ប្រធានាធិបតីអាហ្វ្រិកខាងត្បូងសម្តែងការព្រួយបារម្ភ និងព្រមានពីរលកកូវីដ-១៩លើកទី ៤ ខណៈវីរុស អូមីក្រុង កំពុងឆ្លងរីករាលដាលខ្លាំង

អាហ្វ្រិកខាងត្បូង៖ ជាមួយនឹងករណីឆ្លងថ្មីៗនៃវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង នាពេលបច្ចុប្បន្នស្ទើរគ្រប់ខេត្តទាំងអស់នៃប្រទេសអាហ្វ្រិកខាងត្បូងនោះ ប្រធានា ធិបតីប្រទេសនេះ លោក ស៊ីរឹល រ៉ាម៉ាហ្វូសា បានព្រមានថា ប្រទេសនេះនឹងធ្លាក់ចូលទៅក្នុងរលកឆ្លងលើកទី ៤ នាពេលឆាប់ៗនេះ បើសិនករណីឆ្លងថ្មីៗនៅតែបន្តកើនឡើង និងបានជំរុញអោយសាធារណៈជនទូទៅចាត់វិធានការណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវមួយនេះ។

លោក ស៊ីរឹល រ៉ាម៉ាហ្វូសា បានអំពាវនាវខាងលើនេះនៅក្នុងសន្ទរកថាមួយទៅកាន់ប្រជាជនអាហ្វ្រិកខាងត្បូង តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បន្ទាប់ពីរូបលោកបានចូលរួមកិច្ចប្រជុំមួយស្តីពីការស្វែងរកវិធីសាស្រ្តប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។ វីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង ត្រូវបានចាត់ថ្នាក់ដោយអង្គការសុខភាពពិភពលោក (WHO) ជាមេរោគគួរអោយព្រួយបារម្ភ។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងរូបនេះបានគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកកំពុងពិចារណាដាក់ចេញកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លង មានជាប់ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី អូមីក្រុង ដែលអាចនឹងបង្កទៅជារលកឆ្លងថ្មីជាលើកទី ៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

លោក រ៉ាម៉ាហ្វូសា បានសង្កត់ធ្ងន់ថា ប្រសិនបើអាហ្វ្រិកខាងត្បូងមិនពិចារណាជ្រើសយកជម្រើសកាតព្វកិច្ចចាក់វ៉ាក់សាំងទេ នោះប្រទេសនេះនឹងនៅតែបន្តងាយរងគ្រោះ ដោយសារវីរុសបំប្លែងថ្មី និងបន្តឈឺចាប់ដោយសាររលកឆ្លងថ្មីៗទៀត ខណៈមកទល់ពេលនេះ ប្រជាជនអាហ្វ្រិកខាងត្បូងត្រឹម ១ភាគ៣ប៉ុណ្ណោះ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ៕ ប្រភព៖ CGTN និង CNA

 

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner