វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានរៀបចំសន្និសីទសារព័ត៌មានអំពីព្រឹត្តិការណ៍ ឌីជីថលកម្ពុជា ២០២០

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានរៀបចំសន្និសីទសារព័ត៌មានអំពីព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០ (Digital Cambodia 2020)” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។

ព្រឹត្តិការណ៍ Digital Cambodia 2020 នឹងត្រូវបានរៀបចំចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅសាលពិព័រណ៍កោះពេជ្រ ដែលមានវិទ្យាស្ថានជាតិ NIPTICT ជាម្ចាស់ព្រឹត្តិការណ៍, គាំទ្រដោយក្រសួងចំនួន ០៦ រួមមាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម, និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងទទួលបានការសហការឧបត្ថម្ភដោយមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលក្នុងនោះចំណែកវិភាគទានធំពី ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន Viettel (Cambodia) និង ICT Division។

ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយក្រុមហ៊ុន Sabay Digital Corp. និងក្រុមហ៊ុន COMPASS Advertising។
ព្រឹត្តិការណ៍ Digital Cambodia 2020 ជាព្រឹត្តិការណ៍ឈានមុខប្រចាំឆ្នាំលើកទី២របស់ព្រះរាជាណាចក្រកម្ពុជាលើវិស័យបច្ចេកវិទ្យាឌីជីថលដែលមានគោលបំណងបង្កើត Platform ថ្នាក់ជាតិដើម្បី ១. បង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់ការវិនិយោគវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា, ២. បង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយនិងគតិយុត្ត និងផលិតផលនិងសេវាពាក់ព័ន្ធនឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន, ៣. បញ្ជ្រាបអំពីសារៈសំខាន់និងភាពមិនអាចខ្វះបាននៃវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជននិងស្ត្រី ក្នុងន័យធ្វើឱ្យប្រសើរឡើងនៃការអប់រំសម្រាប់សិស្ស-និស្សិត និងជំនាញបច្ចេកទេស បង្កើនប្រសិទ្ធភាពការងារនិងផលិតភាព និងពង្រឹងភាពប្រកួតប្រជែងសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមរបស់កម្ពុជាលើឆាកតំបន់និងអន្តរជាតិ, ៤. កៀរគរគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមមាន ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិនិងអន្តរជាតិ អាជីវកម្មបង្កើតថ្មី (Tech Startup) អ្នកវិជ្ជាជីវៈ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងឧត្តមានុវត្តន៍ និងពិភាក្សាយោបល់អំពីនិន្នាការថ្មីៗ ក៏ដូចជាអំពីបញ្ហាប្រឈមនានាលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ, ៥. ជំរុញលើសហគ្រិនភាព និងនវានុវត្តន៍ថ្មីៗ, និង៦. អភិវឌ្ឍបណ្តាញអាជីវកម្មរវាងអាជីវកម្មបង្កើតថ្មី (Startup) ជាមួយសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម។

ឯកឧត្តមបណ្ឌិត សេង សុភាព បានឱ្យដឹងថា “ព្រឹត្តិការណ៍ Digital Cambodia 2020 នេះ គឺជាលើកទី២ហើយដែលវិទ្យាស្ថានជាតិ NIPTICT ធ្វើជាម្ចាស់ព្រឹត្តិការណ៍។ Digital Cambodia 2020 ត្រូវបានរៀបចំឡើងក្រោមប្រធានបទ Digital Talents។ ក្នុងនាមជាប្រធានវិទ្យាស្ថានជាតិ NIPTICT ដែលជាគ្រឹះស្ថានអប់រំ និងស្រាវជ្រាវលើវិស័យបច្ចេកវិទ្យាឌីជីថលនិងជំនាញដល់យុវជន ឯកឧត្តម ជឿជាក់ថា ព្រឹត្តិការណ៍ Digital Cambodia 2020 នឹងក្លាយជាវេទិកាមួយដែលប្រមូលផ្តុំយុវជនឱ្យមកចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាឌីជីថល ដែលជាវិស័យអាទិភាពនិងជាឆ្អឹងខ្នងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា មានប្រសាសន៍ថា ព្រឹត្តិការណ៍ Digital Cambodia 2020 ជាផ្នែកមួយការចូលរួមចំណែកឱ្យសម្រេចបាននូវផែនការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០១៩ និង២០២០ ដែលបានដាក់ចេញដោយក្រុមប្រឹក្សាមូលនិធិ ស.អ. ពោលគឺដើម្បី ១. ជំរុញការអភិវឌ្ឍធនធានមនុស្សខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ២. ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ នវានុវត្តន៍ ខាងផ្នែក  បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង៣. ជំរុញការអភិវឌ្ឍ Tech Startup Ecosystem ។គួរបញ្ជាក់ផងដែរថា Digital Cambodia 2020 នឹងមានការចូលរួមពីរដ្ឋមន្ត្រីទូរគមនាគមន៍និងព័ត៌មានវិទ្យាអាស៊ាន និងវាគ្មិនដែលបានចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រមាណ ១២០ រូប ។

ព្រឹត្តិការណ៍នេះក៏មានការតាំងពិព័ណ៌ប្រមាណ ១៧០ ស្តង់ និងសង្ឈឹមថានឹងមានអ្នកចូលរួមលើសពី ៣០, ០០០ នាក់ មកពីស្ថាប័នជាតិ និងអន្តរជាតិ រួមមាន ស្ថាប័នរាជរដ្ឋាភិបាល ទូត ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ អាជីវកម្មបង្កើតថ្មី (Tech Startup)   អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner