អត្ថបទទស្សនាវដ្ដីប្រជាជន៖ គ្មានកម្លាំងណាមួយអាច រារាំងដំណើររីកចម្រើនរបស់កម្ពុជាបានទេ

ត្ថបទទស្សនាវដ្ដីប្រជាជន៖ ពីពេលនេះរហូតដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតសកលឆ្នាំ២០២៣ គឺជាដំណាក់កាលមួយដែលពួកមជ្ឈដ្ឋានអគតិ និងក្រុមប្រឆាំងផ្កាប់មុខខិតខំប្រឹងប្រែងធ្វើសកម្មភាពឲ្យសង្គមជាតិមានចលាចល បង្អាក់ដំណើរការនៃការបោះឆ្នោត បង្កើតឲ្យមានភាពល្អក់កករដល់រូបភាពនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជា។

បច្ចុប្បន្នគណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃសុទ្ធតែបានត្រៀមខ្លួន និងធ្វើ​ សកម្មភាពយ៉ាងមមាញឹកឆ្ពោះទៅរកម្ចាស់ឆ្នោតនៅមូលដ្ឋាន ដើម្បីដណ្តើមសមានចិត្តគាំទ្រពីសំណាក់ប្រជាជន។ រាល់សកម្មភាពរបស់បណ្តាគណបក្សនយោបាយ និងបណ្តាអង្គការសង្គមផ្សេងទៀតទទួលបានការលើកទឹកចិត្ត ការចូលរួម ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ស្របតាមគន្លងនីតិរដ្ឋ និងស្មារតីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។ អ្នកដែលមានសុភវិនិច្ឆ័យសុទ្ធតែបានវាយតម្លៃខ្ពស់អំពីដំណើរវិវត្តន៍ និងការរីកចម្រើនរបស់សង្គមជាតិកម្ពុជា ព្រមទាំងបង្ហាញផងដែរនូវសុទិដ្ឋិនិយមចំពោះដំណើរជាតិកម្ពុជាក្នុងរយៈពេលយូរអង្វែងទៅមុខ។

ផ្ទុយទៅវិញមជ្ឈដ្ឋានអគតិខាងក្រៅ និងពួកប្រឆាំងផ្កាប់មុខដែលមានមេដឹកនាំជាក្រុមឧទ្ទាមក្បត់ជាតិរត់ចោលស្រុកមិនដែលមើលឃើញពីសច្ចធម៌នេះទេ ហើយតែងតែប្រព្រឹត្តនូវទង្វើបញ្ច្រាសទិស បំពានការពិត ដើម្បីតែមហិច្ឆតាដ៏ល្ងឹតល្ងង់បំផុតរបស់ខ្លួន រហូតបាត់បង់ឧត្តមគតិ បាត់បង់មនសិការជាមនុស្ស និងក្លាយទៅជាតិរិច្ឆាន គួរខ្ពើមរអើមជាទីបំផុត។ ជាក់ស្តែង ក្នុងរយៈពេលកន្លងទៅនេះ ពួកគេបន្តការឃោសនាដដែលៗពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា បញ្ហាវត្តមានយោធាបរទេសនៅមូលដ្ឋានរាម រហូតទៅដល់ការដាក់ចេញនូវរបស់ដែលហៅថាការដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាពីររូប។ នេះគឺជាទង្វើអយុត្តិធម៌ មានចេតនាទុច្ចរិតខាងនយោបាយ ក្នុងគោលបំណងបន្តុះបង្អាប់ និងធ្វើឲ្យខូចកិត្តិយសរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។ ពួកឧទ្ទាមក្បត់ជាតិក៏នៅតែបន្តវាយប្រហារថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងធ្វើការប្រមាថទៅដល់ព្រះមហាក្សត្រជាទីសក្ការៈ។ ប៉ុន្តែពួករត់ចោលស្រុកទាំងនេះ ស្ពាយជាប់តែសំពាយកម្ម ដោយសារតែទង្វើរបស់ខ្លួន មានរឿងក្តីក្តាំច្រើនណាស់នៅក្នុងតុលាការ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ ព្រមទាំងសកម្មជនក្រុមប្រឆាំងក្រៅច្បាប់សរុបចំនួន៤២នាក់ឲ្យចូលខ្លួននៅក្នុងសវនការតុលាការ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលការជំនុំជម្រះទោសលើបទចោទប្រកាន់”រួមគំនិតក្បត់ជាតិ” និង”ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” នៅពេលដែលពួកនេះ អំពាវនាវឲ្យ​កងទ័ពផ្តាច់ខ្លួនប្រឆាំងរាជរដ្ឋាភិបាលដែលនោះគឺជា”រដ្ឋប្រហារ” ជាអំពើវិទ្ធង្សនា និងជាឧក្រឹដ្ឋកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខនៃរដ្ឋប្រព្រឹត្តទៅកាលពី២ឆ្នាំមុន។ ឯក្តីស្រមើស្រមៃ និងក្តីសង្ឃឹមណាមួយដែលថា អតីតគណបក្សសង្គ្រោះជាតិ ដែលជាយន្តការសកម្មនៃចលនាបដិវត្តន៍ពណ៌នឹងបានរស់មកវិញក៏បិទបញ្ចប់ទៅហើយដែរ ពីព្រោះថា អតីតមេដឹកនាំខ្មោចគណបក្សនេះរត់ប្រាសស្រុក និងបែកបាក់គ្នាអស់ទៅហើយ រចនាសម្ព័ន្ធគណបក្សនៅក្នុងប្រទេសត្រូវរលាយខ្ចេច​ សូម្បីតែទីស្នាក់ការគណបក្សខ្មោចមួយនេះក៏ត្រូវតុលាការរាជធានីភ្នំពេញចេញដីកាចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចដាក់លក់ដោយបង្ខំយកលុយមកសងដើមបណ្តឹងដែរ។

មកដល់ពេលនេះ ពួកមជ្ឈដ្ឋានអគតិ ពួកប្រឆាំងផ្កាប់មុខ ដែលមានជនឧទ្ទាមក្បត់ជាតិជាមេក្លោងមិនអាចសម្រេចបាននូវរាល់ឧបាយកល និងទង្វើដ៏ថោកទាបរបស់ខ្លួនណាមួយបានឡើយ។ ប្រជាជនកម្ពុជាកាន់តែមើលឃើញច្បាស់នូវចរិតពិសពុល បំផ្លិចបំផ្លាញសង្គមជាតិ និងអូសទាញប្រទេសជាតិឲ្យធ្លាក់ទៅក្នុងភាពចលា​ច​ល ​​ដែលបង្កឡើងដោយពួកទាំងនេះ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជាទទួលបាននូវផលប្រយោជន៍គ្រប់បែបយ៉ាងទាំងអស់ សូម្បីតែក្នុងដំណាក់កាលនៃវិបត្តិសកលជំងឺកូវីដ-១៩ ក៏យើងជំនះបាននូវរាល់ការលំបាក ដែលមកដល់ពេលនេះ កម្ពុជាអាចបើកប្រទេសឡើងវិញលើគ្រប់វិស័យ។ ជាក់ស្តែងនៅក្នុងឱកាសបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រជាជនប្រមាណ១លាន​នាក់បានចេញធ្វើដំណើរទេសចរណ៍ផ្ទៃក្នុង ក្នុងក្របខណ្ឌទូទាំងប្រទេសប្រកបដោយសុវត្ថិភាព ការទទួលខុស​ត្រូវ បង្កើតបាននូវក្តីសប្បាយរីករាយក្នុងគ្រួសារ និងក្នុងសង្គមជាតិទាំងមូល។ ជាមួយគ្នានេះ យើងក៏មានសុទិដ្ឋិនិយមកាន់តែច្រើនចំពោះការកើនឡើងវិញនូវកំណើនសេដ្ឋកិច្ច ជីវភាពសង្គម ជាពិសេសនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ ដែលនឹងបង្កជាបុព្វបទដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសនៅឆ្នាំ២០២២ខាងមុខ។

យើងមើលឃើញច្បាស់ហើយថា គ្មានកម្លាំងណាមួយអាចមកទប់ស្កាត់ រារាំងដំណើរឈានទៅមុខរបស់កម្ពុជាបានឡើយ។ មជ្ឈដ្ឋានណាក៏ដោយ ដែលនៅតែចិញ្ចឹមគំនិតបំផ្លិចបំផ្លាញ បន្ទុចបង្អាក់ និងធើ្វឲ្យរំាងស្ទះជំហានលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាត្រូវតែទទួលបានទៅវិញនូវភាពបរាជ័យយ៉ាងអាមាស់តែប៉ុណ្ណោះ ដូចដែលពួកគេធ្លាប់បានទទួលជាញឹកញប់រួចមកហើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner