ក្រុមហ៊ុន សោម៉ា គ្រុប ផ្តល់សម្ភារៈ និងបច្ចេកទេសថែទាំកេសរកូល នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

នាយកដ្ឋានជីវៈចម្រុះនៃអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅថ្ងៃចន្ទទី០៦ ខែធ្នូ ឆ្នាំ២០២១ បានទទួលកេសរកូលពូជបង្កាត់ចំនួន១៥០ត្រេ ស្មើនឹងចំនួន៦០០គុម្ព ស្រកីដូងចំនួន១០០០ដុំ និងជីបំប៉នចំនួន ៧៥គីឡូក្រាម សម្រាប់ថែទាំកេសរកូលនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ពីក្រុមហ៊ុន សោម៉ា គ្រុប។

លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងអំពីភាពចាំបាច់នៃសម្ភារទាំងអស់នេះ ដែលរួមចំណែកគាំទ្រដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មជ្ឈមណ្ឌល ហើយជាពិសេសការបង្ហាត់បង្ហាញពីបច្ចេកទេសក្នុងការបំបែកកូនកេសរកូលថ្មីរួមទាំងវិធីសាស្ត្រដាំ និង ថែទាំដោយក្រុមការងារជំនាញរបស់ ក្រុមហ៊ុន សោម៉ា គ្រុប គឺជាចំណេះដឹង យ៉ាងសំខាន់ដល់ក្រុមការងារមជ្ឈមណ្ឌល និងមន្ត្រីឧទ្យានុរក្សដើម្បីយកមកអនុវត្តបន្ត។ លោកជំទាវក៏បានលើកឡើងពីវឌ្ឍនភាព និងសកម្មភាពការងារអាទិភាពនានារបស់មជ្ឈមណ្ឌលដែលត្រូវអនុវត្តផ្អែកតាមប្លង់មេដែលបានរៀបចំឡើង រួមទាំងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងវិស័យឯកជនដើម្បីសម្រេចបានតាមគោលបំណង និងចក្ខុវិស័យរបស់មជ្ឈមណ្ឌល។

ក្នុងឱកាសនោះផងដែរ លោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប ក៏បានបញ្ជាក់ពីជំហររបស់ក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន ក្រុមហ៊ុនសោម៉ាគ្រុប និងកសិដ្ឋានសោម៉ា លើកិច្ចសហការចូលរួមចំណែកនិងបន្តគាំទ្រដល់ការអភិវឌ្ឍមជ្ឈមណ្ឌល និងជំនួយបច្ចេកទេសនានាផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner