ស្ថានីយបន្សុទ្ធទឺកកខ្វក់ នៅខេត្តព្រះសីហនុ កំពុងបម្រើការយ៉ាងសកម្ម ដើម្បីបន្សុទ្ធទឹកចូលសមុទ្រ

រាជធានីភ្នំពេញ៖ ដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយដែលបានប្រើប្រាស់រួច ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រនោះអាជ្ញាធរខេត្តព្រះសីហនុបានកសាងស្ថានីយប្រព្រឹត្តិកម្មកខ្វក់ចំនួន២រួចរាល់ហើយ ដែលសព្វថ្ងៃកំពុងប្រើប្រាស់យ៉ាងសកម្មសម្រាប់បន្សុទ្ធទឹកនៅទីក្រុងព្រះសីហនុ។

គួរបញ្ជាក់ថាស្ថានីយប្រព្រឹត្តកម្មនេះដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ របស់អ៊ីស្រាអែល MABR វាមានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអ៊ុកស៊ីត បាក់តេរី និងសារធាតុពុល ហើយទឹកដែលប្រព្រឹត្តកម្មរួច មិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ វាមានគុណភាពប្រកបដោយស្តង់ដាខ្ពស់ និងជាស្នាដៃរបស់កូនខ្មែរ ចំនួន៦រូបប៉ុណ្ណោះ។

បើតាមការលើកឡើងពីសំណាក់ឯកឧត្តមគួចចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងថាស្ថានីយប្រព្រឹត្តកម្មនេះផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គមដល់ខេត្តព្រះសីហនុធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរកាន់តែច្រើនឡើងនាថ្ងៃខាងមុខ។ ឯកឧត្តមចាត់ទុកថាវាក៏ជាគម្រោងដ៏មានសារៈសំខាន់មួយសម្រាប់បម្រើផលប្រយោជន៍ខេត្តទាំងក្នុងពេលបច្ចុប្បន្ននិងថ្ងៃអនាគត។

លោក លី រិទ្ធ អគ្គនាយកនៃក្រុមហ៊ុន Xwater Technology Co. Ltdបានឱ្យដឹងថា ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំទី២នេះសព្វថ្ងៃស្ថិតនៅភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧ ២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ ស្ថាននីយនេះបានដាក់ឱ្យដំណើរការរយៈពេល៦ខែកន្លងមក។មកដល់បច្ចុប្បន្នស្ថានីយមួយកន្លែងនេះបានធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់បានប្រមាណ៥៨ម៉ឺនម៉ែត្រគូប។

លោកថា ទឹកកខ្វក់ក្រោយពីឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មរួច វានឹងក្លាយជាទឹកមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រនោះទេ។
គួរបញ្ជាក់ថាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ចំណែកឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាងសង់នៅឡើយ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់ លេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD។

សូមជំរាបដែរថាប្រភពទឹកកខ្វក់ដែលចេញពីគេហដ្ឋាននិងអគាររស់នៅរបស់ពលរដ្ឋត្រូវបានប្រមូលផ្តុំនឹងត្រូវបានបញ្ជូនទៅកាន់អាងចម្រោះបឋមតាមរយៈបណ្តាញបំពង់ដែកកាបូន ហើយសំណាញ់ Coarse Screen អាចច្រោះសំរាមឬភាគល្អិតដែលមានទំហំធំជាងឬស្មើ២មីលីមែត្រ។ ទឹកកខ្វក់នេះត្រូវបានបូមឡើងចូលទៅក្នុងអាងទឹក ដែលអាចច្រោះសំរាមឬភាគល្អិតដែលមានទំហំធំជាងឬស្មើ៦មីលីម៉ែត្រ ហើយបន្តហូរចូលអាងមួយទៀត ដែលអាចច្រោះភាគល្អិតទំហំធំជាងឬស្មើមួយមីលីម៉ែត្រ។

ក្នុងដំណាក់កាលអាងចម្រោះបឋមនេះភាគល្អិតនិងសមាសធាតុសរីរាង្គដែលមានទំហំជាងឬស្មើ១មីលីម៉ែត្រត្រូវបានយកចេញ ហើយទឹកកខ្វក់នេះបន្តហូរចូលអាងចម្រោះផ្សេងទៀតរហូតបានក្លាយជាទឹកស្អាតដែលគេអាចបង្ហូរចូលសមុទ្របានដោយសុវត្តិភាពមិនប៉ះពាល់ដល់បរិស្ថាននិងជីវៈចម្រុះឡើយ។
ក្រៅពីនេះទឹកដែលធ្វើប្រព្រឹត្តិកម្មរួច អាចបង្ហូរចូលសមុទ្របានហើយ ទឹកនេះគេថែមទាំងអាចចិញ្ចឹមត្រីក្រឹម ហើយកាកសំណល់ពីការចម្រោះទឹកកខ្វក់នេះគេអាចយកទៅធ្វើជាជីបម្រើលើវិស័យកសិកម្មបានទៀតផង៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner