ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះពិនិត្យការអនុវត្តចលនាប្រឡងប្រណាំងទាំង៥ខ្លឹមសារ នៅកងវរសេនាតូចលេខ១
ខេត្តកំពង់ធំ ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចុះពិនិត្យវាយតម្លៃសកម្មភាព ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវខ្លឹមសារចលនាប្រឡងប្រណាំងទាំង៥ ខ្លឹមសារនៅកងវរសេនាតូចលេខ១ យោធភូមិភាគទី៤ ក្នងគោលដៅគ្រប់គ្រងកម្លាំងត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ និងការងារកសាងអង្គភាពរឹងមាំ លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាព លើកកម្ពស់ជីវភាពរស់នៅរបស់យោធិនឲ្យកាន់តែល្អ ប្រសើរ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានចង្អុលបង្ហាញយោធិនគ្រប់រូបនៃអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវអនុវត្ត ១.ភារកិច្ចការពារទឹកដី ត្រៀមប្រយុទ្ធ ការងារល្អ ២.ហ្វឹកហ្វឺនរៀនសូត្រ អប់រំល្អ ៣.គោរពវិន័យនិងស្មារតីសតិអារម្មណ៍ល្អ ៤.ការដឹកនាំអង្គភាព និងសាមគ្គីសហការល្អ និងទី៥.គ្រប់គ្រងកងកម្លំាងអាវុធគ្រឿងចក្រសម្ភារៈ និងការងារចិញ្ចឹមទ័ពល្អ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចលេខ១ ភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ១ ឲ្យដឹងថា អង្គភាពវរសេនាតូចលេខ ១ បានត្រៀមបម្រុងកងកម្លំាង និងអាវុធគ្រាប់គ្រប់គ្រាន់សម្រាប់ចល័ត អន្តរាគមន៍តាមបទបញ្ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រៅពីការត្រៀមប្រយុទ្ធហ្វឹកហ្វឹកហ្វឺន ដល់កងកម្លាំងនិងការកសាងអង្គភាព គឺបានដាំបន្លែបង្ការមាន ត្រកួន.ឆៃថាវ.ត្រប់ ម្ទេស. ជីគ្រប់មុខ. ស្លឹកគ្រៃ និងចិញ្ចឹមសត្វមាន់ ទា ជាង ៧០០ក្បាល គោចំនួន ២៥ក្បាល សម្រាប់លក់ដូរនិងដោះស្រាយជីវភាពហូបចុកប្រចាំថ្ងៃ ក្នុងរោងបាយសមូហភាពរបស់អង្គភាពផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោសរសើរយោធិន អង្គភាពវរសេនាតូចលេខ ១ បានសហការសាមគ្គីភាពគ្នាល្អ ក្នុងការអនុវត្តនូវចលនាប្រឡងប្រណាំងទាំង៥ខ្លឹមសារ ដែលយោធភូមិភាគទី៤ បានដាក់ចេញដោយទទួលបានលទ្ធផលល្អគួរជាទីមោទនៈ និងបានឲ្យយោធិនទាំងអស់ ត្រូវបន្តខិតខំអនុវត្តចលនាប្រឡងប្រណាំង យកចិត្តទុកដាក់ការងារបង្ករបង្កើនផល ចិញ្ចឹមសត្វ ដើម្បីដោះស្រាយការហូបចុក ក្នុងរោងបាយសមូហភាព របស់អង្គភាពឲ្យកាន់តែប្រសើរឡើង និងឧបត្ថម្ភជួយដល់ក្រុមគ្រួសារ សម្រួលដល់ការដោះស្រាយជីវភាពប្រចាំថ្ងៃ ក្នុងនោះយោធិនត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំនិង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងរៀនរស់តាមកន្លងថ្មីនៃបរិបទកូវីដ-១៩ផងដែរ ៕ ដោយ ប៊ុន រដ្ឋា