ប្រជាសហគមន៍រស់នៅលើខ្នងភ្នំគូលែនចិញ្ចឹមជ្រូកកណ្តុរលក់ រកចំណូលបានមួយឆ្នាំ៣-៤ពាន់ដុល្លារ

ខេត្តសៀមរាប៖តាមរយៈការចិញ្ចឹមជ្រូកកណ្តុរ ឬនៅតំបន់ខ្លះហៅថាជ្រូកឦសានដែលគេស្គាល់ជាជ្រូកពូជរបស់ជនជាតិដើម ភាគតិចត្រូវបានប្រជាសហគមន៍រស់នៅលើខ្នងភ្នំគូលែន ខេត្តសៀមរាបឱ្យដឹងថាពួកគាត់អាចរកចំណូលបានក្នុងមួយឆ្នាំ ៣០០០-៤០០០ដុល្លារ ហើយដែលអាចជួយទ្រទ្រង់ជីវភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។

    លោក ស៊ឹម សុខ ជាប្រជាសហគមន៍រស់នៅក្នុងតំបន់ការពារធម្មជាតិព្រៃធំពពេលស្ថិតនៅ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបបានឱ្យដឹងថាគាត់ជាអ្នកចិញ្ចឹមជ្រូកកណ្តុរដើម្បីលក់កូនសម្រាប់អាំងឬខ្វែ និងពេលខ្លះបាននាំចេញលក់ទៅតាមបណ្តាខេត្តមួយចំនួនទៀតនៅកម្ពុជា។

          ជ្រូកដែលគាត់ចិញ្ចឹមនេះមានមេជាង១០ក្បាល ហើយអាចផ្តល់កូនសម្រាប់លក់ក្នុងកន្លះឆ្នាំចាប់ពី១០០០-២០០០ដុល្លារហើយបើគិតក្នុងមួយឆ្នាំចំណូលជាប្រាក់ចំណេញអាចរកបានខ្ទង់ពី៣០០០-៤០០០ដុល្លារ។

          បុរសវ័យ៤៨ឆ្នាំដែលចិញ្ចឹមជ្រូកណ្តុរជាច្រើនឆ្នាំមកហើយរូបនេះបានឱ្យដឹងបន្ថែមថា ក្រៅពីចិញ្ចឹមជ្រូកគាត់ក៏មានចិញ្ចឹមមាន់គ្រាន់រកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារដែរ។ក្នុងទំហំដី២០គុណ៦០ម៉ែត្រគាត់បានរៀបចំទីកន្លែងចិញ្ចឹមជ្រូកនិងមាន់ ហើយទំហំដីប៉ុននេះគាត់អាចរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារបានយ៉ាងសុខស្រួល។

        លោក ស៊ឹម សុខ អ្នកចិញ្ចឹមជ្រូកកណ្តុរច្រើនតំណមកហើយ នៅលើខ្នងភ្នំគូលែននេះបានរៀបរាប់ឱ្យដឹងដែរថា ជ្រូកកណ្តុរជាប្រភេទសត្វងាយស្រួលចិញ្ចឹម ស៊ីចំណីធម្មជាតិដូចជាដើមចេក កន្ទក់ ឬអ្វីផ្សេងពីនេះ ហើយនៅពេលជ្រូកទម្ងន់ចាប់ពី៦គីឡូដល់ជាង១០គីឡូក្រាមគាត់អាចលក់ជ្រូករស់បានមួយក្បាលតម្លៃ៤០ម៉ឺនរៀល ប៉ុន្តែបើគេទិញអាំងឬខ្វៃលោកលក់ក្នុងតម្លៃចាប់ពី៥៥០០០០-៦០០០០០រៀល។

      ពាក់ព័ន្ធនឹងរឿងជ្រូកនេះដែរបុរសចិញ្ចឹមជ្រូកកណ្តុររូបនេះបានណែនាំដល់ក្រុមអ្នកអ្នកទេសចរនិងពលរដ្ឋកម្ពុជាមិនត្រូវចាញ់បោកគេឡើយពីព្រោះថាជ្រូកកណ្តុរគឺជាជ្រូកងាយចំណាំគឺមានច្រមុះស្រួច ជើងតូច ត្រចៀកតូច ហើយបើខុសលក្ខណៈនេះគឺជាជ្រូកធម្មតាទេ។

      បុរសរូបនេះបានឱ្យដឹងបន្ថែមថា ជ្រូកកណ្តុរចិញ្ចឹមតាមបែបធម្មជាតិ ទាំងស្បែក និងសាច់មានរសជាតិឆ្ងាញ់ ជាងជ្រូកនាំចូល។

            លោក ឈឿម តាំង មេឃុំ ខ្នងភ្នំ ស្រុក ស្វាយលើ ខេត្តសៀមរាបបានបញ្ជាក់ប្រាប់ថា ពលរដ្ឋជាច្រើនស្ទើរសឹងទាំងអស់ឬប្រមាណជិត៩០ភាគរយហើយនៅក្នុងសហគមន៍របស់លោកដែលរស់នៅលើ ខ្នងភ្នំគូលែនបាននាំគ្នាចិញ្ចឹមជ្រូកកណ្តុរលក់។

          មេឃុំរូបនេះបានបញ្ជាក់ឱ្យដឹងដែរថា ដើម្បីជំរុញលើកទឹកចិត្តដល់ប្រជាសហគមន៍ចាប់យកមុខរបរនេះមន្រ្តីមូលដ្ឋាន អង្គការពាក់ព័ន្ធនិងពិសេសក្រសួងបរិស្ថានបានផ្តល់ពូជជ្រូកនិងវគ្គបណ្តុះបណ្តាលពីបច្ចេកទេសចិញ្ចឹមជ្រូកកណ្តុរឱ្យទទួលបានទិន្នផលខ្ពស់ ដើម្បីបន្ថែមប្រាក់ចំណូលដល់ពួកគាត់។

          គួរបញ្ជាក់ថាជ្រូកកណ្តុរ ជាប្រភេទជ្រូកកំពុងមានឈ្មោះបោះសម្លេងក្នុងស្រទាប់អ្នកបរិភោគដោយសារមានរស់ជាតិឆ្ងាញ់ ពុំសូវមានខ្លាញ់  ។វាជាប្រភេទជ្រូកកាត់ជ្រូកស្រុកនិងជ្រូកព្រៃ និងការចិញ្ចឹមលក្ខណៈបែបធម្មជាតិ ។សម្រាប់ពេលបច្ចុប្បន្នប្រជាសហគមន៍ចិញ្ចឹមយកកូនដើម្បីយកទៅអាំង ឬខ្វៃសម្រាប់បំពេញតម្រូវការទីផ្សារ។

      សូមរំលឹកដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួនពីរគឺសហគមន៍ព្រៃធំពពេល និងសហគមន៍ព្រៃធំអន្លង់ធំនៅលើឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែនដោយគម្រោងបានយកចិត្តទុកដាក់ពង្រឹងលើផ្នែកទេសចរណ៍ធម្មជាតិ មានទាំងកិច្ចការងារបដិសណ្ឋារកិច្ច ការនាំភ្ញៀវនិងការអភិរក្សជាដើម។លើសពីនេះគម្រោងក៏ជួយឲ្យមានកំណើនជីវភាពប្រជាសហគមន៍តាមរយ:ការបង្កើនចិញ្វឹមសត្វជ្រូកកណ្តុរ ការចិញ្ចឹម មាន់និងឃ្មុំព្រៃផងដែរ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner