រយៈពេល ១០ខែ ឆ្នាំ២០២១ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារចិនកើនឡើង ៤៩.០២ភាគរយ ខណៈការនាំចូលពីទីផ្សារចិនកើនឡើង ៣៧.០៣ភាគរយ
ភ្នំពេញ៖ យោងតាមស្ថិតិរបស់អគ្គនាយកគយ និងរដ្ឋាករកម្ពុជានៃក្រសួងពាណិជ្ជកម្មបានអោយដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារចិនបានកើនឡើង៤៩.០២% ស្របពេលដែលការនាំចូលពីទីផ្សារចិនកើនឡើង ៣៧.០៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ ជារួមទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ មានការកើនឡើងរហូតដល់ ៣៨.៥៦%។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មមានប្រសាសន៍អោយដឹងថា ទោះបីក្នុងបរិបទកូវីដ-១៩ ឃើញថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនកើនឡើងទាំងការនាំចេញ និងការនាំចូល បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលតួលេខនៃការកើនឡើងរួមទៅលើទំហំពាណិជ្ជកម្ម ៣៨.៥៦%។ ឯកឧត្តមបន្តថា សង្កេតមើលតួលេខនេះ មិនមានឧបសគ្គធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ ជះឥទ្ធិពលមកលើការធ្វើពាណិជ្ជកម្មរវាងភាគីទាំងពីរ គឺចិន-កម្ពុជាទេ មានផលបច្ច័យប៉ះពាល់បន្តិចបន្តួចទាក់ទងនឹងការដឹកជញ្ជូនទំនិញ ពីព្រោះវិបត្តិកូវីដធ្វើឲ្យការដឹកជញ្ជូនឡើងថ្លៃ វាធ្វើឲ្យជើងដឹកជញ្ជូនខ្សត់មិនសូវមានកប៉ាល់ចេញ-ចូលច្រើន ដូច្នេះធ្វើឲ្យការដឹកជញ្ជូនឡើងថ្លៃ និងមានការរអាក់រអួលដល់ទំនាក់ទំនងទៅដល់ការនាំចេញទំនិញ។ ឯកឧត្តមបន្ថែមថា ចិនមិនមែនជាប្រទេសជិតខាងគ្នាជាមួយកម្ពុជានោះទេ ដូច្នេះការប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវទឹក ហើយក្នុងនោះក៏មិនមែនអាចដឹកទៅប្រទេសចិនដោយផ្ទាល់បាន គឺមានពីរផ្លូវគឺមានការដឹកចេញដោយផ្ទាល់ និងទៅតាមកំពង់ផែទឹកជ្រៅព្រះសីហនុ និងការដឹកចេញទំនិញឆ្លងកាត់តាមរយៈវៀតណាមដែលជាប្រទេសសម្រាប់ទំនិញកម្ពុជាឆ្លងកាត់ ទម្រាំដល់កំពង់ផែប្រទេសចិន។ ឯកឧត្តមបញ្ជាក់ទៀតថា នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនចូលជាធរមាននៅដើមឆ្នាំ២០២២ខាងមុខនេះ ក្រសួងរំពឹងទុកថា នឹងមានការកើនឡើងបន្ថែមទៀតនៅការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិន ជាពិសេសទំនិញកសិផល និងទំនិញឧស្សាហកម្មរបស់សហគ្រាសតូច និងមធ្យម ដែលទាំងអស់នេះបានបង្កើនទំហំពាណិជ្ជកម្ម, ទី២អាចបង្កើនទីផ្សារការងារសម្រាប់ប្រជាពលករនៅក្នុងស្រុក, ទី៣អាចនឹងទាក់ទាញអ្នកវិនិយោគដែលគេចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីផលិតទំនិញនាំចេញទៅកាន់ទីផ្សារចិន។
ម្យ៉ាងវិញទៀត វាអាចធ្វើឲ្យទំហំពាណិជ្ជកម្មកើនឡើង អាស្រ័យដោយការនាំចេញទំនិញមួយចំនួនដែលពីមុនកម្ពុជាមិនធ្លាប់បានទទួលការអនុគ្រោះពន្ធសូន្យ ប៉ុន្តែពេលនេះបានទទួលការអនុគ្រោះពន្ធសូន្យបន្ថែមពីលើការទទួលបាន នៅក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដូច្នេះទំហំពាណិជ្ជកម្មកាន់តែទូលាយ ហើយសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងទៀតក៏នឹងរួមចំណែកផងដែរនៅក្នុងការរីកចម្រើនសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា ហើយក៏ជួយពង្រឹងក៏ដូចជាពង្រីកទីផ្សារបន្ថែមទៀតទៅកាន់ប្រទេសចិន និងហួសពីប្រទេសចិនបន្ថែមទៀត។ ឯកឧត្តមបានឲ្យដឹងទៀតថា បន្ថែមពីលើទំនិញកសិកម្មដែលមានស្រាប់ កម្ពុជារំពឹងទុកថា នឹងពង្រឹងកសិកម្មកែច្នៃ មានន័យថា កសិ-ឧស្សាហកម្ម ព្រោះពីដើមកម្ពុជាធ្វើកសិកម្មទៅលើកសិដ្ឋានតូចៗ ហើយនាំចេញផលិតផលជាសាច់ស្រស់ បន្លែស្រស់ និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ទីផ្សារចិន ប៉ុន្តែបន្តិចទៀតនៅពេលដែលមានអ្នកវិនិយោគចូលមកកម្ពុជានឹងលើកទឹកចិត្តឲ្យមានការកែច្នៃជាម្ហូបអាហារ ជាផលិតផលឧស្សាហកម្មដែលកើតចេញពីផលិតផលកសិកម្ម ឧទាហរណ៍៖ ដំឡូងកម្ពុជានាំចេញជាចំណិតដំឡូងផង និងនាំចេញម្ស៉ៅមី ម្ស៉ៅដំឡូងដែលធ្វើជាថ្នាំពេទ្យផង និងម្ស៉ៅដំឡូងដែលសម្រាប់ផលិតជាគ្រឿងសំអាង។ល។