លោក ហ៊ុន ម៉ានី៖ «វិសោធនកម្ម [រដ្ឋធម្មនុញ្ញកំណត់ថ្នាក់ដឹកនាំជាតិត្រូវមានសញ្ជាតិខ្មែរតែមួយ] គឺដើម្បីផលប្រយោជន៍ជាតិ និងសន្ដិសុខជាតិ»

លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានបង្ហោះខ្លឹមសារលើទំព័រផ្លូវការរបស់លោកថា៖ « វិសោធនកម្ម គឺដើម្បីផលប្រយោជន៍ជាតិ និងសន្ដិសុខជាតិ»។ ខ្លឹមសារនេះត្រូវបានបង្ហោះ ខណៈដែលរដ្ឋ សភា ជាតិនៃព្រះរាជាណាចក្រកម្ពុជាកំពុងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្ម មាត្រា ១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ  ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១  ។

ខ្លឹមសារទាំងស្រុងដែលបានបង្ហោះមានដូចតទៅ៖

១) មាសសុទ្ធមិនខ្លាចភ្លើង

➢ ជាការបញ្ជាក់យ៉ាងច្បាស់ចំពោះមុខប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ពីការតាំងចិត្ត និងការដាក់ចិត្ត​មួយ ថ្លើមមួយ មិនមានរារែកណាមួយ ក្នុងការដាក់តម្កល់ និងបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន​ដោយ​ឥតលក្ខខណ្ឌ។ មិនថា កន្លងមក បច្ចុប្បន្ន និងតទៅអនាគត ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​គ្រប់ជាន់​ថ្នាក់ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តី ប្តេជ្ញាការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រកាន់​នយោបាយការបរទេស ឯករាជ្យ សន្តិសហវិជ្ជមាន ដែលអាចនិយាយមួយបែបទៀតថា ជាកិច្ចសហប្រតិបត្តិ​ការ​ផ្អែកលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក និងផ្អែកទៅលើនយោបាយ ឈ្នះ ឈ្នះ សម្រាប់ប្រទេស និងប្រជាជន​រៀងៗខ្លួន។

 ២) គួររំលឹកដែរថា គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន

➢ ជាពិសេសនៅក្នុងដំណាក់កាលដែលលំបាកបំផុតក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានតែ

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា របស់គណបក្សប្រជាជនទេ ដែលបានយកជីវិត​ធ្វើជាដើមទុន​ក្នុងការរំដោះ​ប្រទេស និងប្រជាជន ហើយបានបន្តដឹកនាំដោយមានការចូលរួមពីឥស្សរជនទាំងក្នុង និងក្រៅប្រទេស ដែល​មានឆន្ទៈចូលរួមអភិវឌ្ឍប្រទេសជាតិពិតប្រាកដ។ គណបក្សប្រជាជន តម្កល់ផលប្រយោជន៍ជាតិ​ជាចម្បងនៅ​គ្រប់កាលៈទេសៈ ជាពិសេស សម្ដេច តេជោ នាយករដ្ឋមន្រ្តី ដែលជាប្រធានគណបក្សប្រជាជន​កម្ពុជា តែងតែ​ស្វាគមន៍​គ្រប់ភាគីទាំងអស់ដែលមានឧត្ដមគតិ និងសមត្ថភាព មកចូលរួមក្នុងការអនុវត្តកម្មវិធី​នយោបាយ​របស់គណបក្សប្រជាជន និងចក្ខុវិស័យគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

៣) វិសោធនកម្មគឺដើម្បី «ផលប្រយោជន៍ជាតិ និងសន្ដិសុខជាតិ»

➢ ការចែងក្នុងច្បាប់កំពូលរបស់ប្រទេសយើងឲ្យបានច្បាស់ដោយតម្រូវឲ្យតួនាទីកំពូលទាំង ៤ ដែលជាតួនាទី​មានសិទ្ធិសម្រេចជោគវាសនា និងមាគ៌ាប្រទេសជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ គឺមានគោលដៅតែមួយគត់ គឺការដាក់ចិត្ត និងតាំងចិត្តបម្រើប្រទេស និងប្រជាជនខ្មែរដោយឥតលក្ខខណ្ឌ ក្នុងនោះមិនឲ្យបរទេសមួយ​ណា​យកគំនិត ឬផលប្រយោជន៍នយោបាយរបស់ប្រទេសផ្សេងមកជះឥទ្ធិពលទៅលើសិទ្ធិសម្រេចក្នុងតួនាទីទាំង៤។

➢ ហេតុអ្វីទៅជាមានការមិនគាំទ្រ ហើយមានប្រតិកម្ម និងការអធិប្បាយផ្សេងៗជាបន្តបន្ទាប់ ហាក់បីដូចជាចង់​ការ​ពាររឿងអនុញ្ញាតឲ្យតួនាទីទាំង ៤ មានសញ្ជាតិលើសពីមួយ ដែលអាចឲ្យបរទេសជះឥទ្ធិពលម​នោគមន៍​វិជ្ជារបស់គេ មកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

➢ តើពាក្យថា បម្រើប្រទេសជាតិដោយឥតលក្ខខណ្ឌនិយាយបាន តែធ្វើមិនបានឬយ៉ាងណា? តើមិនអាចលះបង់សញ្ជាតិផ្សេង ដើម្បីបម្រើប្រជាជនខ្លួនឯងដោយឥតលក្ខខណ្ឌឬយ៉ាងណា?

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner