លោក ហ៊ុន កុសល៖ យុទ្ធសាស្ត្រ​ចាញ់ៗ​ៗ​ៗ

ភ្នំពេញៈ​លើ​បណ្ដាញ​សង្ក​ម​ហ្វេ​ស​ប៊ុ​ក​នៅថ្ងៃនេះ ​លោក ហ៊ុន កុសល បានធ្វើ​ការវិភាគ​ទៅលើ​យុទ្ធសាស្ត្រ​ចំនួន​បី​របស់​ទណ្ឌិត​ ​សម រង្ស៊ី ថា «​យុទ្ធសាស្ត្រ​ចាញ់ៗ​ៗ​ៗ​»។

លោក​បានសរសេរថា យើង​បានទទួល​ព័ត៌មាន​ថា លោក សម រ​ង្ស៊ី ​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​ចាត់ទុកជាចលនា​ឧទ្ទាម​ក្រៅច្បាប់ (outlawed guerrillas movement) បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចំនួន​បី​ដើម្បី​ធ្វើឱ្យ​ខ្លួន​គាត់​មានទម្ងន់​ និង​ឥទ្ធិពល​នយោបាយ​ឡើងវិញ ​សំដៅ​ឱ្យ​សហគមន៍​អន្តរជាតិ​ទាញ​គាត់​ចូលទៅក្នុង​កញ្ចប់​ដំណោះ​នយោបាយ​តាមផ្លូវ​ការទូត ប្រសិន​ជាមាន​ជាយ​កថា​ហេតុ ឬ​មានបំណង​ទាញ​ចំណាប់អារម្មណ៍​អំពី​សារៈសំខាន់​របស់គាត់​។

​ប្រសិនជា​យើង​ពិនិត្យមើល​យុទ្ធសាស្ត្រ​ចំនួន​បីរបស់លោក សម រ​ង្ស៊ី គឺជា «​យុទ្ធសាស្ត្រ​ចាញ់ៗ​ៗ​ៗ​» រួចទៅហើយ​។ ខាងក្រោម​នេះ គឺជា​យុទ្ធសាស្ត្រ​ទាំងបី​របស់គាត់៖
-​យុទ្ធ​សា​ស្ត្រី​ទី​១. លោក សម រ​ង្ស៊ី កំណត់​ទិសដៅ​ច្បាម​យក​គណបក្ស​ទាំងពីរ គឺ​«គណបក្ស​សង្គ្រោះ​ជាតិ​» និង «​គណបក្ស​ភ្លើងទៀន​» ដើម្បី​យកមក​ត្រួតត្រា ​ព្រោះ​គាត់​ចាត់ទុកថា​គណបក្ស​ទាំងពីរ គឺជា​ស្ថាប័ន​ផ្សេងគ្នា ដូច្នេះ​ត្រូវមាន​ទិ​ដៅ និង​បេសកកម្ម​ផ្សេងគ្នា​។​
-យុទ្ធសាស្ត្រ​ទី​២. លោក សម រ​ង្ស៊ី បានកំណត់​ទិសដៅ និង​បេសកកម្ម​សម្រាប់​គណបក្ស​ភ្លើងទៀន​ជា​ចលនានយោបាយ ស្របច្បាប់​មួយ ដើម្បី​វាយ​ដណ្តើមយក​សមរភូមិ​ន​យោ​បាយ​នៅ​កម្ពុជា​ឡើងវិញ ដើម្បី​ត្រួសត្រាយ​បើកផ្លូវ​នយោបាយ​ឱ្យ​គាត់ មាន​ទម្ងន់ ​និង​អំណាច​នយោបាយ​ឡើង​ក្នុង​គោលបំណង​ស្វែងរក​ការចរចា​ទ្វេភាគី​ ឬ​ពហុភាគី​ដោយមាន​សហគមន៍​អន្តរជាតិ​ចូលរួម​សម្របសម្រួល​។​
-​យុទ្ធសាស្ត្រ​ទី​៣. លោក សម រ​ង្ស៊ី បន្ត​ឱប​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​នៅក្រៅ​ប្រទេស ក្រោម​ឆត្រ​ពីរ គឺជា «​ប្រធានស្តីទី​លើក​បន្តុប​ខ្លួន​គាត់​ដោយ​រំលោភ​លក្ខន្តិកៈ​»​និង​ជា​«​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​ចាត់ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​» ដើម្បី​បន្តធ្វើ​សកម្មភាពនូវ​អ្វីដែល​គាត់​អះអាងថា​ បន្តធ្វើ​កិច្ច​ការទូត​ជាមួយ​អន្តរជាតិ​។

​លោក ហ៊ុន កុសល បន្ត​ដោយ​លើក​ជា​សំណួរ​ថា ហេតុអ្វី​ត្រូវ​ចាត់ទុកជា​យុទ្ធសាស្ត្រ​ចាញ់ៗ​ៗ​ៗ?

-​ចាញ់​ទី​១. ការដែល​លោក សម រ​ង្ស៊ី កំណត់​គណបក្ស​ភ្លើងទៀន និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ជា​ស្ថាប័ន ពីរ​ដាច់ពីគ្នា គឺជា​បង្ហាញ​ពី​ការបែកបាក់​យ៉ាងច្បាស់​ក្រឡែត ព្រោះ​គណបក្ស​ភ្លើងទៀន​ដែល​បាន​ប្តូរ​ឈ្មោះ​មកពី​គណបក្សសម រ​ង្ស៊ី ធ្លាប់​ត្រូវបាន​ច្របាច់​បញ្ចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស បង្កើតបានជា «​គណបក្ស​សង្គ្រោះ​ជាតិ​» នៅ​ខែកក្កដា ឆ្នាំ​២០១២​។ តាមពិត​បន្ទាប់ពី​ការច្របាច់បញ្ចូលគ្នា​រួច ទាំង​គណបក្ស​សម រ​ង្ស៊ី បច្ចុប្បន្ន​គណបក្ស​ភ្លើងទៀន និង​គណបក្ស​សិទ្ធិមនុស្ស បានប្រកាស​មិន​ធ្វើ​សកម្មភាព​នយោបាយ ឬ​ចូលរួម​ការបោះឆ្នោត ដោយ​គណបក្ស​ទាំងពីរ​ត្រូវ​រួម​កម្លាំង​គ្នា​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិតែមួយ​។ ឥឡូវ​លោក សម រ​ង្ស៊ី ​បានរៀបចំ​ឱ្យ​គណបក្ស​ភ្លើងទៀន​ចេញ​ធ្វើ​សកម្មភាព​នយោបាយ​ និង​ចូលរួម​ក្នុងការ​បោះឆ្នោត​ក្នុង​គោលបំណង​ដណ្តើមយក​សមរភូមិ​ន​យោ​បាយ​នៅ​កម្ពុជា​ឡើងវិញ​ គឺ​ស្មើនឹង​ការប្រកាស​ផ្តាច់ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវបាន​រំលាយ​រួចទៅហើយ​។ ផ្តាច់ខ្លួន​ចេញ គឺ​បែកបាក់ ដូច្នេះ​សម្ព័ន្ធភាព​ទ្វេភាគី​កន្លងមក​ត្រូវបាន​បញ្ចប់​។​
-​ចាញ់​ទី​២. ការដែល​លោក សម រ​ង្ស៊ី កំណត់​យុទ្ធសាស្ត្រ និង​បេសកកម្ម​ឱ្យ​គណបក្ស​ភ្លើង​ទៀន ធ្វើ​សកម្មភាព​នយោបាយ និង​ចូលរួម​ការបោះឆ្នោត ដើម្បី​ដណ្តើមយក​សមរភូមិ​ន​យោ​បាយ​ឡើងវិញ គឺ​រឹ​តតែ​ចាញ់​យ៉ាង​គ្រោះថ្នាក់​ថែមទៀត​។ ពាក្យ​ថា «​ដណ្តើមយក​សមរភូមិ​នយោបាយ​» អាចមាន​ន័យ​និង​គោលបំណង​ពី​រៈ (១)​ធ្វើសង្គ្រាម ឬ (២)​ធ្វើការ​បះបោរ ដែល​លោក សម រ​ង្ស៊ី ធ្លាប់បាន​ប្រកាស​ចេញ​ជា​ផែនការ នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ២០១៩ ​ដែល​«​គាត់​បាន​អំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ បែរ​ចុង​កាណុង​សំដៅទៅសម្តេច​តេ​ជោ ហ៊ុន សែន វិញ ប្រសិនជា សម្តេច​ ហ៊ុន សែន ​បញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​បាញ់ប្រហារ​មកលើ​ប្រជាពលរដ្ឋ​ដែល​គាត់​អះអាងថា​នឹង​មក​ទទួល​គាត់ នៅ​ថ្ងៃ០៩ វិច្ឆិកា ២០១៩»​។
-ចាញ់​ទី​៣. លោក សម រ​ង្ស៊ី ​បានកំណត់​យុទ្ធសាស្ត្រ​ចូលរួម​ការបោះឆ្នោត​។ ​ការដណ្តើម​សមរភូមិ​នយោបាយ​ឡើងវិញ​នេះ គ្រាន់តែ​ចំណុច​ចាប់ផ្តើម​មួយ ដើម្បី​ឈានទៅ​អនុវត្ត​ផែនការ​ហិង្សា​ផ្សេងៗ ដូចជាៈ «​បង្ក​សង្គ្រាម​» ឬ «​ធ្វើការ​បះបោរ​» នៅក្រោម​រូបភាព​បាតុក​ម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត ដូចដែល​លោក សម រ​ង្ស៊ី ធ្លាប់​បានធ្វើ​នៅក្រោយ​ការបោះឆ្នោត ឆ្នាំ​១៩៩៨, ឆ្នាំ​២០០៣, ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៣-២០១៤​។​

គេ​នៅ​ចាំបាន​ថា ផែនការ​មាតុភូមិនិវត្តន៍ លើក​ទី​១ «៩​វិច្ឆិកា​ឆ្នាំ​២០១៩» លោក សម រ​ង្ស៊ី បានប្រកាស​ចូលមក​ចាប់ខ្លួន សម្តេច​តេ​ជោ ​ហ៊ុន សែន​ និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។ ​ដូច្នេះ​លោក ​សម រ​ង្ស៊ី និង​អ្នកនយោបាយ​ជំនិត​របស់គាត់​នៅក្រៅ​ប្រទេស អាច​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទម្លាក់​មកឱ្យ​អ្នក​នៅក្នុង​ប្រទេស​អនុវត្ត​ផែនការ​បះបោរ​។ ​គេ​អាច​សួរថា ​ផែនការ​បះបោរ ក្នុង​គោល​ណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នេះ​ ទៅរួច​ទេ ​ចម្លើយ​គឺ​មិនអាច​ទៅរួច​ជាដាច់ខាត​ព្រោះ​រាជរដ្ឋាភិបាល​ប្រាកដជា​បង្ក្រាប​យ៉ាងដាច់ខាត ដូចដែល​រាជរដ្ឋាភិបាល​ធ្លាប់បាន​ដាក់ចេញ​ផែនការ​បង្ក្រាប​ចំពោះ​ផែនការ «៩​វិច្ឆិកា​២០១៩» ដូច្នេះ​ដែរ​។​

​-ចាញ់​ទី​៤. គណបក្ស​ភ្លើងទៀន​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅ​ឆ្នាំ​២០២២ ​និង​ការបោះឆ្នោត​សភា នៅ​ឆ្នាំ​២០២៣ ដែល​ត្រូវគេ​ដឹង​ពី​លទ្ធផល​ជាមុន គឺ «​ចាញ់​» ព្រោះ​លទ្ធផល​បោះឆ្នោត​នៅមុន​ការរួបរួម​គ្នា នៅ​ខែកក្កដា ឆ្នាំ​២០១២ គណបក្ស​សម រ​ង្ស៊ី កើន​បានតែ២​អាសនៈ​សភា ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ​២០០៨​ ដែល​ខុសពី​ការរំពឹងទុករបស់លោក សម រ​ង្ស៊ី នៅពេល​គាត់​ផ្តួចផ្តើម​ស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី​សំឡេង​ពីរភាគបី (២/៣)​មក​ត្រឹម​ហាសិប ភាគរយ​បូក​មួយ (៥០% + ១) នៃ​សមាជិកសភា​ទាំងមូល ក្នុង​ការបង្កើត​រដ្ឋាភិបាល គឺ​គាត់​រំពឹង​ឈ្នះ​សំឡេង៥០%​។ ឥឡូវ​ទម្រាំគាត់​បាន​ក្បត់​ឆន្ទៈ​របស់​អ្នកគាំទ្រ ឬ​ម្ចាស់ឆ្នោត​ខ្លួន សំឡេងឆ្នោត​អាច​នឹង​ដាំ​ក្បាល​ចុះក្រោម​ថែមទៀត​។ ទោះបី​គណបក្ស​ភ្លើងទៀន​បាន​ខិតខំ​រៀបចំ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃទី​២៧​ ខែវិច្ឆិកា ​ដើម្បី​ជ្រើសតាំង​ថ្នាក់ដឹកនាំ​ថ្មី​ដែលមាន​ចេតនាបង្ហាញ​ពី​ការមិន​ជាប់​ពាក់​ពន្ធ​ជាមួយលោក សម រ​ង្ស៊ី ក៏ដោយ ក៏​មិនអាច​លាង​ជ្រះ​ពី​ការសង្ស័យ​ព្រោះ​គណបក្ស​ភ្លើងទៀន មិនអាច​ចៀស​ផុតពី​ការប្រើប្រាស់​បារមី​របស់លោក សម រ​ង្ស៊ី បានឡើយ​។ ប្រសិនជា​គណបក្ស​ភ្លើងទៀន​ងើប​សន្ទុះ​កម្លាំង​នយោបាយ​គណបក្ស​នេះ​ស្ថិតក្នុង​ដង្កាប់​ស្រាប់​ដែល​ងាយ​ខ្យល់​បក់​ឱ្យ​រលត់ទៅវិញ ព្រោះ​មូលដ្ឋាន​ច្បាប់​មាន​គ្រប់គ្រាន់ ដើម្បី​ភ្ជាប់​ដាក់បន្ទុកជាង​គណបក្ស​ថ្មី​សន្លាង​មួយ​។​
-ចាញ់​ទី​៥. សហគមន៍​អន្តរជាតិ​ពុំដែល​ទទួលស្គាល់​លោក សម រ​ង្ស៊ី ​ក្នុងនាម​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅប្រទេស​ឡើយ​។​ ម្យ៉ាងទៀត​សហគមន៍​អន្តរជាតិ​ពុំ​ភ្ជាប់​ខ្លួន​ ឬ​សហការ​ជាមួយ​មេដឹកនាំ​ចលនា​ខុសច្បាប់​ដែលមាន​គោលបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​នៃ​រដ្ឋ​អធិបតេយ្យ​ឡើយ​។ លោក ឈុន យ៉ា​សិ​ដ្ឋ​ មេ​ចលនា​អ្នក​ប្រយុទ្ធ​កម្ពុជា​ដើម្បី​សេរីភាព​ដែល​បាន​ដឹកនាំកម្លាំងប្រដាប់អាវុធ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល នៅ​ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០០០ ត្រូវបាន​ចាប់ខ្លួន​ និង​កាត់ទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត នៅ​សហរដ្ឋអាមេរិក​។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មិនអាច​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ្នកនយោបាយ​ណា​ដែល​មានបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ដែលមាន​សន្តិភាព​ជាមួយ​ខ្លួន​ឡើយ ដោយសារ​មូលហេតុ​នេះហើយ​ទើប​កន្លងមក​ក្នុង​រយៈពេល​ជាង ៤​ឆ្នាំ​មកនេះ ពុំមាន​មន្ត្រី ឬ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​អាមេរិក នៃ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ដូ ណា​ល់​ត្រាំ និង​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ជួប​លោក សម រ​ង្ស៊ី​។ លោក សម រ​ង្ស៊ី បាន​ជួប​ត្រឹម​មន្ត្រី ឬ​សមា​ជិ​ក​សភា ២-៣​រូប ប៉ុណ្ណោះ​ដែល​មិន​តំណាងឱ្យ​រដ្ឋបាល​អាមេរិក​។ បើសិនជា​សហគមន៍​អន្តរជាតិ​ចង់​សហការ ឬ​ជួបពិភាក្សា​ការងារ ​គឺ​ពួកគេ​តែងតែ​ជួប​តំណាង​អតីតគណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​លោក កឹម សុខា ក្នុងនាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​។

​គេ​នៅ​ចាំបាន​ថា លោកស្រី រ៉ូ​ណា ស្មី​ត អតីត​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប​ចាំ​កម្ពុជា ធ្លាប់បាន​ថ្កោលទោស​លោក សម រ​ង្ស៊ី នៅ​កិច្ចប្រជុំ​កំពូល​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ចំពោះ​អំពើ​ និង​ការប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក ហ៊ុន កុសល បានបញ្ជាក់​នៅ​ចុងការ​វិភាគ​របស់លោក​ថា “​ទាំងនេះ​ជា​យុទ្ធសាស្ត្រ​មិនដែល​ឈ្នះ គឺ​ចាញ់ ចាញ់ ចាញ់ ជា​រៀងរហូត​!”៕​

ដោយៈ​ពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner