ជំនិតរបស់លោកឌូតឹរតេដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២

លោក បុង ហ្គោ (Bong Go) ដែល​ជា​សមាជិក​ព្រឹទ្ធសភា និង​ជំនិត​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺរតេ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​បេក្ខភាព​ប្រធានាធិបតី​នៃ​ការ​បោះឆ្នោត​ជាតិ​ខែ​ឧសភា ឆ្នាំ២០២២។

លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គ្រួសារ​របស់​លោក​មិន​យល់​ស្រប​នឹង​ការ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នេះ​ទេ។

«ក្រុម​គ្រួសារ​ខ្ញុំ​ក៏​មិន​ចង់​ដូច​គ្នា​ដែរ ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា ពេល​នេះ​ប្រហែល​មិនមែន​ជា​ពេលវេលា​សក្ដិសម​សម្រាប់​ខ្ញុំ​នោះ​ទេ។ មាន​តែ​ព្រះ​ទេ​ដែល​ដឹង​ថា ពេល​ណា​ជា​ពេល​ដ៏​ល្អ​សម្រាប់​ខ្ញុំ»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​ក៏​មិន​ចង់​ឱ្យ​លោក​ប្រធានាធិបតី ឌូតឺរតេ ជាប់​អន្ទាក់​នៅ​កណ្ដាល​នោះ​ទេ ព្រោះ​តែ​ខ្ញុំ​ស្រឡាញ់​គាត់ ហើយ​ចាត់​ទុក​គាត់​ជា​ឪពុក​មួយ​រូប។ គាត់​ចាស់​ហើយ ហើយ​គាត់​បាន​ធ្វើ​ច្រើន​ណាស់​សម្រាប់​ប្រទេស​ជាតិ។ ខ្ញុំ​មិន​ចង់​បន្ថែម​បញ្ហា​ទៅ​ឱ្យ​គាត់​ទេ។ ខ្ញុំ​នឹង​នៅ​តែ​ស្មោះ​នឹង​គាត់ ហើយ​នឹង​សច្ចា​បន្ត​នៅ​ជាមួយ​គាត់​ជា​រៀង​រហូត​»។

បុរស​វ័យ​ ៤៧ឆ្នាំ​រូប​នេះ ជា​ជំនិត​របស់​លោក ឌូតឺរតេ​យូរ​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំង​ពី​ឆ្នាំ១៩៩៨មក​ម្ល៉េះ​ ដោយ​លោក​ ឌូតឺរតេ កាល​ពី​នៅ​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​ដាវ៉ាវ​នៅ​ឡើយ​បាន​ចាត់តាំង​លោក បុង ហ្គោ ធ្វើ​ជា​ជំនួការ​ពិសេស។ នៅ​ពេល​ដែល​លោក​ ឌូតឺរតេ ឡើង​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ២០១៦ លោក​ បុង ហ្គោ នៅ​បន្ត​តំណែង​នេះ​ដដែល​រហូត​ដល់​ឆ្នាំ២០១៨។ ឆ្នាំ​២០១៨ លោក​ក៏​ឈរ​ឈ្មោះ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា ប៉ុន្តែ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ឌូតឺរតេ នៅ​តែ​រក្សា​ដដែល។

កាល​ពី​​ខែ​កញ្ញា​ ឆ្នាំ​២០២១​នេះ​ នៅ​ពេល​ដែល​លោក​ ឌូតឺរតេ​ប្រកាស​ថា​លោក​នឹង​ឈរ​ឈ្មោះ​ជា​អនុ​ប្រធានាធិបតី លោក បុង ហ្គោ ខ្លួន​លោក​ផ្ទាល់​ក៏​សម្រេច​ទទួល​យក​ការ​ចាត់​តាំង​របស់​គណបក្ស​កាន់​អំណាច PDP-Laban ក្នុង​ការ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ផង​ដែរ។

នៅ​ពេល​ដែល​ លោក ឌូតឺរតេ មិន​ចង់​ធ្វើ​ជា​អនុប្រធានាធិបតី​វិញ លោក បុង ហ្គោ ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​ធ្វើ​ជា​អនុ​ប្រធានាធិបតី សម្រាប់​គណបក្ស PDP-Laban ដោយ​មាន​អតីត​មេ​ប៉ូលិស​ និង​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក ឌូតឺរតេ ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី។

ក្រោយ​មក​នៅ​ខែ​វិច្ឆិកា​នេះ លោក បុង ហ្គោ ប្ដូរ​ចិត្ត​មួយ​សារ​ទៀត ដោយ​ចេញ​ទៅ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៅ​គណបក្ស​តូច​មួយ ដែល​ទើប​តែ​បង្កើត​នៅ​ឆ្នាំ២០១៨។ លោក​បាន​និយាយ​នៅ​ពេល​នោះ​ថា លោក​ធ្វើ​បែប​នេះ ដោយសារ​តែ​លោក​មិន​ចង់​ប្រជែង​នឹង​បេក្ខភាព​អនុ​ប្រធានាធិបតី​អ្នកស្រី សារ៉ា ឌូតឹរតេ ដែល​ជា​កូនស្រី​ប្រធានាធិបតី​ហ្វីលីពីន​បច្ចុប្បន្ន​នេះ។

លុះ​នៅ​សប្ដាហ៍​នេះ អតីត​ជំនួយ​ការ​របស់​លោក ឌូតឺរតេ​ រូប​នេះ​ក៏​ដក​ខ្លួន​ចេញ​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​តែ​ម្ដង។

ការ​ដក​ខ្លួន​របស់​លោក បុង ហ្គោ ធ្វើ​ឱ្យ​អ្នក​តាមដាន និង​អ្នក​ជំនាញ​នយោបាយ​ហ្វីលីពីន​យល់​ដូច​ៗ​គ្នា​ថា​ជា ការ​បើក​ផ្លូវ​ឱ្យ​បេក្ខភាព​ប្រធានាធិបតី លោក ហ្វើឌីណង់ បុងបុង ម៉ាកូស ជូនៀ ដែល​ជា​កូន​ប្រុស​របស់​អតីត​មេដឹកនាំ​ផ្ដាច់​ការ​ហ្វីលីពីន ហ្វើឌីណង់ ម៉ាកូស។

លោក Antonio La Vina សាស្ត្រាចារ្យ​ច្បាប់ និង​នយោបាយ​នៃ​សាកលវិទ្យាល័យ​អាតេនីអូ​ឌឺ​ម៉ានីឡា បាន​ប្រាប់​សារព័ត៌មាន​ជប៉ុន​នីកេ​ថា ការ​ចាកចេញ​របស់​លោក បុង ហ្គោ នឹង​ធ្វើ​ឱ្យ «កម្លាំង​របស់​ម៉ាកូស និង​ឌូតឺរតេ​រួបរួម​គ្នា»។

កូនស្រី​របស់​លោក ឌូតឺរតេ សម្រេច​ឈរ​ឈ្មោះ​ជា​អនុប្រធានាធិបតី​ហ្វីលីពីន​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​កន្លង​ទៅ។ អ្នកស្រី​បាន​ចាប់​ដៃ​គូ​ជាមួយ​បេក្ខភាព​ប្រធានាធិបតី លោក ម៉ាកូស។

អតីត​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​លោក Antonio Trillanes បាន​ប្រាប់​សារព័ត៌មាន South China Morning Post ថា លោក​ ឌូតឺរតេ ទំនង​ជា​ត្រូវ​រ៉ូវ​គ្នា​ជាមួយ លោក ម៉ាកូស ហើយ ទើប​លោក បុង ហ្គោ លែង​ឈរ​ជា​ប្រធានាធិបតី​បន្ត​ទៀត។

«ខ្ញុំ​ជឿជាក់​ថា​ ការ​ដក​ខ្លួន​របស់​លោក ហ្គោ​ នេះ អាច​បង្ហាញ​ពី​ការ​ផ្ដល់​សម្បទា​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​បក្ខពួក​លោក បុងបុង ម៉ាកូស និង​លោក ឌូតឺរតេ។ សម្បទា​នេះ​គឺ ការ​ការពារ​ [លោក ឌូតឺរតេ] ពី​ការ​កាត់ទោស​នានា ដោយ​រាប់​បញ្ចូល​ទាំង​តុលាការ​ព្រហ្មទណ្ឌ ICC ផង​ដែរ»។ នេះ​ជា​ការ​លើកឡើង​របស់​លោក Trillanes។

ក្នុង​ជំនាន់​លោក​ឌូតឺរតេ មាន​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​មួយ ដែល​បណ្ដាល​ឱ្យ​មនុស្ស​រាប់​ពាន់​បាន​បាត់បង់​ជីវិត ដោយ​មិន​ឆ្លង​កាត់​តាម​ផ្លូវ​តុលាការ។ ជាមួយ​នឹង​ករណី​នេះ​ដែរ កន្លង​មក តុលាការ​ ICC បាន​ប្រកាស​ធ្វើ​ការ​ស៊ើបអង្កេត​លើ​រឿង​នេះ តែ​ក្រោយ​មក​ក៏​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន៕

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner