិញ ដោយឡែកអ្នកដឹកតាមរ៉ឺម៉កម៉ូតូដូចជារូបគេនេះ គឺលក់ត្រឹមក្រុងភ្នំពេញ និងខេត្តកណ្ដាល រយៈពេលត្រឹមតែមួយសប្តាហ៍ទៅ១០ថ្ងៃ ទើបលក់អស់បានត្រឡប់មកផ្ទះ និងបានរៀបចំក្អមឆ្នាំងចេញលក់ជាបន្តទៀត។ យុវជន ជា ថុនា បានបញ្ជាក់ទៀតថា ការប្រកបមុខរបរនេះ គឺទទួលបានប្រាក់កម្រៃគួរសមដែរ និងអាចជួយដោះស្រាយជីវភាពគ្រួសារបានមួយកំរិតផងដែរ ។

ជុំវិញករណីខាងលើនេះ លោក ចាន់ ឡេង ជំទប់ទីមួយឃុំជ្រៃបាក់ បានបញ្ជាក់ប្រាប់ថា នៅក្នុងឃុំជ្រៃបាក់ទាំងមូលមាន ១៦ភូមិ ក្នុងក្នុងចំណោមពលរដ្ឋ ១៦ភូមិ មាន ៨ភូមិ ដែលជាអ្នកប្រកបមុខរបរធ្វើក្អមឆ្នាំងលក់ ។ លោកបញ្ជាក់ទៀតថា ពលរដ្ឋទាំង ៨ភូមិ បានប្រកបមុខរបរធ្វើក្អមឆ្នាំងលក់ បន្តពីដូនតាមកម្ល៉េះ មកដល់សម័យនេះពួកគាត់នៅតែបន្តប្រកបមុខរបរនេះដោយមិនបោះបង់ នោះឡើយ ។

បច្ចុប្បន្ន អាជ្ញាធរឃុំ ក៏បានលើកទឹកចិត្តដល់ពួកគាត់ ដែលកំពុងប្រកបមុខរបរធ្វើក្អមឆ្នាំងលក់ និងបានជួយរក្សានូវកេរ្តិ៍ដំណែលពីដូនតាមិនឲ្យបាត់បង់ ហើយអាជ្ញាធរកំពុងតែចរចាដោះស្រាយជាមួយនឹងម្ចាស់ដីមួយចំនួន ដើម្បីរកដីណាដែលមានសក្តានុពលផ្នែកផលិតក្អមឆ្នាំងកើត ជូនពួកគាត់ជីកយកទៅធ្វើក្អមឆ្នាំងសម្រាប់លក់ដូរដោះស្រាយជីវភាពគ្រួសារបន្តទៀត៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner