ក្រសួងសុខាភិបាល ដាក់ចេញគោលការណ៍ណែនាំ ៣ចំណុច ក្រើនរំលឹកពង្រឹងបន្ថែមដល់អភិបាលរាជធានី-ខេត្ត នូវការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានផ្ញើលិខិតជូនអភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីការក្រើនរំលឹកពង្រឹងបន្ថែមទៀត នូវការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លិខិតរបស់លោក ម៉ម ប៊ុន ហេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែធ្នូនេះ បានលើកឡើងថា ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែងដល់ អភិបាលរាជធានី-ខេត្ត រួមទាំងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ មន្ត្រីពាក់ព័ន្ធ និងអ្នកស្ម័គ្រចិត្ត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលរហូតមកដល់ពេលនេះ ទទួលបានលទ្ធផលគួរជាទីមោទនៈ។

ដើម្បីឲ្យកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ កាន់តែមានប្រសិទ្ធភាពថែមទៀត ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកពង្រឹងបន្ថែមទៀត នូវការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយដាក់ចេញនូវការណែនាំដូចខាងក្រោម៖
១៖ ខិតខំជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានសម្រេចគោលដៅ។

២៖ យកចិត្តទុកដាក់ថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមទីតាំងព្យាបាល និងមន្ទីរពេទ្យ ក៏ដូចជានៅតាមផ្ទះធ្វើយ៉ាងណាកាត់បន្ថយ ឲ្យបានជាអតិប្បរមានូវអត្រាឈឺធ្ងន់ និងស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានល្អ និងគ្រប់ជ្រុងជ្រោយ តាមមគ្គុទេសក៍សម្រាប់គ្រប់គ្រង និងព្យាបាលជំងឺកូវីដ-១៩ នៃព្រះរាជាណាចក្រកម្ពុជា ដែលចេញដោយក្រសួងសុខាភិបាល។

៣៖ ធ្វើការអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋប្រតិបត្តិឲ្យបានត្រឹមត្រូវ នូវវិធានការសុខាភិបាល ដោយរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន «៣ការពារ ៣កុំ» សំដៅធ្វើយ៉ាងណាកាត់បន្ថយអត្រាឆ្លងថ្មី ឲ្យបានជាអតិប្បរមា។

សូមជម្រាបថា រយៈពេល២ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ។ គិតត្រឹមថ្ងៃទី២1 ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០,៤២៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦,៨១៥នាក់, ស្លាប់សរុបចំនួន ៣,០០៥នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner