មីយ៉ាន់ម៉ា៖ ការប្រយុទ្ធជាមួយនឹងគូប្រជែងនៅតែបន្ត ខណៈអន្តរជាតិអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា
អស់រយៈជាង ១០ខែក្រោយពីមានព្រឹត្តិការណ៍រដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលនៅមីយ៉ាន់ម៉ា ស្ថានភាពនៅក្នុងស្រុកនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅតែពោរពេញដោយអំពើហិង្សាប៉ះទង្គិចគ្នានៅឡើយ។
ដំណោះស្រាយនយោបាយហាក់បីនៅសែនឆ្ងាយនៅឡើយ នៅពេលដែលអ្នកស្រី អ៊ុងសាន ស៊ូជី និងឥស្សរជននយោបាយនៃក្រុមស៊ីវិលកំពុងតែស្ថិតដំណើរការកាត់ក្ដីរបស់តុលាការ។
មិនត្រឹមតែគ្មានដំណោះស្រាយទេ ក្រុមយោធាមីយ៉ាន់ម៉ានៅតែប្រយុទ្ធជាមួយកងទ័ពការពារប្រជាជន (PDF) នៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) រួមទាំងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចនានា។ចំណែកឯ ភាគីយោធាបានចាត់ទុកក្រុមរដ្ឋាភិបាលស្រមោល និងអង្គការជនជាតិមួយចំនួនជាក្រុមភេរវកម្ម។ លើសពីនេះទៅទៀត កាលពីខែកញ្ញាកន្លងទៅ ភាគីរដ្ឋាភិបាល NUG ក៏ប្រកាសសង្គ្រាមប្រឆាំងនឹងអាជ្ញាធរយោធាទៀតផង។
ទិដ្ឋភាពនៅក្នុងមីយ៉ាន់ម៉ាទាំងមូល អំពើហិង្សាក្រោមរូបភាពនានា ទាំងការប្រយុទ្ធគ្នាដោយមានកាំភ្លើងទាំងសងខាង ក៏ដូចជាការវាយប្រហារបែបភេរវកម្ម នៅតែកើតមាន ហើយវាបង្កឱ្យមនុស្សស្លាប់គ្រប់ភាគីនៃការប្រយុទ្ធនេះ។
បើតាមស្ថិតិរបស់សមាគមជំនួយអ្នកទោសនយោបាយមីយ៉ាន់ម៉ា (AAPP) ចាប់តាំងពីរដ្ឋប្រហារមក មនុស្សយ៉ាងតិចជិត ១ ៣០០នាក់ត្រូវបានស្លាប់ក្រោមដៃរបស់យោធា។ ខាងយោធាបានចាត់ទុកស្ថិតិនេះជាការបំផ្លើស។ នៅក្នុងខែវិច្ឆិកានេះ យោធាក៏បានបញ្ចេញស្ថិតិនៃចំនួនមន្ត្រីរបស់ខ្លួន ដែលបានស្លាប់ ដោយការវាយប្រហារពីសំណាក់ក្រុម NUG ផងដែរ។
មន្ត្រីរដ្ឋបាលចំនួន ១៩៣នាក់ ដែលមានដូចជា តម្រួត និងមេភូមិ ក៏ដូចជាមន្ត្រីមូលដ្ឋាននានា ដែលធ្វើឱ្យខាងយោធាត្រូវបានស្លាប់ដោយអំពើហិង្សានានារួមមាន ការបាញ់សម្លាប់ ផ្ទុះគ្រាប់បែក ហើយថែមទាំងការចាក់ និងការវាយសម្លាប់ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានយោធា។
បើតាមសេចក្ដីរាយការណ៍នានាចេញពីប្រទេសមីយ៉ាន់ម៉ា ក្នុងមួយរយៈចុងក្រោយនេះអំពើហិង្សា ការប៉ះទង្គិចគ្នា ក៏ដូចជាការរំលោភសិទ្ធិមនុស្សនានាភាគច្រើនកើតឡើងនៅរដ្ឋឈីន (Chin State) ដែលជាប់នឹងព្រំដែនឥណ្ឌា តំបន់សាហ្គាអ៊ីង (Sagaing) ដែលស្ថិតនៅភាគកណ្ដាលមីយ៉ាន់ម៉ា និងតំបន់មេកវ៉េ (Magway) ដែលជាប់នឹងរដ្ឋធានីណៃពិដោ។
សារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ានានាបានចុះផ្សាយថា ខាងយោធាបានប្រើប្រាស់អាវុធធ្ងន់ៗ ក៏ដូចជាវាយប្រហារពីលើអាកាសតាមរយៈឧទ្ធម្ភាគចក្រទៀតផង។ បន្ថែមពីលើនេះ គេសង្កេតឃើញថា ផ្ទះអ្នកស្រុកជាច្រើនត្រូវបានដុតបំផ្លាញ ក្រោយការប្រយុទ្ធគ្នាបានបញ្ចប់។
អំពើហិង្សាទាំងនេះបណ្ដាលឱ្យមនុស្សរាប់ម៉ឺននាក់បានផ្លាស់ទីលំនៅ។ ជាក់ស្ដែងនៅរដ្ឋឈីន មនុស្សប្រមាណ ៤ម៉ឺននាក់ ចំណែកឯនៅតំបន់សាហ្គាអ៊ីងមនុស្ស ១១ ០០០នាក់បានបង្ខំចិត្តចាកចេញពីទីលំនៅរបស់ខ្លួន។
ជាមួយនឹងស្ថានការណ៍នេះដែរ សហគមន៍អន្តរជាតិនៅតែបន្តធ្វើការអំពាវនាវឱ្យភាគីទាំងអស់នៅក្នុងមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា និងនាំគ្នាចូលតុចរចាជាមួយគ្នា។
កាលពីដើមខែវិច្ឆិកានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបង្ហាញពីក្ដីព្រួយបារម្ភចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា ជាពិសេសនៅរដ្ឋឈីនតែម្ដង។ ស្ថាប័នពិភពលោកមួយនេះក៏អំពាវនាវឱ្យមានការបើកផ្លូវដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ហើយក៏បង្ហាញពីការគាំទ្រដល់ការវិលត្រលប់នូវលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាម៉ាទៀតផង។
ក្រៅពីនេះប្រទេសចំនួន ៧ ដែលមានដូចជា អូស្ត្រាលី កាណាដា នូវែលហ្សេឡង់ ន័រវែស កូរ៉េខាងត្បូង អង់គ្លេស និងសហរដ្ឋអាមេរិក ក៏បានធ្វើការអំពាវនាវស្រដៀងគ្នានេះដែរ ក្នុងសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ បន្ថែមពីលើនេះទៀត ប្រទេសទាំង ៧ នេះក៏ជំរុញឱ្យសហគមន៍អន្តរជាតិទាំងមូលបញ្ឈប់ទាំងស្រុងក្នុងការផ្ទេរអាវុធគ្រប់ប្រភេទ មិនថាជាជំនួយ ឬ ការទិញដូរក្ដី ទៅកាន់យោធាមីយ៉ាន់ម៉ា៕
ប្រភព៖ The Diplomat